(បរទេស)៖ ហេតុការណ៍អកុសលមួយ បានកើតឡើងស្ទើរតែមិនចង់ជឿថា ស្ត្រីពីរនាក់ដែលជាបងប្អូន នឹងគ្នាបានក្លាយជាស្ត្រីមេម៉ាយ ក្នុងពេលតែមួយ ខណៈដែលប្តីរបស់ពួកគេ ដែលជាមិត្តល្អនឹងគ្នា បានលង់ទឹកស្លាប់ទាំងពីរនាក់។
គ្រួសារប្តីប្រពន្ធពីរនាក់នេះ រស់នៅ lowa ហើយមកសម្រាកវិស្សមកាល នៅរដ្ឋ Missouri ជិតបឹង Ozarks ហើយបានជិះទូកបណ្តែតលេង ស្រាប់តែមួយសន្ទុះក្រោយមក បុរសរងគ្រោះអាយុ ៤០ឆ្នាំម្នាក់ ឈ្មោះ Jacob B. Seeman បានលោតចុះទឹក ដើម្បីទប់ទូកកុំឲ្យអណ្តែតឆ្ងាយ តែមើលទៅមិនស្រួល បុរសម្នាក់ទៀត ជាបងថ្លៃហើយ ក៏ជាមិត្តល្អនឹងគ្នាដែរ ឈ្មោះ Dennis J. Michel អាយុ៤៦ឆ្នាំឃើញបែបនេះ ក៏លោតទៅជួយ តែអកុសលពួកគេក៏លង់ទឹកស្លាប់ទាំងពីរនាក់ ក្រោមក្រសែភ្នែកប្រពន្ធ ដែលមិនអាចជួយអ្វីកើត ក្រៅពីព្យាយាមទូរស័ព្ទប៉ូលិសពីរឿងនេះ ហើយទម្រាំសមត្ថកិច្ច និងក្រុមសង្គ្រោះមកដល់ស្រង់ឡើងគោកបាន បុរសទាំងពីរបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍ស្មានមិនដល់នេះ ធ្វើឲ្យសមាជិកគ្រួសារអ្នកទាំងពីរ ស្លុតចិត្តណាស់ ដោយមិនស្មានថា ត្រូវបាត់បង់មនុស្សពីរនាក់ក្នុងពេលតែមួយ ធ្វើឲ្យស្ត្រីពីរនាក់ត្រូវមេម៉ាយ។ បុរសរងគ្រោះទាំងពីរ គឺម្នាក់ធ្វើការជាបុគ្គលិកប្រៃសណីយ៍ ហើយម្នាក់ធ្វើការនៅកសិដ្ឋានគ្រួសារ ចំណែកស្ត្រីជាប្រពន្ធទាំងពីរនាក់ បើកសាលាបង្រៀនក្មេងតូចៗ នៅ lowa៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង