ព័ត៌មានកីឡា៖ រូបសំណាកជាទីស្រលាញ់បំផុតរបស់ កីឡាករ Ronaldo ដែលបានសាងសង់លើទឹកដីកំណើតកាលពីឆ្នាំ ២០១៤ ដើម្បីអបអរសាទរ ជោគជ័យទទួលបានពានរង្វាន់បាល់មាសប្រចាំឆ្នាំ ត្រូវបានជនខិលខូច មិនស្គាល់មុខ បាញ់ថ្នាំជាឈ្មោះរបស់ កីឡាករ Messi នៅផ្នែកខាងក្រោយខ្នង ធ្វើឲ្យមានការខឹងសម្បារពីម្ចាស់ដើម។
របាយការណ៍ចេញពីប្រទេសអេស្ប៉ាញ និងព័រទុយហ្គាលបានបង្ហាញឲ្យដឹងថា រូបសំណាក កីឡាករ Cristiano Ronaldo ដែលសាងសង់ក្នុងទឹកដីកំណើតនៅលើកោះ Madeira ប្រទេសព័រទុយហ្គាល បានត្រូវជនខិលខូចលួចទៅ បាញ់ថ្នាំពណ៌ចេញជាឈ្មោះកីឡាករ Lionel Messi ទៅវិញ កាលពីថ្ងៃប្រកាសលទ្ធផលអ្នកទទួលពានរង្វាន់ជើងបាល់ទាត់ពិភពលោក ។ សកម្មភាពបំផ្លាញ់សម្បត្ដិសាធារណៈ មួយនេះត្រូវបានគេកត់សំគាល់ថា ធ្វើឡើងនៅវេលា បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ត្រូវបានបញ្ចប់ បង្ហាញលទ្ធផលថា Ronaldo ត្រូវចាញ់ការប្រកួតប្រជែងនេះ ។ ចំណែកមន្ដ្រីអាជ្ញាធរក៏បានធ្វើការសំអាតលុបចេញវិញ នៅថ្ងៃអង្គារ នឹងថែមទាំងមានការចាត់វិធានការស្វែងរកជនខិលខូចនោះផងដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ espnfc