ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សំដៅលើមនុស្សនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃក្រុង Munich ភាគ
ខាងត្បូងអាល្លឺម៉ង បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ១០នាក់ និងរងរបួស ២១នាក់ មុនពេល
ខ្មាន់កាំភ្លើងធ្វើអត្តឃាត។
នាយកនគរបាល Hubertus Andra បានឱ្យដឹងថា ខ្មាន់កាំភ្លើងរស់នៅក្នុងក្រុង Munich តាំងពីយូរ
មកហើយ ម្យ៉ាងគេក៏ពុំធ្លាប់មានបញ្ហាទាក់ទឹននឹងព្រហ្មទណ្ឌអ្វីមួយនោះដែរ។ នៅពេលសួរអំពីការ
បាញ់ប្រហារ នាយនគរបាលខាងលើ ប្រាប់ថា បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ទំព័រ Reuters បានចុះផ្សាយថា នគរបាលឱ្យដឹងថា មានអ្នកស្លាប់យ៉ាងតិច ១០នាក់ រាប់ទាំង
ខ្មាន់កាំភ្លើង។
អំពើហឹង្សានេះ បានចាប់ផ្ដើមនៅវេលាម៉ោងប្រហែល ១៨ នៅពេលបុរសម្នាក់បានបាញ់រះនៅក្នុង
ភោជនិយដ្ឋាន McDonald's ខាងក្រៅផ្សារ Olympia។ ភ្លាមនោះ នគរបាលក៏បានមកដល់កន្លែង
កើតហេតុ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា “ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានផ្ទុះឡើង ខ្ញុំមិនអាច
និយាយថា ប៉ុន្មានគ្រាប់នោះទេ ប៉ុន្តែ វាច្រើនគ្រាប់”។
រូបភាពនៅក្នុងទូរទស្សន៍បង្ហាញថា មានរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង ចតនៅមុខមជ្ឈ
មណ្ឌលពាណិជ្ជកម្ម Olympia នៅក្បែរ Olympic ក្នុងក្រុង Munich។
Reuters បានដកស្រង់សំដីអ្នកនាំពាក្យនគរបាល ឱ្យដឹងថា មានអ្នកស្លាប់ និងរងរបួសជាច្រើន
សិបនាក់ ក្នុងការផ្ទុះអាវុធនេះ ហើយនគរបាលកំពុងឡោមព័ន្ធមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ។
កាសែត Die Welt ចុះផ្សាយថា សមត្ថកិច្ចក្រុង Munich បានប្រកាសអាសន្ន ដោយប្រើប្រព័ន្ធ
ទូរស័ព្ទរបស់ក្រុង។ ប្រជាជនត្រូវបានគេព្រមាន មិនឱ្យចាកចេញពីផ្ទះ ៖ “ដើម្បីសុវត្ថិភាព ចូរ
ជៀសវាងទីលាន និងទីប្រជុំជនដែលមានមនុស្សច្រើន។ រថភ្លើង និងរថយន្តក្រុង ត្រូវផ្អាកដំណើរ
ការ។ សូមបើកវិទ្យុ និងទូរទស្សន៍”។
នគរបាលក្រុង Munich ក៏បានអំពាវនាវប្រជាជន មិនឱ្យបង្ហោះរូបភាពនគបាលនៅកន្លែងកើតហេតុ ដើម្បីកុំឱ្យជនល្មើសទទួលបានដំណឹងដែលមានប្រយោជន៍សម្រាប់ពួកគេ។
ប្រែសម្រួល ៖ បុត្រា