CamNews

តារា 

គង់ សូនីតា ប្រុសនៅ​ក្រៅ​ប្រទេស​២​នាក់ ប្រជែង​ស្នេហ៍

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងនាង គង់ សូនីតា កាលពីកន្លងមកថ្មីៗនេះ បានផ្ទុះចេញនូវរឿងរ៉ាវ អាស្រូវស្នេហាលួចលាក់រហូត បានកូនស្រីម្នាក់ជាមួយតារាសម្តែង ប្រុសលោក វ៉ាន់ រ៉ាវត្ថិ ប៉ុន្តែទីបញ្ចប់ក្រោយពេលបុរសរូបនេះបានដឹងថា តារាសម្តែងគង់ សូនីកា មានកូនជាមួយបែរជាដោះដៃមិនទទួលស្គាល់កូននោះទៅវិញ ។

ទន្ទឹមនឹងការបែកធ្លាយព័ត៌មានជុំវិញការបែកបាក់ សម្ព័ន្ធភាពស្នេហាក្រៅឆាករវាង តារាសម្តែង គង់ សូនីតា ព្រោះតែរឿងមិនព្រមទទួលស្គាល់ កូនខ្លួនឯងពីសំណាក់ លោក វ៉ាត់ រ៉ាវត្ថិ នេះដែរបានធ្វើឲ្យបុរសៗអ្នកសម្បូរទ្រព្យក្នុងស្រុក និងក្រៅស្រុកមួយចំនួន ដាក់ការចាប់អារម្មណ៍ចង់ល្បងស្នេហ៍ស្តូចយកបេះដូង របស់អ្នកមេម៉ាយកូនមួយ រូបនេះយកទៅស្អំព្យាបាល ដំដៅស្នេហ៍ចាស់ជាថ្មីឡើងវិញ ។

ផ្អែកតាមប្រភពពីអ្នកជិតដិតជាមួយតារាស្រីរូបនេះបានបង្ហើបថា អ្នកមេម៉ាយរូបស្រស់កូន១ គង់ សូនីតា ក្រោយពីចេញមុខប្រកាសទម្លាយអាថ៌កំបាំង ស្នេហាលួចលាក់ ឈានដល់ដំណាក់កាលជ្រុលជ្រួស បានកូនមួយតែឪពុកមិនទទួលស្គាល់ ដោយការដោះដៃរត់ចោលមកនោះមក ឥឡូវនេះនាងកំពុងតែមានពន្លឺជីវិតថ្មីឡើងវិញ ខណៈមានបុរសអាណិកជនខ្មែរ រស់នៅ២ប្រទេសផ្សេងគ្នាបានឃើញ និងអាណិត រួចក៏ទាក់ទងមកសុំរៀបការជាមួយ ដើម្បីធានាយកនាង និងកូនបានចេញទៅរស់ស្រុកក្រៅ ជាមួយគ្នា ។

ប្រាប់គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នេះតារាសម្តែងកូន១ អ្នកនាង គង់ សូនីតា បានប្រាប់ឲ្យដឹងថា នាងពិតជាមាន អ្នករស់នៅក្រៅប្រទេស ទាក់ទងមកសុំស្រឡាញ់មែន ប៉ុន្តែត្រង់ចំណុចនេះ នាងមិនទាន់សម្រេចចិត្តច្បាស់នៅឡើយទេ ព្រោះអីក្នុងពេលឥឡូវនេះ ខ្លួននៅមិនទាន់បាត់ការឈឺចាប់ រឿងស្នេហ៍ចាស់នៅឡើយទេ ។

ម្យ៉ាងទៀតកូនរបស់នាងពេលនេះ ក៏នៅតូចនៅឡើយ ដូច្នេះហើយទើបមិនទាន់គិត ដល់រឿងនេះជាថ្មីឡើងវិញ មិនចង់ឲ្យអ្នកថ្មីចូលមកគ្រប់គ្រងលើជីវិតខ្លួនឯង ក៏ដូចជាកូនរបស់នាង ។ តែប្រសិនជាដល់ពេលត្រូវសម្រេចជ្រើសរើស យកបុរសណាម្នាក់ មកធ្វើជាគូអនាគត នោះក៏ត្រូវប្រើរយៈពេលមើលពីចិត្តរបស់គេ ឲ្យបានយូរផងដែរ មុននឹងយល់ព្រមទទួលយក ។

តារាសម្តែងនាង គង់ សូនីតា បាននិយាយបន្តថា «បច្ចុប្បន្នកំពុងមានបុរសព២នាក់ ទាក់ទងស្រឡាញ់ខ្ញុំ ម្នាក់គាត់រស់សហរដ្ឋអាម៉េរិក ចំណែកម្នាក់ទៀតរស់ នៅប្រទេសអូស្រ្តាលី ។ ពួកគាត់ទាំងពីរសុទ្ធតែធ្លាប់បាននិយាយសន្យាថា ចង់ជួយចិញ្ចឹខ្ញុំ និងកូន ព្រោះគាត់អាណិតពេលឃើញខ្ញុំជួបបញ្ហានេះ តែយ៉ាងណាក៏ដោយ ខ្ញុំនៅមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះសុទ្ធតែនៅឆ្ងាយពីគ្នា ម្យ៉ាងរបួសស្នេហ៍ចាស់ក៏មិនទាន់ជានៅឡើយ...!» ។

អ្នកមេម៉ាយវ័យក្មេង គង់ សូនីតា បានបញ្ជាក់ថា រវាងអាណិកជនខ្មែររស់នៅក្រៅស្រុកទាំងពីរនាក់ខាងលើនេះ បើសិនឲ្យនាងសម្រេចចិត្តជ្រើសរើស ដើម្បីស្វែងមើលពីចិត្តគ្នា សិននោះគឺនាងបានគិតទុកក្នុងចិត្តហើយថា ជ្រើសយកបុរសរស់នៅប្រទេសអូស្រ្តាលី ព្រោះអីបុរសម្នាក់នេះបានស្គាល់ពីគ្រួសាររបស់នាង និងធ្លាប់បាននិយាយទូរស័ព្ទ ជាមួយម្តាយនាង ថែមទាំងដឹងពីរឿងនាងមានកូនទៀតផង ។ ប៉ុន្តែក្នុងដំណាក់កាលនេះនាងមិនទាន់ ឆ្លើយយល់ព្រមថា ស្រឡាញ់ទេ ចង់ទុកពេល មើលចិត្តគ្នាមួយរយៈពេលធំទៀតសិន ៕

 


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh