យោងតាមមន្ត្រីសុខាភិបាល បានឱ្យដឹងថា ករណីឆ្លងវីរុសហ្សីកា(Zika) ឆ្នាំ២០១៧ តាមរយៈការរួមភេទ ដំបូងគេបង្អស់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញ និងអះអាងបញ្ជាក់នៅក្នុង Pinellas County រដ្ឋ Florida សហរដ្ឋអាមេរិក។
នាយកដ្ឋានសុខាភិបាលរដ្ឋផ្លរីដា បានធ្វើសេចក្តីប្រកាសអំពីការឆ្លងវីរុសនេះ កាលពីថ្ងៃអង្គារ។ មន្រ្តីសុខាភិបាល បានសង្កត់ធ្ងន់ថា មកទល់នឹងពេលនេះ ពុំមានភស្តុតាងណាមួយ ដែលបញ្ជាក់ថា មូសជាភ្នាក់ងារចម្លងវីរុសហ្សីកា នៅកន្លែងណាមួយ នៅក្នុងរដ្ឋនេះ នោះទេ។
អ្នកជំងឺ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមេរោគ Zika បន្ទាប់ពីបានរួមភេទជាមួយដៃគូ ដែលថ្មីៗនេះ ដៃគួរួមភេទរបស់គេ បានធ្វើដំណើរទៅប្រទេសគុយបា និងមានរោគសញ្ញានៃមេរោគនេះ។ ឈ្មោះ និងភេទរបស់អ្នកជំងឺ ពុំត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
នាយកដ្ឋាននេះ បានសង្កត់ធ្ងន់ថា ជំងឺ Zika អាចត្រូវបានចម្លងតាមរយៈការរួមភេទ ហើយត្រូវមានការប្រុងប្រយ័ត្ន ប្រសិនបើអ្នក ឬដៃគូរបស់អ្នក ធ្វើដំណើរទៅកាន់ទីតាំង ដែលមេរោគ Zika នេះ កំពុងមានវត្ដមាននៅឡើយ។
កាលពីមុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ក៏បានបញ្ជាក់ពីករណីមេរោគ Zika នេះថា ឆ្លងតាមរយៈការរួមភេទផងដែរ។ ការបញ្ជាក់អះអាងនេះ បានរកឃើញអ្នកឆ្លងមេរោគ Zika នៅរដ្ឋផ្លរីដាសរុប ១១៨ នាក់ នៅឆ្នាំនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Foxnews