CamNews

កីឡាជាតិ 

គ្រូបង្វឹក-កីឡាករក្រោន និង Buriram និយាយ​អ្វីខ្លះ មុនប៉ះគ្នា​ល្ងាចនេះ

(ភ្នំពេញ)៖ ជំនួបមិត្តភាពប្រវត្តិសាស្ដ្ររវាងក្រុមខ្លាំងកម្ពុជាភ្នំពេញក្រោន និងក្រុមខ្លាំងថៃ Buriram United នឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចនេះហើយ នៅកីឡដ្ឋាន RSN ដោយសំបុត្រចូលទស្សនាមានតម្លៃ ៤ពាន់រៀល និង ២ពាន់រៀល ។ ការប្រកួតនេះដែរ ទាំងគ្រូបង្វឹក និងកីឡាករក្រុមទាំងពីរ សុទ្ធតែចាត់ទុកជាជំនួបដ៏អស្ចារ្យ  នៅក្នុងការត្រៀមខ្លួនបន្ដយុទ្ធនាការប្រកួតលីគរដូវកាលថ្មី និងពានអន្ដរជាតិនានា ក្នុងឆ្នាំ២០១៧នេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារដេវីត កាលពីម្សិលមិញថា លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា «យើងរំពឹងថា វានឹងក្លាយជាការប្រកួតមួយដ៏ជក់ចិត្ត ដោយក្រុមទាំងពីរនឹងលេងអស់ពី បេះដូងរៀងខ្លួន ។ ចំណែកការគាំទ្រពី Fan គឺពិតជាសំខាន់ណាស់ ហើយយើងសង្ឃឹមថានឹងមានអ្នកទស្សនា ពេញកីឡដ្ឋាន ។ ការប្រកួតទល់នឹងក្រុមដ៏ខ្លាំងបំផុតមួយនៅអាស៊ាន គឺល្អបំផុតសម្រាប់ត្រៀមខ្លួនប្រកួត AFC Cup ។ Buriram គឺជាក្រុមដ៏ខ្លាំងមួយ ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរ» ។

សម្រាប់ប្រធានក្រុមភ្នំពេញក្រោន គឺកីឡាករ Shane Booysen ប្រធានក្រុមភ្នំពេញក្រោន បានិយាយថា «នេះជាឱកាសដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា ដែលក្រុមធំដូចជា Buriram មកដល់ទីនេះ ធ្វើឲ្យអ្នកគាំទ្រ និងកីឡាករបានទស្សនាទិដ្ឋភាពប្លែកទៀត ។ ប៉ុន្ដែយើងអាចនឹងមានការបារម្ភ ជាពិសេសយើងមាន កីឡាករក្មេងៗច្រើន តែវាជាជំហានថ្មីសម្រាប់ឲ្យយើងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន AFC Cup ចុងខែនេះ» ។

ចំណែកលោក Ranko Popovic គ្រូបង្វឹកក្រុម Buriram បានលើកឡើងថា «យើងរំភើប និងរីករាយណា ដែលមកកាន់កីឡដ្ឋាន RSN  ហើយការប្រកួតនេះ គឺដើម្បីមិត្តភាព ការប្រឹងប្រែង និងការបញ្ចេញទេពកោសល្យ ។ ដូច្នេះលទ្ធផលគឺជារឿងបន្ទាប់ ប៉ុន្តែយើងចង់ឈ្នះ ដើម្បីបង្ហាញពីភាពខ្លាំងរបស់យើង ។ យើងចង់ឲ្យគ្រប់គ្នា រីករាយនឹងការប្រកួតនេះ ទាំងនៅកីឡដ្ឋាន ទាំងនៅមុខកញ្ចក់ទូរទស្សន៍តាមផ្ទះ» ។ ដោយឡែកកីឡាករ Suchao Nuchnum ប្រធានក្រុម Buriram បាននិយាយថា «ខ្ញុំពិតជាចង់ឃើញអ្នកគាំទ្រជាច្រើននៅកម្ពុជា មកទស្សនាផ្ទាល់ការប្រកួតនេះឲ្យបានច្រើន និងអស្ចារ្យសម្រាប់ក្រុមទាំងពីរ» ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Buriram