CamNews

ព័ត៌មានអន្តរជាតិ 

អជ្ញាធរថៃ ថា ការប៉ះទង្គិចគ្នា នៅសកលវិទ្យា រ៉ាមកំហែង មានមនុស្ស ២នាក់ស្លាប់ និង ៤៥នាក់ រងរបួស

បាងកក៖ សមត្ថកិច្ចថៃ ចេញសេចក្តី ថ្លែងការណ៍ថា ការប៉ះទង្គិចគ្នា រវាងក្រុមគាំទ្រ និង ប្រឆាំងរដ្ឋាភិបាល នៅសកលវិទ្យាល័យ រ៉ាមកំហែង នៅយប់ថ្ងៃ សៅរ៍ មានមនុស្សស្លាប់ ២ នាក់ និង ៤៥ នាក់រងរបួស។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អាទិត្យ ទី ១ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ បានចុះផ្សាយថា ឧត្តមសេនីយ៍ អំណាច អាន់អាតង៉ាម លេខាធិកា ស្នងការនគរបាលជាតិ ទទូលបន្ទុកសន្តិសុខជាតិ របស់ថៃ បានថ្លែងថា ហេតុការណ៍ទង្គិចគ្នា រវាងក្រុមអាវក្រហម ដែលគាំទ្ររដ្ឋាភិបាល និងក្រុមនិសិត្សសកលវិទ្យាល័យ រ៉ាមកំហែង ដែលប្រឆាំងការដឹកនាំ របស់រដ្ឋាភិបាល នៅយប់ថ្ងៃ សៅរ៍ មានមនុស្សស្លាប់ពីរនាក់ និង រងរបួសធ្ងន់ និង ស្រាល ៤៥ នាក់ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ សម្រាកព្យាបាលរួចរាល់អស់ហើយ។

លោក អំណាច បានបន្តទៀតថា ខណៈនេះ អាជ្ញាធរបាននឹងកំពុង ជន្លៀសក្រុមនិស្សិត ចេញនៅបរិវេណ សកល វិទ្យាល័យ រ៉ាមកំហែង ក្នុងគោលបំណងបញ្ចៀស អំពើហឹង្សាគ្រប់បែបយ៉ាង។ ទន្ទឹមគ្នានេះដែរ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ នៅក្នុងហេតុការណ៍បានច្រើននាក់ ដើម្បីធ្វើការសួរនាំពីមូលហេតុ នៃការផ្ទុះហិង្សា ដែលបង្កឲ្យមាន អ្នកស្លាប់ និង របួសដូច្នេះ ប៉ុន្តែការស៊ើបអង្កេតត្រូវធ្វើយ៉ាង ល្អិតល្អន់ ព្រោះជាសំណុំរឿង ពាក់ព័ន្ធនឹង នយោបាយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ