(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល បានឡើងមកនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាងពិភពលោកជាប្រវត្តិសាស្រ្ត លើក្រុមអង់គ្លេស ទៅទៀតដែលឈរនៅចំណាត់ថ្នាក់លេខរៀងទី១៣ និងកម្ពុជាវិញ ឈរនៅចំណាត់ថ្នាក់ ១៨០ នេះបើយោងតាមគេហទំព័រ FIFA ចេញផ្សាយមុននេះ។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកខាងលើដដែល បញ្ជាក់បន្ថែមថា នេះជាប្រវតិ្តសាស្រ្តសម្រាប់ក្រុមបាល់ ទាត់របស់ប្រទេសតូចមួយស្ថិតក្នុងចក្រភពអង់គ្លេស ក្រោយពីធ្វើបានល្អឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ដែលទើបបញ្ចប់ទៅថ្មីៗនេះ ស្របពេលដែលប្រទេសធំ អង់គ្លេស ដែលបានហាលអាវត្រឹមវគ្គ ១៦ក្រុមនោះ កំពុងឈរនៅលេខរៀងទី១៣ វិញប្រចាំខែកក្កដា ឆ្នាំ២០១៦។
ទន្ទឹមគ្នានោះដែរ ក្រុមដែលមានរហស្សនាមថា «នាគក្រហម» នោះ គឺស្ថិត Rank ក្រោមតែប្រទេស១០ប៉ុណ្ណោះ គ្រាដែលអាហ្សង់ទីន ឈរនៅលេខ១ បើទោះបីជាចាញ់ឈីលី ៤-២ ដោយបាល់ប៉េណាល់ទីក្នុងយុទ្ធនាការ Copa America Centenario 2016 នៅអាមេរិកក៏ដោយ ជាមួយនឹងក្រុមលេខ២ ប៊ែលហ្ស៊ិក លេខ៣ កូឡុំប៊ី និងម្ចាស់ពាន World Cup 2014 អាល្លឺម៉ង់ ឈរនៅលេខ៤ ស្របពេលដែលម្ចាស់ពាន Euro 2016 ព័រទុយហ្គាល់ ឈរនៅលេខ៦ និងបារាំង លេខ៧ ក្នុងចំណោម ២០៨ប្រទេស ជាសមាជិករបស់ FIFA។
ងាកមកមើលក្រុមបាល់ទាត់ គោព្រៃកម្ពុជា វិញ បានកំពុងតែឈរនៅចំណាត់ថ្នាក់លេខទី១៨០ ក្នុង FIFA Ranking បណ្តោះអាសន្ន ដោយឈរនៅលេខល្អជាងប្រទេសទីម័រខាងកើត ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ក្នុងចំណោម១១ប្រទេស ក្នុងតំបន់អាស៊ាន ក្រៅពីថៃ លេខ១ វៀតណាម លេខ២ សិង្ហបុរី លេខ៣ និងមីយ៉ាន់ម៉ា (ភូមា) ឈរនៅលេខ៤៕
ក្រុមជម្រើសជាតិ វ៉េល
ក្រុមជម្រើសជាតិ កម្ពុជា
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង