CamNews

ព័ត៌មានជាតិ 

សម្ដេចតេជោ ហ៊ុន សែន ចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ (CNC CTN)​ តែក្រែងចិត្ដតារាចម្រៀងល្បីៗ

ព័ត៌មានជាតិ៖​ កាលពីប៉ុន្មាននាទីមុននេះ បន្ដិច​សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការចាប់អារម្មណ៍ និងភាពសប្បាយរីករាយជាខ្លាំងនាថ្ងៃសម្រាកលំហែកាយ នៅក្រុងព្រះសីហនុ នៅលើទំព័រ ហ្វេសប៊ុករបស់សម្ដេចផ្ទាល់តែម្ដង។ ទិដ្ឋភាពនៃបង្ហាញជាមួយនឹងការបង្ហោះរូបភាពជាច្រើនសន្លឹក សម្ដេច ក៏បានសរសេរថា » ម្សិលមិញ ចៅៗខ្ញុំ ពួកគេសប្បាយណាស់ តែស្ថិតក្រោមការមើលថែរបស់ឪពុកម្តាយគេ។ ភរិយាខ្ញុំទៅផ្សារ ឯខ្ញុំចុះងូតទឹកយ៉ាងសប្បាយ ដែលមានទាំងខ្មែរទាំងបរទេស​មុជជាមួយគ្នា និងដើរតាមឆ្នេរសមុទ្រជាមួយគ្នា។

ប្រទេសមានសន្តិភាពគឺបែបនេះ ប្រជាជនកម្ពុជាមានសេរីភាពដើរកំសាន្តគ្រប់ទីកន្លែងដែលខ្លួនចង់ទៅ។ ទេសចរបរទេសយ៉ាងច្រើនមកកំសាន្តនៅឆ្នេរសមុទ្រ។ ជនជាតិបារាំងមួយក្រុមស្គាល់ខ្ញុំយ៉ាងច្បាស់។ ពួកគេនិយាយមកកាន់ខ្ញុំដោយការសប្បាយ ហើយខ្ញុំក៏ស្វាគមន៍ និងប្រាប់ពួកគេថាសូមបន្តការសប្បាយ និងសូមអញ្ជើញមកលេងសារជាថ្មីទៀតនៅកម្ពុជា។

ខ្ញុំនៅមាត់សមុទ្ររហូតម៉ោង១១យប់ ជាមួយការប្រជុំតន្ត្រី និង ការតាំងលក់ទំនិញតាមស្តង់ដ៏គួរឱយចាប់ចិត្ត។
ខ្ញុំចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ (CNC CTN) តែខ្លាចក្មួយ ព្រាប សុវត្ថិ ខេមរះ សេរីមន្ត ឆន សុវណ្ណរាជ ណុប បញ្ញរិទ្ឋ ករុណាពេជ្រ។ល។ បាត់អាជីព និង ខ្លាចដាច់ខ្សែគោរបស់ប្រជាជន»

ដោយ៖ អឿ អ៊ុយ


Tags: Cambodia Social News PP