ភ្នំពេញ៖ តារាចម្រៀងយេៗ បែបយុវវ័យ និងជាថៅកែហាងម៉ាស្សា និង ស្ទីម «សាគូរ៉ា» កញ្ញា រតនៈ ពិសី មួយរយៈ ក្រោយនេះ គេសង្កេតឃើញថា តារារូបនេះមាន ភាពមមាញឹក ជាមួយការងារសិល្បៈច្រើន ហាក់មិនមានពេលវេលា ទំនេរ ប៉ុន្មានឡើយ ហើយសូម្បីតែមុខជំនួញ ក៏នាងគ្មាន ពេលមើលការខុសត្រូវដែរ ។
ដោយសារតែភាពមមាញឹកក្នុងការងារសិល្បៈ ទើប រតនៈ ពិសី បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា នាងសម្រេចចិត្ត សេងហាងម៉ាស្សា ស្ទីម ដោយសារតែហេតុផល គ្មានពេលមើលការខុសត្រូវ ។
តារាចម្រៀងវ័យក្មេង មានសម្រស់ស្រស់ផូរផង់ កញ្ញា រតនៈ ពិសី បានប្រាប់ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលកន្លងទៅថ្មីៗនេះថា ដំបូងឡើយ នាងចង់ទុកហាងស្ប៉ា និងស្ទីមនេះ ដើម្បីមើលការខុសត្រូវបន្ត តែដោយ សារតែការងារសិល្បៈ មានភាពមមាញឹកខ្លាំងពេក ហើយសមាជិកគ្រួសារ ក៏មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការមើល ការខុសត្រូវ ទើបនាងសម្រេចចិត្ត ប្រកាសសេងហាងនេះតែម្ដង ព្រោះថាបើទុកហាងនេះ ហើយគ្មានអ្នកមើល គឺអាច ជួបប្រទះបញ្ហា នៅពេលក្រោយ ដូច្នេះក៏សម្រេចចិត្តបែបនេះទៅ ។
តារាស្រីរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំសម្រេចចិត្តប្រកាសសេងហាងនេះ ដោយ សារតែ ខ្ញុំមិនមានពេលគ្រប់គ្រាន់ ក្នុងការមើលហាង ព្រោះថា ខ្ញុំរវល់ ជាមួយការងារសិល្បៈច្រើន ស្ទើរតែគ្មានពេល សម្រាក ។បើត្រូវទៅមើលហាងទៀត ខ្ញុំប្រាកដជាដួលមិនខានទេ ដោយសារគ្មានកំលាំងគ្រប់គ្រាន់ ហត់នឹងការងារ ច្រៀង...។ ម្យ៉ាងវិញទៀត ខ្ញុំកំពុងតែរត់ឯកសារ ដើម្បីចេញទៅច្រៀង និងសម្ដែងនៅអូស្រ្តាលី នៅចុងឆ្នាំ២០១៥នេះ ទើបពេលវេលាកាន់តែខើចទៅៗ..!» ។
តារាស្រីរូបស្រស់សម្រស់ឆើតឆាយ កញ្ញា រតនៈ ពិសី បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងអំឡុងខែតុលា ឬចុងឆ្នាំ២០១៥ ខាងមុខនេះ នាងមានគម្រោងចេញ ទៅសម្តែងនៅក្រៅប្រទេស រយៈពេលប្រមាណជា២-៣ខែ តាមរយៈការអញ្ជើញ របស់សមគមខ្មែរ នៅទីនោះ។ ដូច្នេះហើយ នាងត្រូវតែប្រញាប់សេងហាង ឲ្យបានឆាប់ មុនពេលចេញទៅសម្តែង នៅក្រៅប្រទេស ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល