CamNews

តារា 

យ៉ែម សំអូន បង្ហាញ​សារ​នឹក​ដល់​កូន​ស្រី​គួរ​ឲ្យ​សង្វែគ ខណៈ​គិត​ត្រឹម​ថ្ងៃនេះ គឺ​បែក​គ្នា១ឆ្នាំ​គត់

(ភ្នំពេញ)៖ពិតជាមានអត្ថន័យជ្រាលជ្រៅ មិនអាចកាត់ថ្លៃបាន ចំពោះក្ដីស្រឡាញ់រវាងឪពុក និងកូនស្រី ខណៈដែលេពេលវេលា ហាក់ដើរលឿនណាស់ក្នុងមួយប៉ប្រិចភ្នែក ។ គិតត្រឹម​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ តារាចម្រៀង និងជាតារាសម្ដែង លោក យ៉ែម សំអូន បានបែកពីកូនស្រីសំណប់ចិត្ត ស្រឡាញ់ស្មើនឹងកែវភ្នែក រយៈពេល១ឆ្នាំគត់ បន្ទាប់ពីមានភាពចម្រូងចម្រាស់​គ្នា ជាមួយភរិយា គឺអ្នកនាង យ៉ាន លីនដា រហូតមានពាក្យបណ្ដឹងលែងលះគ្នា កាលពីពេលកន្លងទៅ ពីសំណាក់ក្រុមគ្រួសារអ្នកសិល្បៈរូបនេះ ។

ក្រោយពីភរិយាបានដាច់ចិត្ត ចាកចេញឆ្ងាយ ដោយនាំទាំងកូនស្រីទៅ រស់នៅឯនាយសមុទ្រ នៃទឹកដីប្រទេសអូស្រ្តាលីរួចមក គេឃើញលោក យ៉ែម សំអូន កំពុងតែរស់នៅម៉ង់ៗ តែម្នាក់ឯងក្នុងប្រទេសកម្ពុជា អមជាមួយនឹងភាពឯកា ដែលមានតែការងារសិល្បៈខ្លះៗ ធ្វើឡើងដើម្បីបន្លប់ទុក្ខប៉ុណ្ណោះ ។ យ៉ាងណាក្ដី ភរិយារបស់លោក បានប្រកាន់ជំហដាច់ខាតថា មិនវិលរកលោក យ៉ែម សំអូន វិញឡើយ បើទោះបីជាមានការសម្របសម្រួល ពីភាគីណាក៏ដោយ រហូតដល់នាងសម្រេចចិត្ត បញ្ជូនមេធាវីមកស្រុកខ្មែរ ដើម្បីធ្វើការលែងលះ តាមផ្លូវច្បាប់ទៀតផង។

ពាក្យចាស់តែងពោលថា« កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» យ៉ាងណាមិញ បើទោះជាលោក យ៉ែម សំអូន និងភរិយា ឈានដល់ការលែងលះគ្នា គ្មានថ្ងៃជួបវិញក្ដី ប៉ុន្តែដំណក់ឈាមរួមគ្នា គឺកូនស្រីបណ្ដូលចិត្តម្នាក់ លោកពិតជាមិនអាចកាត់បានឡើយ ក្នុងមួយជីវិតនេះ ។ លោក យ៉ែម សំអូន បានសុខចិត្តទទួលយក​កំហុសគ្រប់យ៉ាង​ ធ្វើយ៉ាងណាឲ្យតែបានជួបកូនស្រីបណ្ដូលចិត្ត ស្មើនឹងកែវភ្នែករបស់លោក។ នៅថ្ងៃនេះ លោកបានបង្ហាញសារ គួរឲ្យស្រណោះស្រណោក ផ្ញើជូនដល់កូនស្រីពីចម្ងាយ បញ្ជាក់ពីទំហំទឹកចិត្តឪពុក ហើយពេលបានអាន អាចមានអ្នកខ្លះចង់រលីងរលោងទឹកភ្នែក ស្លុងនឹងពាក្យពេចន៍របស់លោក ក៏ថាបាន​ ។

លោក យ៉ែម សំអូន បានសរសេរក្នុង Facebook ផ្ទាល់របស់លោកថា «មែន​ហើយ ពេល​វេលា​ពិត​ជា​ដើរ​លឿន​ណាស់ ប៉ុន្តែ​ប៉ាប៉ា ​នៅ​ចាំ​ច្បាស់​ ស្នាម​ញញឹម​ ដែល​មាន​នៅ​ក្នុង​​រូប​ថត​មួយ​សន្លឹក​នេះ ​គឺ​បញ្ជាក់​ថា ប៉ាប៉ា​​បាន​បែក​ពី​កូន​ស្រី រយៈពេល​មួយ​ឆ្នាំ​ហើយ​ 21-01-2015 រហូត​មក​ដល់​ពេល​នេះ ប៉ាប៉ា​​​ពិត​ជា​ នឹក​កូន​ខ្លាំង​ណាស់ ហើយ​ប៉ាសូម​ទោស​កូន តែ​ប៉ាប៉ា​​​ជឿ​ជាក់​ថា ពីរ​នាក់​ប៉ាកូន​យើង​នឹង​បាន​ជួប​គ្នា ហើយ​កូន​ក៏ធ្លាប់​បាន​សន្យា​នឹង​ប៉ាហើយ នៅ​ថ្ងៃ​ណា​ដែល​ព្រម​ និង​ចង់​ជួប​ ប៉ាប៉ា​​ មិន​ថា​ពេល​វេលា​ និង​ទី​កន្លែង​ឆ្ងាយ​យ៉ាង​ណា​ ក៏​ ប៉ាប៉ា​​​នឹង​ទៅ​ជួប​កូន​ភ្លាម ​។ ​ហើយ​ប៉ា​នៅ​រក្សា​ជំហរ​ដដែល ប៉ា​ដែល​ផ្លាស់ប្ដូរ​ខ្លួន​ឯង ថា​ប៉ា​មាន​កូន និង​ស្រលាញ់​កូន ស្មើ​នឹង​ជីវិត​របស់​ប៉ា ផ្លូវ​នៅ​វែងឆ្ងាយ​សំរាប់​កូន ហើយ​មាន​តែ​ពេលវេលា​មួយ​គត់ ដែល​អាច​ បញ្ជាក់​អំពី​គុណ​តម្លៃ​របស់​យើង ហើយ​ថា​ តើ​យើង​នឹង​ដើរ​ដល់​កំរិត​ណា តែ​ប៉ាប៉ា​​​នៅ​តែ​មាន​​សង្ឃឹម​ និង​មាន​មោទនភាព ចំពោះ​កូន​ស្រី​ដ៏រឹងមាំ របស់​ ប៉ាប៉ា»។

លោក បានបន្តទៀតថា «ប៉ា​សូម​ជូនពរ​កូន​ស្រី​តែ​មួយ​របស់​ប៉ា ជួប​តែ​សេចក្ដី​សុខ រៀន​ពូកែ និង​សូមឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ដ៏​ល្អ​សម្រាប់អ្នក ​គ្រប់​គ្នា​ហើយ​កុំ​ភ្លេច​សន្យា​ ជា​មួយ​ប៉ាប៉ា​​ផង​ ប៉ា​ស្រឡាញ់ ​និង​នឹក​កូន​ជា​រៀង​រហូត@ronnyyem..»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Yem som oun Star news local news