ព័ត៌មានកីឡា៖ ថ្វីជើងអស្ចារ្យរបស់កីឡាករ Luis Suarez ចូលមកបង្ហាញខ្លួនជាថ្មីក្នុងទឹកដីអង់គ្លេស ដែលជាឱកាសលើកដំបូង ចាប់តាំងពីកីឡាករត្រូវបានផ្ទេរជើង ពីក្រុម Liverpool ទៅកាន់ទឹកដី Barcelona នៃប្រទេស អេស្ប៉ាញ ហើយសម្រាប់ការប្រកួតកាលពីព្រឹកមិញ កីឡាករ បានជួយឲ្យក្រុម Barcelona ផ្ដួលម្ចាស់ផ្ទះ Man City ត្រឹមពិន្ទុ ២ ទល់នឹង ១។
ជាការប្រកួតលើកទីមួយហើយ សម្រាប់កីឡាករ Luis Suarez ក្នុងទឹកដីអង់គ្លេស ចាប់តាំងពីកីឡាករបានផ្ទេរចេញ ពីក្រុម Liverpool ទៅកាន់ Barcelona ក្នុងតម្លៃខ្លួន ៧៥ លានផោន ។ ថ្វីត្បិតតែការលេងរវាងទឹកដីទាំងពីរមានភាពខុសគ្នាក៏ដោយក្ដី សម្រាប់កីឡាករនៅតែមាន ស្ថេរភាពនៃការលេងល្អដដែល រហូតមកទល់ពេលនេះ លទ្ធផលការប្រកួតព្រឹកមិញ Luis Suarez បានជួយឲ្យ ក្រុមរបស់ខ្លួនដណ្ដើមជ័យជំនះ ក្នុងការប្រកួត ពានរង្វាន់ Champions League ដោយអាចរកបានពិន្ទុ ២ គ្រាប់ផ្ដួនៗក្នុងតង់ទី១ នៅនាទីទី ១៦ នឹង ៣០ ។ ការលេងរបស់កីឡាករម្ដងនេះ បានធ្វើឲ្យ ប្រិយមិត្ដអ្នកគាំទ្រជាច្រើនក្នុងទឹកដីអង់គ្លេស បើកភ្នែកធំៗភ្ញាក់ផ្អើល ហើយកោតសរសើរ ខណៈដែលកន្លងមកកីឡារ ធ្លាប់មានប្រវត្ដិខាំ កីឡាករដ៏ទៃទៀត កាលពីប្រកួត World Cup នៅប្រទេសប្រេស៊ីល ។
បើទោះជា Luis Suarez អាចរកបានពិន្ទុ ២ គ្រាប់ផ្ទួនៗក្នុងតង់ទី ១ ក៏ដោយ ប៉ុន្ដែរហូតមកដល់តង់ទី ២ កីឡារ ក្នុងក្រុម Barcelona មិនអាចរកពិន្ទុបន្ដទៀតឡើយ ផ្ទុយមកវិញ កីឡាករ Agüero របស់ Man City រកបានសង ១ គ្រាប់វិញនៅនាទីទី ៦៩ រហូតចប់ការប្រកួត ក្នុងលទ្ធផល ២ ទល់នឹង ១ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី