CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមតំណាងឥន្ធនៈហ្វូស៊ីលអាមេរិក ដកពាក្យបណ្ដឹងរឿងក្តីអាកាសធាតុប្រឆាំងរដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ ៖ សំណុំរឿងរបស់តុលាការបានបង្ហាញថា ក្រុមអ្នកឧស្សាហកម្មឥន្ធនៈហ្វូស៊ីលចំនួន ៣ ក្រុម បានបោះបង់ចោលគោលបំណងរបស់ខ្លួនដើម្បីអន្តរាគមន៍ក្នុងរឿងក្ដីនៅតុលាការ អំពីការផ្ដាស់ប្ដូរអាកាសធាតុ នៅសប្តាហ៍នេះ បន្ទាប់ពីបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ស្ដីពីការឯកភាគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ លើវិទ្យាសាស្រ្តអាកាសធាតុ ។

វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក  (API) និងសមាគមសហគ្រាសផលិតជាតិ (NAM) ក្រុមពាណិជ្ជកម្មដ៏លេចធ្លោ ផ្នែកឧស្សាហកម្មប្រេង រួមទាំងសហគ្រាសឧស្ម័ន និងឧស្ម័នធម្មជាតិ អាមេរិក (AFPM) បានធ្វើអន្តរាគមន៍ក្នុងក្នុងរឿងក្ដីសហព័ន្ធមួយ ដែលក្រុមក្មេងជំទង់មួយក្រុម បានប្តឹងរដ្ឋាភិបាលអាមេរិកពីបទរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញរបស់ខ្លួន តាមរយៈការបង្កឱ្យមានការផ្លាស់ប្តូរអាកាសធាតុ។

ក្រុមទាំងបីខាងលើ បានអះអាងថា សាលក្រមតុលាការ ដែលតម្រូវឱ្យរដ្ឋាភិបាលរឹតបន្តឹងបទប្បញ្ញត្តិបរិស្ថាន នឹងប៉ះពាល់ដល់ផលប្រយោជន៍អាជីវកម្មរបស់ខ្លួន។ ក៏ប៉ុន្តែការមិនចុះសម្រុងគ្នាក្នុងចំណោមពួកគេ បានកើតឡើង បន្ទាប់ពីចៅក្រម បានចេញដីការឱ្យពួកគេ ដាក់ពាក្យបណ្ដឹងរួមគ្នា ដោយមានការបញ្ជាក់ពីទស្សនៈរបស់ខ្លួនលើវិទ្យាសាស្រ្តអាកាសធាតុ។

អត្ថបទចម្លងជាលាយលក្ខអក្សរនៃកិច្ចដំណើរការនីតិវិធីរបស់តុលាការ បានបង្ហាញថា មេធាវីតំណាងឱ្យក្រុមទាំង ៣ បាននិយាយ នៅក្នុងសវនាការតុលាការ នៅថ្ងៃទី ១៨ ខែឧសភាថា ពួកគេមិនអាចយល់ព្រមលើមូលហេតុ និងផលប៉ះពាល់នៃសកម្មភាពរបស់មនុស្ស និងការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅលើអាកាសធាតុឡើយ។

លោក Seth Jaffe មេធាវីផ្នែកបរិស្ថាន ដែលជាដៃគូជាមួយនឹងក្រុមហ៊ុនមេធាវី Foley Hoag នៅក្នុងទីក្រុងបូស្តុន បាននិយាយថា៖ «វាហាក់ដូចជាច្បាស់ណាស់ដែលថា ក្រុមអន្ដរាគមន៍ផ្នែកពាណិជ្ជកម្ម ទទួលស្គាល់ថា ខ្លួនអាចនឹងមានការចំណាយប្រាក់ច្រើនដូចជា ការចំណាយទៅលើការអន្តរាគមន៍ជាដើម ហើយថា យកល្អពួកគេគួរតែដកពាក្យបណ្ដឹងប្រឆាំងនឹងរដ្ឋាភិបាលនេះ»។  

សមាគមសហគ្រាសផលិតជាតិ (NAM) បានដាក់សំណើរបស់ខ្លួនដើម្បីដកពាក្យបណ្ដឹង ដោយដាក់សំណើនោះ ទៅតុលាការ កាលពីថ្ងៃចន្ទនេះ។  វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក  (API)  បានស្នើឱ្យដកពាក្យបណ្ដឹងនោះ កាលពីថ្ងៃព្រហស្បតិ៍។ សហគ្រាសឧស្ម័ន និងឧស្ម័នធម្មជាតិ អាមេរិក (AFPM) បានដាក់សំណើដកពាក្យបណ្ដឹងរបស់ខ្លួន កាលពីដើមថ្ងៃសុក្រ។

បញ្ហាមួយសម្រាប់ក្រុមឧស្សាហកម្មនេះគឺថា ការលាតត្រដាងនៅក្នុងតុលាការពីរបកគំឃើញផ្នែកវិទ្យាសាស្រ្ត ដែលពួកគេទទួលបាន អំពីការប្រែប្រួលអាកាសធាតុ អាចនឹងចងពួកគេទៅនឹងការទទួលខុសត្រួវផ្នែកច្បាប់ជាក់លាក់ណាមួយ នៅក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ផ្សេងទៀត។



ជាឧទាហរណ៍ ក្រុមហ៊ុន Exxon Mobil ដែលជាសមាជិករបស់ API និង NAM កំពុងមានជម្លោះជាមួយអគ្គរដ្ឋអាជ្ញា នៅក្នុងរដ្ឋ Massachusetts និងញូវយ៉ក ដែលស៊ើបអង្កេតលើក្រុមហ៊ុននេះពីបទលួចបន្លំ ដោយផ្អែកលើភាពខុសគ្នារវាងជំហរជាសាធារណៈរបស់ខ្លួន នៅលើការ​ឡើង​កំ​ដៅ​ភព​ផែនដី និងឯកសារផ្ទៃក្នុងស្ដីពីវិទ្យាសាស្រ្តអាកាសធាតុ។

អ្នកនាំពាក្យរបស់សមាគមសហគ្រាសផលិតជាតិ នាង Jennifer Drogus បាននិយាយថា ក្រុមនេះបានវាយតម្លៃឡើងវិញពីតម្រូវការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង តាងនាមឱ្យឧស្សាហកម្មនេះ បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៦ ៕  



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ reuters


Tags: International news