សាលាឧទ្ធរណ៍ក្រុងញូវយ៉ក បានសម្រេច កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធម្មនុញ្ញ មិនធានាដល់សិទ្ធិក្នុងការធ្វើអត្តឃាត ដែលមានជំនួយពីគ្រូពេទ្យឡើយ។ មូលហេតុ ដែលនាំឱ្យតុលាការសម្រេចបែបនេះ គឺដោយសារតែមានពាក្យបណ្តឹង ធ្វើឡើងដោយអ្នកជំងឺដំណាក់កាលចុងក្រោយ ៣ នាក់ បានប្ដឹងទៅអគ្គរដ្ឋអាជ្ញាក្រុងញូវយ៉ក។ "ការធ្វើអត្តឃាត ដែលមានជំនួយពីគ្រូពេទ្យ" មានន័យថា ជា "សមត្ថភាពតាមផ្លូវច្បាប់ក្នុងការសម្រេចចិត្ដរបស់អ្នកជំងឺដំណាក់កាលចុងក្រោយ ដើម្បីអាចទទួលវេជ្ជបញ្ជាថ្នាំពុលពីគ្រូពេទ្យ ដែលលេបឱ្យស្លាប់នៅរយៈពេលណាមួយ"។
នៅក្នុងពាក្យប្តឹងឧទ្ធរណ៍ ភាគីដើមបណ្ដឹង បានអះអាងថា ពលរដ្ឋក្រុងញូវយ៉ក មានសិទិ្ធតាមរដ្ឋធម្មនុញ្ញ ចំពោះការធ្វើអត្តឃាត ដែលមានជំនួយពីគ្រូពេទ្យ។ តុលាការ បានរកឃើញថា នៅក្នុងរដ្ឋធម្មនុញ្ញ ពុំមានចែងថា ពលរដ្ឋមានសិទ្ធិជាមូលដ្ឋាន ចំពោះការធ្វើអត្តឃាតនោះទេបើទោះបីជា ពួកគេមានសិទ្ធិបដិសេធការព្យាបាលពន្យារជីវិតក៏ដោយ។ ក្រោយអនុវត្ដការពិនិត្យឡើងវិញនូវអង្គច្បាប់ តុលាការបានសម្រេចថា រដ្ឋមានសិទ្ធិស្របច្បាប់ ក្នុងការផ្ដន្ទាទោសបទល្មើសព្រហ្មទណ្ឌចំពោះអត្តឃាត ដែលមានជំនួយពីគ្រូពេទ្យ ពោលគឺការការពារអ្នកជំងឺពីការរំលោភបំពាន និងទប់ស្កាត់ការធ្វើអត្តឃាត។
សិទ្ធិធ្វើអត្ដឃាត បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស នៅអាមេរិក។ កាលពីឆ្នាំ ២០១៦ ក្រុមប្រឹក្សានីតិកម្មកូឡុំប៊ី បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "មរណភាពដោយកិត្ដិយស" ដែលនឹងអនុញ្ញាតឱ្យអ្នកជំងឺដំណាក់កាលចុងក្រោយ អាចបញ្ចប់ជីវិតរបស់ខ្លួន ដោយមានជំនួយពីគ្រូពេទ្យ។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាច្រានចោល កាលពីខែកុម្ភៈ។ កាលពីខែកុម្ភៈ រដ្ឋម៉ុនតាណា ក៏បានដាក់ចេញនូវសេចក្ដីព្រាងច្បាប់មួយផងដែរ ដែលអាចឱ្យមានការចោទប្រកាន់ពីបទមនុស្សឃាតលើគ្រូពេទ្យ ដែលចូលរួមក្នុងការធ្វើអត្តឃាត ដែលមានជំនួយពីគ្រូពេទ្យ ហើយសេចក្ដីព្រាងច្បាប់នោះ ក៏ប្រឆាំងនឹងគោលនយោបាយបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យមានជម្រើសបញ្ចប់ជីវិតផងដែរ។ នៅខែឧសភា ព្រឹទ្ធសភារដ្ឋនេវ៉ាដា បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីជំនួយគ្រូពេទ្យ ក្នុងការជួយឱ្យអ្នកជំងឺស្លាប់ផងដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist