CamNews

ព័ត៌មានអន្តរជាតិ 

អត្តពលិក​អូឡាំពិកកូរ៉េខាងជើង ត្រូវហាម​មិនឱ្យទទួល Galaxy S7 edge ពី​ Samsung

កូរ៉េខាងជើង បានហាមអត្តពលិកចំនួន ៣១នាក់របស់ខ្លួន ដែលបាន​ចូលរួមប្រកួត​ក្នុង​ព្រឹត្ដិការណ៍
អូឡាំពិក Rio 2016 មិនឱ្យ​ទទួល​អំណោយ​ដែលជា​ស្មាតហ្វូន Samsung Galaxy S7 edge ពីព្រោះ​
វា​ជា​ផលិតផល​របស់កូរ៉េខាងត្បូង។

ក្រុមអត្តពលិក​កូរ៉េខាងជើង
 

Samsung គឺជា​ម្ចាស់ឧបត្ថម្ភ​របស់​ព្រឹត្តិការណ៍​កីឡាអូឡាំពិកដែលត្រូវបានធ្វើឡើងនៅប្រេហ្សីល។
ក្នុងខែ​កក្កដា ក្រុមហ៊ុន​ទូរស័ព្ទ​កូរ៉េខាងត្បូង បាន​បញ្ចេញ​ស្មាតហ្វូន​កំណែ Olympic Games Edition
របស់​ Galaxy S7 edge ហើយ​បាន​ចំណាយទូរស័ព្ទ​នេះចំនួន ១១.២០០គ្រឿង ដើម្បី​ជូនជាអំណោយ
​ដល់​ក្រុមអត្តពលិកទាំងអស់ដែលបាន​ចូលរួមប្រកួត​។ ប៉ុន្តែ ស្មាតហ្វូននេះ នឹង​មិន​បានទៅដល់ដៃ
​ក្រុម​អត្តពលិក​កូរ៉េខាងជើង​នោះទេ ព្រោះថា គណកម្មការ​អូឡាំពិក​នៃប្រទេស​នេះ បានបដិសេធ​
អំណោយ​នេះ​។

យោងតាមទំព័រ BTimes ប្រធានក្រុមអូឡាំពិក​កូរ៉េខាងជើង បាន​ប្រមូល​ស្មាតហ្វូន Galaxy S7 edge
ពី​អត្តពលិក​របស់ខ្លួន ដោយមិនបានប្រាប់ច្បាស់អំពីមូលហេតុ។ ក្រុម​អត្តពលិក​កូរ៉េខាងជើង ក៏​បាន​
បដិសេធ មិនឆ្លើយ​នឹង​សំនូរ​ណា​មួយ​ផងដែរ។ ក៏ប៉ុន្តែ យោងតាមការ​បង្ហើប​ឱ្យដឹងពី​អត្តពលិក​កូរ៉េ
ខាងត្បុង មិន​មែនតែ​នៅក្នុងព្រឹត្តិការណ៍​អូឡាំពិកនោះទេ កូរ៉េខាងជើង​ ក៏តែងតែបាន​ប្រមូលយក​
អំណោយ​ទាំងឡាយ​ដែល​អ្នក​ឧបត្ថម្ភ​ជូន​ចំពោះ​ក្រុមកីឡាករ​របស់ខ្លួន។

ទាក់ទឹននឹង​កីឡាអូឡាំពិក​នេះ​ដែរ សាធារណជនកំពុងតែមានការ​ព្រួយ​បារម្ភ​ចំពោះអត្តពលិក
Hong Un Jong ដែលអាច​នឹងត្រូវបាន​ដាក់ទណ្ឌកម្ម​ បន្ទាប់ពីបាន​ថត​រូប​សែលហ្វីជាមួយ​អត្តពលិក
Lee Eun Ju របស់កូរ៉េខាងត្បូង។ ទំព័រ Daily Star បាន​ចេញផ្សាយ​ថា ជាមួយនឹង​ច្បាប់កូរ៉េខាង
ជើង Hong Un Jong អាចនឹង​ត្រូវ​ពិន័យឱ្យ​ធ្វើពលកម្ម​ ១៦ម៉ោង​/ថ្ងៃ នៅក្នុង​មន្ទីរកែប្រែ សម្រាប់
ទោសស្រាល ប៉ុន្តែ បើធ្ងន់ជាង​នេះ Hong Un Jong អាចនឹង​ត្រូវជាប់ព័ន្ធ​នាគារ​។ យ៉ាងនេះក្ដី ភាគី
ខាងកូរ៉េខាងជើង មិនទាន់បញ្ចេញប្រតិកម្ម​ណាមួយ​ទាក់ទឹននឹងករណីនេះ​។

អត្តពលិកកូរ៉េខាងជើង នាង Hong Un Jong ថតជាមួយអត្តពលិកកូរ៉េខាងត្បូង នាង Lee Eun Ju


ចាប់តាំងពី​បាន​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក កាពីឆ្នាំ ១៩៧២ កូរ៉េខាងជើង តែងតែ​ហាម​មិនឱ្យ​
អត្តពលិក​របស់ខ្លួន​ មានទំនាក់ទំនង​ជាមួយនឹង​មនុស្ស​នៅក្រៅប្រទេស​ ពិសេសគឺកូរ៉េខាង​ត្បូង។
ប្រទេស​បង​ប្អូនគូសត្រូវ​នេះ​កំពុង​តែ​មាន​ភាពតានតឹង​ទាក់ទឹននឹង​រឿង​នយោបាយ និង​យោធា
ដែលមិនអាច​ដោះស្រាយបាន សំខាន់​គឺ​បញ្ហា​នុយក្លេអែរ​របស់កូរ៉េខាងជើង។

ប្រែសម្រួល ៖ បុត្រា


Tags: កូរ៉េខាងជើង អូឡាំពិក ទូរស័ព្ទ