CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន៖ «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមខ្លួន»

(ភ្នំពេញ)៖ ជាមួយនឹងការបង្ហោះរូបភាពស្និទ្ធស្នាលនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅលើបណ្តាញសង្គម Facebook នៅថ្ងៃឆ្លងឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវឃ្លាមួយថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមខ្លួន» ហើយឱ្យសាធារណជនស្វែងយល់នូវឃ្លានេះ ជាមួយរូបថត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «សម្រាប់ជីវិតគ្រួសារ ក៏ជិតដល់ខួប៤០ឆ្នាំ នៃថ្ងៃរៀបការរវាងខ្ញុំ និងភរិយាដែរ។ ក្នុងបទចម្រៀងមួយមានពាក្យថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត»។ ឯខ្ញុំខុសពីនេះដោយប្រើពាក្យថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមខ្លួន»។ សុំស្វែងយល់និងសូមមើលរូបថត ដែលខ្ញុំជូនទៅជាមួយ»

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងគ្រួសារ បានអញ្ជើញទៅកម្សាន្តមាត់សមុទ្រ នាក្រុងព្រះសីហនុ ក្នុងឱកាសឆ្លងឆ្នាំ និងចូលឆ្នាំថ្មី ឆ្នាំសាកល២០១៦។ នៅក្នុងដំណើរកម្សាន្តនេះ សម្តេចតេជោ ហ៊ុន សែន ប្រើជីវិតសាមញ្ញ ដូចទៅនឹងប្រជាជនដទៃដែរ ដោយងូតទឹកសមុទ្រ លេងលើឆ្នេរខ្សាច់ ជួបជាមួយប្រជាពលរដ្ឋ និងអ្នកទេសចរជាដើម។

នៅក្នុងខ្លឹមសារនៅលើទំព័រ Facebookនេះ សម្តេចតេជោ ក៏បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឱ្យជួបតែពុទ្ធពរទាំង៤ប្រការដែរ។ សម្តេចសរសេរថា «ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំង ប្រទេសជួបតែពុទ្ធពរទាំង៤ប្រការ។ ចំណែកខ្ញុំវិញឆ្នាំនេះសប្បាយចិត្ត ដោយបានមកសំរាកទាំងកូនទាំងចៅជុំគ្នា នៅមាត់សមុទ្រ ដែលផ្តល់ឱកាសឱ្យខ្ញុំ មិនត្រឹមតែបានជួបជុំកូនចៅប៉ុណ្ណោះទេ តែបានផ្តល់ឱ្យខ្ញុំ បានជួបប្រាស្រ័យជាមួយប្រជាជន ស្វែងយល់សុខទុក្ខប្រជាជន បានថែមទៀតផង»

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP