ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃចន្ទកន្លងទៅនេះ។ ការដាក់ទណ្ឌកម្មនេះ នឹងបង្កកទ្រព្យសម្បត្តិរបស់លោក Maduro ទាំងអស់ ដែលជាកម្មវត្ថុអនុវត្ដនៃដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ហើយនឹងហាមឃាត់ពលរដ្ឋអាមេរិកទាំងអស់មិនឱ្យធ្វើអាជីវកម្ម ជាមួយលោកផងទៅទៀត។
ផ្អែកតាមលទ្ធផលព្រឹត្ដិន័យ(ជាក់ស្តែង)នៃការដាក់ទណ្ឌកម្មនេះ លោក Maduro នឹងត្រូវបានហាមឃាត់មិនឱ្យមានសិទ្ធិប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធពាណិជ្ជកម្មអាមេរិកទៀតឡើយ។ ការសម្រេចដាក់ទណ្ឌកម្មនេះ ប្រកាសឱ្យអនុវត្ដ រយៈពេលមួយថ្ងៃ បន្ទាប់ពីការបោះឆ្នោតសភាអាណត្ដិថ្មីដ៏ចម្រូងចម្រាសរបស់វ៉េណេស៊ុយអេឡា ដែលនឹងផ្ដល់អំណាចដល់សភា ក្នុងការតាក់តែងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ សារជាថ្មី។
ប្រទេសវ៉េណេស៊ុយអេឡា បានប្រឈមមុខនឹងភាពចលាចលផ្នែកនយោបាយ ចាប់តាំងពីគណបក្សប្រឆាំង បានក្ដោបក្ដាប់អំណាច នៅក្នុងរដ្ឋសភា កាលខែធ្នូឆ្នាំ ២០១៥ ។ កាលពីសប្តាហ៍មុន គណបក្សប្រឆាំងរបស់វេណេហ្ស៊ូអេឡា បានធ្វើការអំពាវនាវឱ្យធ្វើកូដកម្មទូទៅរយៈពេល ៤៨ ម៉ោងដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោត ដែលបានគ្រោងទុក។ ការបោះឆ្នោតប្រជាមតិតាមការស្ម័គ្រចិត្ដនេះ ត្រូវបានធ្វើឡើងនៅវ៉េណេស៊ុយអេឡា កាលពីដើមខែនេះ ដោយជាប់ពាក់ព័ន្ធនឹងសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលបានបង្ហាញឱ្យឃើញថា អ្នកបោះឆ្នោតប្រមាណ ៩៨ ភាគរយបានបដិសេធចំពោះសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញថ្មីនេះ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើពហិការដោយអ្នកគាំទ្ររដ្ឋាភិបាលជាច្រើននាក់។
នៅខែឧសភា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងចៅក្រមតុលាការកំពូលរបស់ប្រទេសវ៉េណេស៊ុយអេឡា ពីបទដណ្តើមយកអំណាចលទ្ធិប្រជាធិបតេយ្យដោយខុសច្បាប់។ នៅក្នុងខែតុលា រដ្ឋសភាបានបោះឆ្នោត ដើម្បីបើកនីតិវិធីចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងលោក Maduro ដោយលើកបទចោទប្រកាន់ថា ប្រធានាធិបតីរូបនេះ ប្រើអំណាចផ្ដាច់ការបំពានលើរដ្ឋធម្មនុញ្ញ និងមិនគោរពឆន្ទៈពលរដ្ឋវ៉េណេស៊ុយអេឡា ។
នៅខែដដែលនោះ រដ្ឋសភាក៏បានប្រកាសផងដែរថា មានការមិនគោរពតាមរដ្ឋធម្មនុញ្ញ ហើយថា រដ្ឋាភិបាលបានធ្វើរដ្ឋប្រហារ ដោយរារាំងការប៉ុនប៉ងបណ្ដេញលោក Maduro ចេញពីអំណាច។ ស្ថានភាពអស្ថិរភាពនេះ បានឡើងដល់កំពូល កាលពីថ្ងៃទី ៣០ ខែមីនា នៅពេលដែលតុលាការកំពូលវ៉េណេស៊ុយអេឡា បានរំលាយរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង និងដណ្ដើមយកអំណាចនីតិបញ្ញត្ដិទាំងអស់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist