លេងនៅក្នុងទឹកដីរបស់ខ្លួន ថែមទាំងមាននៅក្នុងដៃ នូវកីឡាករល្អៗច្រើន ប៉ុន្តែ Mecamex Binh Doung ម្ចាស់ការពារជើងឯកពានរង្វាន់ Toyota Mekong Club Championship និងក៏ជាក្លឹបខ្លាំង ម្ចាស់ជើងឯក ពានរង្វាន់ V-League 2015 ផងនោះ បានទទួលរងនូវភាពជូរចត់មួយ កាលពីយប់ថ្ងៃទី៦ ខែធ្នូ ម្សិលមិញ នេះ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្លឹប Boeung Ket Angkor របស់កម្ពុជា ក្នុង ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ Toyota Mekong Club Championship 2015។
ការដែលក្លឹប Mecamex Binh Doung បានចាញ់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វាជាលទ្ធផលមួយគួរឲ្យ ភ្ញាក់ផ្អើល ក្នុងរដូវកាលប្រកួតនេះ នៅពេលដែលក្លឹបជាម្ចាស់ផ្ទះកំពុងតែគ្រងតំណែងជើងឯកពានរង្វាន់ V-League 2015 ត្រូវបានគេវាយតម្លៃខ្ពស់ជាងច្រើន បើប្រៀបជាមួយនឹងក្លឹប Beoung Ket Angkor មកពី ប្រទេសកម្ពុជា។ នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក ប្រទេសវៀតណាមបានចុះផ្សាយ។
បន្ទាប់ពីការប្រកួតចប់ គ្រូបង្វឹកលោក Nguyen Thanh Son របស់ក្លឹប Mecamex Binh Doung បានបញ្ជាក់ឲ្យដឹងថា ក្រុមរបស់ខ្លួនលេងបាល់បានល្អណាស់ ហើយការដែលចាញ់ក្លឹប Beoung Ket Angkor មកពីខ្វះសំណាងតែប៉ុណ្ណោះ។ “តង់ទី១ ពួកយើងចាប់ផ្តើមការប្រកួតបានយ៉ាងល្អ លេងដាក់ សម្ពាធទៅលើគូប្រកួតបានច្រើន។ គ្រាប់បាល់ទីមួយ គឺជាផ្លៃផ្កាដែលបានមកពីការសម្រុកវាយលុក ទៅលើគូប្រកួត។ ជាក់ស្តែង ចុងក្រោយ Mecamex Binh Doung បែរជាចាញ់ ហើយនេះគឺជាបាល់ទាត់។ ខ្ញុំសូមចូលរួមអបអរសាទរ ក្លឹបមកពីប្រទេសកម្ពុជា។ ពួកយើងមិនដែលបាត់បង់ស្មារតីប្រកួតនោះទេ ការដែលចាញ់ គឺដោយសារតែពួកគេមានការវាយបកវិញបានយ៉ាងល្អ នៅក្នុងការប្រកួតថ្ងៃនេះ” គ្រូបង្វឹក លោក Nguyen Thanh Son បានឲ្យដឹង។
លោក Nguyen Thanh Son បានធ្វើការស្រាយបញ្ជាក់បន្ថែមពីមូលហេតុ ដែលនាំទៅដល់ប្រកួតចាញ់ របស់ក្រុមម្ចាស់ផ្ទះ យ៉ាងដូច្នេះ៖ “ពួកយើងចាញ់មិនមែនមកពីខ្វះកីឡាករបរទេសនោះទេ ពួកយើងមិន មានសំណាង ទើបទទួលបរាជ័យ ហើយការដែលមានកីឡាករបរទេសច្រើន ឬអត់នោះ មិនមែនជាកត្តា ចម្បង សម្រេចសេចក្តីនោះទេ”។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីយកឈ្នះបានក្លឹបជើងឯករបស់វៀតណាម ក្នុងលទ្ធផល ៣ ទល់នឹង ២ កាលពីយប់ម្សិលមិញមក ក្លឹប Boeung Ket Angkor របស់កម្ពុជា នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ នឹងក្លឹបជើងឯក លីកកំពូលរបស់ថៃ Buriram United នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ៕
ទស្សនាវីដេអីហាយឡាយជ័យជនះរបស់ក្លឹប Boeung Ket Angkor លើក្លឹប Mecamex Binh Doung ដូចខាងក្រោម៖
ប្រែសម្រួល៖ មង្គល
ប្រភព៖ 24h