CamNews

ព័ត៌មានអន្តរជាតិ 

Update: រថភ្លើងពីរខ្សែបុកគ្នាប៉ាគីស្ថាន នាំឲ្យមនុស្សស្លាប់ និងរបួសកើនដល់ ១៥៦នាក់ ខណៈមូលហេតុ

(អ៊ីស្លាមបាដ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោចណាស់ ០៦នាក់ បានបាត់បង់ជីវិត និង ១៥០នាក់ ផ្សេងទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍បុកគ្នា រវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងផ្ទុកទំនិញ នៅស្រុក Multan ស្ថិតនៅចំកណ្តាល ប្រទេសប៉ាគីស្ថានតែម្តង។ នេះបើតាម ការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិសស្រុក Multan ដែលជាកន្លែងកើតហេតុលោក Muhammad Rizwan បាននិយាយថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសភាគច្រើន ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ ការបុកគ្នាបានបណ្តាលឲ្យ ក្បាលរថភ្លើងមួយខ្ទាតចេញពីផ្លូវដែក និងទូររថភ្លើងចំនួន បួនក៏បានរមាលធ្លាក់ចេញពី ផ្លូវដូចគ្នាដែរ។

គួរបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរ បានធ្វើដំណើរពីទីក្រុង Peshawar ភាគពាយ័ព្យឆ្ពោះទៅទីក្រុង Karachi នៃភាគខាងត្បូងប្រទេស បានបុកនឹងរថភ្លើង ដឹកទំនិញដែលទើបតែធ្វើដំណើរបាន ១៥នាទី ប៉ុណ្ណោះចេញពីស្ថានីយ៍ Multan ស្ថិតនៅក្នុងស្រុក Multan នៃខេត្ត Punjab។

សម្រាប់មូលហេតុនៃគ្រោះថ្នាក់ ចរាចរណ៍ផ្លូវដែកខាងលើនេះ គឺដោយសារតែមានបុរសវ័យចំណាស់ ម្នាក់ចង់សម្លាប់ខ្លួនលើរថភ្លើងដឹកទំនិញ ទើបអ្នកបញ្ជា រថភ្លើងនោះបង្ខំចិត្ត ឈប់នៅកណ្តាលផ្លូវ ហើយរថភ្លើងដឹកអ្នកដំណើរ ដែលមានទិសដៅស្របគ្នា ក៏មកបុកគូទរថភ្លើងដឹកទំនិញនោះតែម្តង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: international news