(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសម្តែងការប្រតិកម្មទៅនឹងការចុះផ្សាយអំពី វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទៅលើមន្រ្តីនគរបាលចរាចរណ៍ និងនគរបាលធ្វើអត្តសញ្ញាណប័ណ្ណ ដែលប្រព្រឹត្តខុសប្រក្រតី នៅឆ្នាំ២០១៦ ខាងមុខនេះ។
ក្រសួងមហាផ្ទៃ បានចាត់ទុកថា សម្រង់ខ្លឹមសារនេះមានលក្ខណៈធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលជាតិ ដើម្បីខិតខំពង្រឹង ថែរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលនោះជាកត្តាដំបូងបំផុត មិនអាចខ្វះបានសម្រាប់ការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។
កាលពីម្សិលមិញ ក្នុងកម្មវិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅសាលមហោស្រពកោះពេជ្រ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននិយាយថា នៅឆ្នាំ២០១៦ ខាងមុខនេះ លោកនឹងចាប់ផ្តើមដុសក្អែលមន្រ្តី ធ្វើអត្តសញ្ញាណប័ណ្ណ ប៉ូលិសចរាចរណ៍ និងកុងត្រូលជជុះ ដែលប្រព្រឹត្តអំពើពុករលួយ និងភាពអសកម្ម នៅក្នុងការបំពេញការងារ។
លោកទេសរដ្ឋមន្រ្តីបាននិយាយថា «ឆ្នាំ២០១៦នេះ យើងនឹងធ្វើផែនការច្បាស់រឿង ធ្វើអត្តសញ្ញាណប័ណ្ណ ម្តេចក៏ប្រជាជនរអ៊ូខ្លាំងម្ល៉េះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរួមជាមួយកម្លាំងយុវជន ដោះស្រាយបញ្ហាបាតុភាពអសកម្ម ដែលមាននៅក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនេះឯង»។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា «ទី២ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរួមជាមួយយុវជនដោះស្រាយបាតុភាពតាមផ្លូវថ្នល់ ហើយមានន័យថា ប៉ូលិសចរាចរ មានន័យថាកុងត្រូលជជុះដែលដុះស្នឹម យើងសុំប្រើច្រាស់ដែករបស់យុវជនយើង ដើម្បីដុះសម្អាតបញ្ហានេះ ឱ្យផ្លូវថ្នល់របស់យើង បានស្អាតទាំងផ្លូវវិថី ទាំងផ្លូវជាតិ»។
ក្រសួងមហាផ្ទៃ បានប្រកាសថា ខ្លួនបានធ្វើការណែនាំដល់មន្រ្តីរដ្ឋបាលសាធារណៈ និងមន្រ្តីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ត្រូវខិតខំ ប្រឹងប្រែងឱ្យអស់លទ្ធភាព និងសមត្ថភាពបម្រើប្រជាពលរដ្ឋតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយក្នុងនោះមានទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់ឯកសារសម្គាល់ខ្លួនផ្សេងៗ តាមច្បាប់តម្រូវជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជាគុណប្រយោជន៍ ដល់ការប្រកបរបរចិញ្ចឹមជីវិត និងលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ។
លោកបានបន្ថែមថា «ថ្វីត្បិតតែយ៉ាងនេះក៏ដោយ ស្ថិតនៅក្នុងបរិបទនៃការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលជាតិទាំងមូល ក្រសួងមហាផ្ទៃទទួលស្គាល់ថា នៅមានបុគ្គលនគរបាលខ្លះ បានឆ្លៀតឱកាសប្រព្រឹត្តិទង្វើមិនគប្បីប្រាសចាកពី ក្រមសីលធម៌មន្រ្តីរដ្ឋបាលសាធារណៈ និងប្រាសចាកវិន័យនៃកងកម្លាំងនគរបាលជាតិ ធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បា ឬអាក់អន់ស្រពន់ចិត្ត ប៉ុន្តែមន្រ្តីទាំងនោះត្រូវបានក្រសួងមហាផ្ទៃ ចាត់វិធានការដោះស្រាយតាមនីតិវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ជាបន្តបន្ទាប់ ក្រោយពីបានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋ និងធ្វើការស៊ើបអង្កេតគ្រប់គ្រាន់តាមនីតិវិធី និងមានតម្លាភាព» ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវ