CamNews

ព័ត៌មានអន្តរជាតិ 

ពលករខ្មែរ និងប្រទេសដទៃ ដែលចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ នឹងត្រូវចុះបញ្ជីស្របច្បាប់

ប្រទេសថៃ នឹងពុំមានពលករចំណាកស្រុកខុសច្បាប់ទៀតទេ នៅឆ្នាំក្រោយនេះ រដ្ឋមន្រ្តីក្រសួងការងារ លោក Sirichai Distakul បានសន្យាបែបនេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការបង្កើតមជ្ឈមណ្ឌលចំនួន ១០១ កន្លែងដើម្បីធ្វើឱ្យមានអានុភាពគតិយុត្ដនូវស្ថានភាពពលករទេសន្តរប្រវេសន៍ នៅទូទាំងប្រទេស។


លោកបាននិយាយថា មជ្ឈមណ្ឌលទាំងនេះ អាចរ៉ាប់រងចុះបញ្ជីពលករអន្តោប្រវេសន៍ ដែលមិនបានចុះបញ្ជីស្របច្បាប់ចំនួន ២ លាននាក់ ឬប្រហែល ១,៥០០  នាក់ នៅឯមជ្ឈមណ្ឌលនីមួយៗ ក្នុងមួយថ្ងៃ។




មជ្ឈមណ្ឌលចុះបញ្ជីទាំង ១០១ កន្លែងនេះ បានប្រតិបត្ដិការងារជាផ្លូវការយ៉ាងរួសរាន់ ដើម្បីផ្តល់សេវាចុះបញ្ជីជូនដល់កម្មករអន្តោរប្រវេសន៍ ដែលពុំបានចុះបញ្ជីស្របច្បាប់ ដែលបានធ្វើការ នៅក្នុងប្រទេសថៃ ដោយគ្មានឯកសារតម្រូវ រួមទាំងប័ណ្ណការងារ និងលិខិតបញ្ជាក់អត្តសញ្ញាណ (CI) ព្រមទាំងស្ថានភាពការងារស្របច្បាប់។

មជ្ឈមណ្ឌលចុះបញ្ជី ដែលនឹងបើកបម្រើសេវាចុះបញ្ជីរហូតដល់ថ្ងៃទី ៧ ខែសីហានេះ មានគោលបំណងឱ្យពលករទេសន្តរប្រវេសន៍ខុសច្បាប់ទាំងអស់ ត្រូវចុះបញ្ជី ស្របតាមអនុក្រឹត្យរបស់ស្ថាប័ននីតិប្រតិបត្តិ ដែលនឹងដាក់ទណ្ឌកម្មក្នុងកម្រិតធ្ងន់ធ្ងរ លើនិយោជករូបណា ដែលជួលជនបរទេសឱ្យធ្វើការ ដោយគ្មានឯកសារត្រឹមត្រូវ ស្របតាមគោលការណ៍គតិយុត្ដ។ រដ្ឋាភិបាល នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគតិយុត្ដរបស់កម្មករ ដែលអាចបញ្ជាក់ថា ពួកគេមានការងារត្រឹមត្រូវតាមច្បាប់ ក៏ដូចជាបង្ហាញពីអត្តសញ្ញាណរបស់ពួកគេ។

លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានអនុវត្តកថាខណ្ឌទី ៤៤ នៃអនុក្រឹត្ដនោះ ធ្វើជាមធ្យោបាយមួយដើម្បីទប់ស្កាត់អំពើខុសឆ្គង រួមទាំងការជួញដូរមនុស្សឆ្លងដែន។ ការចុះបញ្ជីរយៈពេល ១៥ ថ្ងៃ ដែលមជ្ឈមណ្ឌលនេះ បើកផ្ដល់សេវាជូនពលករចំណាកស្រុកនេះ គឺជាផ្នែកមួយនៃរយៈពេល ១៨០ ថ្ងៃដ៏ថ្លៃថ្លា  ដែលរដ្ឋាភិបាលបានផ្តល់ឱ្យនិយោជក និងកម្មករ អាចទទួលបានឯកសារការងាររបស់ខ្លួន។

លោកឧត្តមសេនីយ៍ Sirichai បាននិយាយថា បន្ទាប់ពីរយៈពេលនេះតទៅ និយោជករួមនឹងកម្មកររបស់ខ្លួន ត្រូវឆ្លងកាត់ដំណើរការមួយដើម្បីផ្ទៀងផ្ទាត់ស្ថានភាពការងាររបស់ខ្លួន ចាប់ពីថ្ងៃទី ៨ សីហា ដល់ថ្ងៃទី ៨ ខែកញ្ញា។

លោកក៏បានបដិសេធផងដែរនូវពាក្យចចាមអារ៉ាមដែលថា រដ្ឋាភិបាលនឹងបើកដំណើរការនូវការចុះបញ្ជីមួយផ្សេងទៀត ហើយលោកក៏បានទទូចផងដែរថា ការចុះបញ្ជីនេះ នឹងជារយៈពេលចុងក្រោយ សម្រាប់និយោជកថៃ ក្នុងការធ្វើឱ្យស្របតាមស្ថានភាពគតិយុត្ដចំពោះនិយោជិត ដែលពុំបានចុះបញ្ជិការកាងាររបស់ខ្លួន ដោយមិនប្រឈមនឹងវិធានការណ៍ផ្លូវច្បាប់។

អ្នកស្រី ML Puntarik Samiti លេខាធិការអចិន្រៃ្តយ៍ទទួលបន្ទុកផ្នែកពលករ បាននិយាយថា បន្ទាប់ពីនិយោជក បានដាក់ជូននូវឯកសារទៅមន្រ្តីបំពេញការងារ នៅមជ្ឈមណ្ឌលទាំងនេះ អាជ្ញាធរនឹងចំណាយពេលត្រឹមតែបីនាទីប៉ុណ្ណោះ ក្នុងការបញ្ចូលព័ត៌មានចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួង។ អ្នកស្រីបន្ថែមទៀតថា និយោជកមិនចាំបាច់ជួលភ្នាក់ងារឯកជន ដើម្បីគ្រប់គ្រងលើការចុះបញ្ជីនោះទេ ព្រោះដំណើរការចុះបញ្ជីនេះ មិនលក្ខណៈស្មុគស្មាញឡើយ។

នៅខេត្តឈាងរ៉ៃ និយោជក និងពលករចំណាកស្រុកជាច្រើន បាននាំគ្នាទៅចុះឈ្មោះ នៅតាមមជ្ឈមណ្ឌលចុះបញ្ជីទាំងនោះ។

លោក Narongsak Osotthanakorn អភិបាលខេត្តនេះ បាននិយាយថា និយោជិកភាគច្រើន មិនយល់ពីដំណើរការចុះបញ្ជីនោះទេ ប៉ុន្តែលោកបានបន្ថែមថា ការចុះបញ្ជីនេះ មានភាពងាយស្រួលខ្លាំងណាស់ ដោយសារតែព័ត៌មានតិចតួចបំផុត ដែលតម្រូវឱ្យមាននៅក្នុងឯកសារតែមួយ។ និយោជក ក៏មិនចាំបាច់នាំកម្មកររបស់ខ្លួន មកកាន់មជ្ឈមណ្ឌលនេះដែរ ព្រោះពួកគេអាចផ្ទេរសិទ្ធិឱ្យអ្នកដទៃដាក់ជូនឯកសារដល់មន្រ្ដីបំពេញការងារ ជំនួសខ្លួនបាន។

លោក Somchai Akkarathamkul ប្រធានការិយាល័យការងារខេត្ត សៀមតុង បានថ្លែងថាមជ្ឈមណ្ឌលទាំងនេះភាគច្រើន បានស្វាគមន៍និយោជកមកពីបណ្ដាក្រុមហ៊ុនតូចៗ ដែលបានដឹងពីតម្រូវការក្នុងការចុះបញ្ជីបុគ្គលិករបស់ខ្លួន។ លោកបាននិយាយថា ពលករចំណាកស្រុកដែលគ្មានឯកសារចំនួន ៣០,០០០ ទៅ ៤០,០០០ នាក់ត្រូវបានរកឃើញថា កំពុងធ្វើការនៅក្នុងខេត្តនេះ។ នៅទីលាន IT នៅខណ្ឌឡាក់ស៊ីនៃទីក្រុងបាងកក កម្មករអន្តោប្រវេសន៍ ដែលគ្មានឯកសារចំនួន ១,០៥៣ នាក់ត្រូវបានចុះបញ្ជីដោយនិយោជករបស់ពួកគេចំនួន ៤៤៨ នាក់ ចាប់ពីម៉ោង ៤ រសៀលថ្ងៃចន្ទ។

អ្នកស្រី Anchalee Chupachookbandan អ្នកស្រាវជ្រាវសន្តិសុខសង្គម នៅក្រសួងការងារ បាននិយាយថា រហូតមកដល់ពេលនេះ ចំនួនអ្នកទៅចូលរួមចុះបញ្ជី មានចំនួនតិចតួចនៅឡើយ ប៉ុន្តែអ្នកស្រីជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងធ្វើការចុះបញ្ជីសរុប នៅក្នុងថ្ងៃចុងក្រោយនៃដំណើរការចុះបញ្ជី។

អ្នកស្រី បាននិយាយថា ក៏មានការយល់ច្រឡំផងដែរ ក្នុងចំណោមនយោជក ពាក់ព័ន្ធនឹងថា តើកម្មករពិតប្រាកដម្នាក់ណា នឹងត្រូវធ្វើការចុះបញ្ជី។ អ្នកស្រី Anchalee បាននិយាយថា៖ "យើងបានប្រាប់និយោជកថា ពួកគេមិនចាំបាច់ចុះបញ្ជី ជាមួយយើងនោះទេ ប្រសិនបើពលករណាម្នាក់ មានឯកសារត្រឹមត្រូវទាំងអស់រួចហើយនោះ" ។ ក្នុងករណី ដែលពួកគេកំពុងជួលជនអន្តោប្រវេសន៍ខុសច្បាប់ ពួកគេនឹងត្រូវស្នើឱ្យចុះបញ្ជី៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost 


Tags: International news