CamNews

តារា 

ឡុង ប៊ុនហេង ស្ងាត់ៗលួច បង្កាត់ភ្លើងស្នេហ៍ជាមួយ នារីសម្បូរទ្រព្យ

ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Pop Model លោក ឡុង ប៊ុនហេង ថ្មីៗនេះ មានព័ត៌មានលេចឮ ដ៏រសើបមួយ ត្រូវបានគេ ទម្លាយឲ្យដឹងថា មួយរយៈដែលលោកផ្អាក ការងារសិល្បៈ ទៅស្រវាតំណែង ជាជំនួយការម្ចាស់ក្លឹបនោះ គឺលោក បានចងសម្ព័ន្ធភាព ជាមួយនារីវ័យក្មេង រូបស្អាតម្នាក់ ជាអ្នកសម្បូរទ្រព្យ និងកំពុងតែផ្អែមល្ហែម ជាមួយគ្នា ។

ទស្សនិកជននៅចាំបានថា នាពេលកន្លងមកតារាបង្ហាញម៉ូដក្នុង ក្រុម Pop Model លោក ឡុង ប៊ុនហេង ធ្លាប់បានជំពប់នឹងរឿងរ៉ាវស្នេហា ជាមួយនឹងតារាស្រីមួយដួង ដែលជាប្រធានក្រុមម៉ូដែល គឺកញ្ញា សារ៉ា ប៉ុន្តែព័ត៌មាននេះ ត្រូវបានស្ងប់ស្ងាត់ ទៅវិញ ប្រៀបបីដូចជារលកស្ងប់ខ្យល់ បន្ទាប់ពីម្ចាស់សាម៉ីខ្លួន ទាំងពីរនាក់ បានចេញមុខបកស្រាយ និងច្រានចោលទៅវិញ។ បន្ទាប់ពីលោកបានបដិសេធរួចមក លោកក៏បានផ្តាច់ខ្លួន ចេញពីសិល្បៈមួយរយៈធំ ដោយទៅសម្ងំធ្វើជា ជំនួយការម្ចាស់ក្លឹបមួយ ក្នុងរាជធានីភ្នំពេញ ។

តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់ អារម្មណ៍ ទៅលើលោកសារជាថ្មីម្តងទៀតនោះ គឺ នៅពេលថ្មីៗនេះ មានព័ត៌មានលេចឮ ដ៏រសើបមួយថា តារាប្រុសរូបនេះ កំពុងតែលួចលាក់ បង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយ នារីវ័យក្មេងរូបស្អាត ជាកូនអ្នកមានសម្បូរដុល្លារ ហើយនាងក៏ជាអ្នកនៅ ពីក្រោយខ្នង ជួយជ្រោមជ្រែងឲ្យ លោកបានធ្វើជាជំនួយ ការម្ចាស់ក្លឹបកម្សាន្ត នោះផងដែរ ។

បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យដឹងថា ថ្មីៗនេះ លោក ប៊ុនហេង ហាក់មានភាពស្និទ្ធស្នាល ជាមួយនារីវ័យក្មេងរូបស្អាត សាច់សម្នាក់នេះ ព្រោះជានិច្ចកាល គេតែងតែឃើញលោក បណ្តើរនារីម្នាក់នោះ ទៅណាមកណាជាមួយគ្នា មិនដាច់ ប្រៀបដូចជាលលកញីឈ្មោល ។ មិនតែប៉ុណ្ណោះ នៅពេលដែលពួកគេ បង្ហាញវត្តមាន នៅក្នុងក្លឹបកម្សាន្ត ដែលលោកធ្វើការនោះ គឺពួកគេទាំងពីរនាក់ តែងតែបង្ហាញភាពល្អូកល្អឺន កៀកកើយគ្នា មិនចាញ់គូស្នេហ៍ដទៃឡើយ ។

ទាក់ទងនឹងព័ត៌មានក្ដៅៗនេះ ដែលលើកឡើងថា បុរសរូបសង្ហារ ម្នាក់នេះ ផ្តាច់ពីសិល្បៈទៅសម្ងំសាងស្នេហ៍ស្ងាត់ៗ ជាមួយនារីរូប ស្អាតម្នាក់នោះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅលោក ដើម្បីឲ្យបកស្រាយ ទាក់ទងនឹងរឿងនេះ បានទេ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ខណៈទូរស័ព្ទត្រូវបានបិទ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh