Soi Cowboy ជាតំបន់កំសាន្តដ៏ល្បីឈ្មោះមួយនៅក្រុងបាងកក ស្ថិតនៅក្នុងសភាពងងឹត នៅពេល
បណ្ដាហាង បារ ឈប់ដំណើរការដើម្បីកាន់ទុក្ខព្រះមហាក្សត្រដែលទើបសោយទិវង្គត។
នៅ Soi Cowboy ជាតំបន់ដែលនៅតែបើកទ្វារទទួលភ្ញៀវ កាលពីមានព្រឹត្តិការណ៍រដ្ឋប្រហារកន្លង
មក ពេលនេះកំពុងស្ងាត់ជ្រងំ។
ទិដ្ឋភាពនៅ Nana Plaza តំបន់ភ្លើងក្រហមនៅបាងកក ដែលត្រូវបានគេជឿថា កន្លែងដែលមាន
សកម្មភាពផ្លូវភេទធំបំផុតក្នុងលោក ត្រូវបានគេផ្អាកដំណើរការ។ រូប ៖ AP
Telegraph ដកស្រង់សំដី Fabrice ដែលជាអ្នកបម្រើលើយន្តហោះពីក្រុង បារីស និយាយថា “ពិត
ជាមិនអាចជឿបាន។ ខ្ញុំមិនដែលបានឃើញទិដ្ឋភាពបែបនេះពីមុនមក។ ប៉ុន្តែ យើងខ្ញុំយល់”។
Thanapan Sriphan អ្នកគ្រប់គ្រងហាង Spritz ដែលនៅតែបើកដំណើរការ ឱ្យដឹងថា ប្រាក់ចំណូល
បានថយចុះ ២ភាគ៣។ អ្នកស្រីថ្លែងថា “យ៉ាងនេះក្ដី យើងខ្ញុំមិនអន់ចិត្តដោយសារមុខជំនួននេះ
នោះទេ នោះគឺដើម្បីព្រះមហាក្សត្រ”។
នៅក្នុងតំបន់ទេសចរណ៍តាមដងផ្លូវ Khaosan ជាកន្លែងដែលអ្នករាល់គ្នាអាចរាំរែកទៅតាមចង្វាក់
ភ្លេងរហូតដល់ព្រឹក ពេលនេះ ភ្ញៀវបានត្រឹមតែផឹកភេសជ្ជៈដែលមានជាតិអាកុលទាប ហើយហាង
ទាំងនោះ អាចបើកដំណើរការដល់ត្រឹមតែពាក់កណ្ដាលយប់ ទៅតាមបញ្ជារបស់នគរបាល។ បារ
ទាំងឡាយសុទ្ធតែត្រូវបានបិទទ្វារ និងត្រូវហាមបើកចម្រៀង។
ទិដ្ឋភាពស្ងាត់ជ្រងំនៅបារមួយក្នុងតំបន់ភ្លើងក្រហម។ រូប ៖ Reuters
Danny Cheaton អាយុ ៣២ឆ្នាំ ជាជនជាតិអង់គ្លេស ទើបតែមកដល់ប្រទេសថៃបានមួយអាទិត្យ
បង្ហាញនូវភាពជឿជាក់ក្នុងស្ថានភាពស្ងប់ស្ងាត់បែបនេះ។ Danny Cheaton និយាយថា “ខ្ញុំបានមក
ដល់ទីនេះមុននោះ ហើយតំបន់នេះ តែងតែមមាញឹក។ ប៉ុន្តែ បែបនេះគឺល្អជាងអ្វីដែលខ្ញុំរំពឹងទុក”។
សកម្មភាពកំសាន្តនៅប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរណ៍ ប្រហែល ៣០លាននាក់ក្នុងមួយ
ឆ្នាំ និងមានចំនួន ១០% ក្នុងចំណោមប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ប៉ុន្តែ សកម្មភាពកំសាន្ត
ទាំងនេះកំពុងតែត្រូវបានផ្អាកក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីកាន់ទុក្ខបន្ទាប់ពីព្រះមហាក្សត្រ
Bhumibol Adulyadej បានសោយទិវង្គត កាលពីថ្ងៃទី ១៣តុលា។ ប្រការនេះ បានបណ្ដាលឱ្យអ្នក
សិល្បៈមួយចំនួនជួបបញ្ហា។
នៅ Bangkok Bunnies ដែលជាក្លិបរាត្រីមួយនៅក្នុងតំបន់ភ្លើងក្រហម Nana Plaza បុគ្គលិកពីរ
នាក់ឈ្មោះ Bill និង Bells ឱ្យដឹងថា ពួកគេរស់ដោយសារប្រាក់ចំណូលពី ១៣ទៅ១៩ដុល្លារក្នុង
មួយថ្ងៃ ទន្ទឹមនឹងប្រាក់ខែ ១៦០ដុល្លារ/ខែ។ Bells និយាយថា “ពិតហើយ យើងខ្ញុំមានការព្រួយ
បារម្ភអំពីប្រការនេះ”។
ការប្រគំតន្ដ្រី និងពិធីជប់លៀងត្រូវបានផ្អាក ហើយបណ្ដាហាង បារ ភាគច្រើនដែលធ្លាប់តែមានភ្ញៀវ
ច្រើន ពេលនេះ "ស្ងាត់ដូចចោរលួចសេះ"
បរិយាកាសទុក្ខសោកក៏កើតមានទៅលើវិស័យកំសាន្តនៅកន្លែងដទៃរបស់ប្រទេសថៃ នៅពេលប្រជា
ពលរដ្ឋនាំគ្នាកាន់ទុក្ខ។ ប្រទេសថៃ នឹងកាន់ទុក្ខរយៈពេលមួយឆ្នាំ។ ឧបនាយករដ្ឋមន្រ្តី Wissanu
Krea-Ngam ឱ្យដឹងថា ព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវបានធ្វើឡើង បន្ទាប់ពីពិធីកាន់ទុក្ខបាន
បញ្ចប់។ ព្រះរាជពិធីឡើងគ្រងរាជរបស់ព្រះរាជបុត្រា Vajiralongkorn ព្រះជន្ម ៦៤ព្រះវស្សា ក៏នឹង
ត្រូវបានធ្វើឡើងក្រោយពិធីថ្វាយព្រះភ្លើង៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Telegraph