CamNews

ព័ត៌មានអន្តរជាតិ 

UN អនុម័តសន្ធិសញ្ញាស្ដីពីការរំសាយសព្វាវុធនុយក្លេអ៊ែរ ខណៈប្រទេសមួយចំនួនបដិសេធមិនចូលរួម

រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ទ 122-1  កាលពីថ្ងៃសុក្រ ដើម្បីអនុម័តសន្ធិសញ្ញាពហុភាគី ដែលភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ជាលើកដំបូងស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ នៅក្នុងព្រឹត្ដិការណ៍នោះ ប្រទេសហូឡង់ បានបោះឆ្នោតប្រឆាំងនឹងការអនុម័តសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈប្រទេសសិង្ហបុរី មិនមានវត្តមាន នៅក្នុងសន្និសីទនេះទេ។

ក្នុងចំណោមបទប្បញ្ញត្ដិនានា សន្ធិសញ្ញានេះ បង្កើតអានុភាពហាមឃាត់ 1) ចំពោះការអភិវឌ្ឍ ការធ្វើតេស្ត ការផលិត ការទិញ ការកាន់កាប់ ការរក្សាទុក ការផ្ទេរ ឬការទទួលយកអាវុធនុយក្លេអ៊ែរ។ 2) ការប្រើប្រាស់ ឬការគំរាមកំហែងថា នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយផ្ទាល់ ឬដោយប្រយោល  3) ការផ្ដល់ជំនួយ ការលើកទឹកចិត្ត ឬការទាក់ទាញបុគ្គលណាម្នាក់ ឬការស្វែងរកជំនួយតាមវិធីណាមួយ ពីជនណាម្នាក់ដើម្បីចូលរួមក្នុងសកម្មភាពទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ ស្របតាមសន្ធិសញ្ញានេះ។  4 ) ការដាក់ស្ថានីយ៍នុយក្លេអ៊ែរ ការដំឡើង ឬការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទណាមួយ នៅក្នុងដែនដីរបស់រដ្ឋជាសមាជិក ឬនៅគ្រប់ទីកន្លែង ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។



សន្ធិសញ្ញានេះ ក៏តម្រូវឱ្យរដ្ឋជាសមាជិក ត្រូវធ្វើសេចក្ដីប្រកាស ទាក់ទងនឹងការកាន់កាប់អាវុធនុយក្លេអ៊ែរ ឬសព្វាវុធនុយក្លេអ៊ែរទាំងកាលពីមុន និងពេលបច្ចុប្បន្ន និងប្រកាសថា ប្រទេស ដែលជាប់ពាក់ព័ន្ធ នឹងលុបបំបាត់អាវុធ និងសម្ភារៈទាំងនេះ មុនពេលក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះ។ សន្ធិសញ្ញានេះ ក៏មានបទប្បញ្ញត្តិផ្សេងៗជាច្រើនទៀតផងដែរដូចជា ការការពារសុវត្ថិភាព ការកែតម្រូវបរិស្ថាន កិច្ចសហប្រតិបត្តិការ និងជំនួយអន្តរជាតិ ការដោះស្រាយវិវាទ និងការដកខ្លួនចេញពីសន្ធិសញ្ញា។ អគ្គលេខាធិការ លោក António Guterres សង្ឃឹមថា សន្ធិសញ្ញាអន្ដរជាតិនេះ នឹងលើកទឹកចិត្តដល់ការចរចា និងកិច្ចសហប្រតិបត្តិការ នៅក្នុងសហគមន៍អន្ដរជាតិដើម្បីឆ្ពោះទៅបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសដែលប្រដាប់អាវុធនុយក្លេអ៊ែរទាំងអស់ (ចិន បារាំង ឥណ្ឌាកូរ៉េខាងជើង រុស្ស៊ី ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស) និងសម្ព័ន្ធមិត្តមួយចំនួនទៀត បានធ្វើពហិការមិនចូលរួមក្នុងសន្និសីទនេះ ហើយបានដកខ្លួនចេញ មិនព្រមធ្វើការចរចា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បាននិយាយថា ពួកគេមិនមានបំណងចុះហត្ថលេខាផ្តល់សច្ចាប័ន ឬក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះនោះទេ ហើយថា សន្ធិសញ្ញានេះ មើលរំលងនូវការពិតនៃសន្តិសុខអន្តរជាតិ។

ការចូលជាសមាជិកនៃសន្ធិសញ្ញាហាមប្រាមនេះ គឺមិនស្របនឹងគោលនយោបាយទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលមានសារសំខាន់ក្នុងការរក្សាសន្តិភាព នៅអឺរ៉ុប និងអាស៊ីខាងជើង ក្នុងរយៈពេលជាង ៧០  ឆ្នាំមកនេះ។ សន្ធិសញ្ញានេះ នឹងបើកសិទ្ធិជូនរដ្ឋជាសមាជិកទាំងអស់ ដើម្បីចុះហត្ថលេខា នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំនេះ ហើយនឹងចូលជាធរមានក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីការផ្តល់សច្ចាប័នដោយប្រទេសអប្បបរមាចំនួន ៥០ ​ប្រទេស។

ការអភិវឌ្ឍ និងការលើកកម្ពស់កម្មវិធីអាវុធនុយក្លេអ៊ែរ និងការស្តុកទុកអាវុធនុយក្លេអ៊ែរ នៅតែបន្តបង្កើនក្តីបារម្ភជាអន្តរជាតិ។ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតដើម្បីចាប់ផ្តើមការចរចារ សម្រាប់សន្ធិសញ្ញានេះ ក្នុងខែតុលា បើទោះបីជាមានការជំទាស់ពីមេដឹកនាំពិភពលោក ដែលរួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងចក្រភពអង់គ្លេសក៏ដោយចុះ។ នៅចុងខែឧសភា គណៈអង្គការសហប្រជាជាតិ បានចេញសេចក្តីព្រាងសន្ធិសញ្ញាខាងលើ នៅទីក្រុងហ្សឺណែវ។

កាលពីខែមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចពង្រីកការដាក់ទណ្ឌកម្ម ដែលមានស្រាប់លើប្រទេសកូរ៉េខាងជើង ហើយបានអនុវត្តការដាក់ទណ្ឌកម្មទាំងនោះ ដល់បុគ្គលចំនួន ១៤ នាក់ និងអង្គការចំនួន ៤។ កាលពីខែឧសភា អតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់ JURIST និងអតីតមន្រ្តីក្រសួងការបរទេស លោក James Rudolph បានពិភាក្សាពីផលវិបាកនៃការរង់ចាំប្រទេសកូរ៉េខាងជើង ក្នុងការប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងខែវិច្ឆិកា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក យូគីយ៉ា អាម៉ាណូ បាននិយាយថា អ៊ីរ៉ង់បានបរាជ័យម្តងហើយម្តងទៀត ក្នុងការរក្សាស្តុកសមាសធាតុគីមី D 2O(Heavy Water) របស់ខ្លួនឱ្យនៅក្រោម ១៣០ តោន។ សមាសធាតុ D 2O  អាចយកទៅប្រើដើម្បីផលិតថាមពលនុយក្លេអ៊ែរ ឬដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist 


Tags: International news