(ភ្នំពេញ)៖ លោក ទិត្យ វិច្ឆិកា ដែលជាអតីតតារាចម្រៀងល្បីឈ្មោះ ហើយបច្ចុប្បន្នវិវឌ្ឍន៍ខ្លួនមក សកម្មជាមួយការងារមនុស្សធម៌ ជួយសង្គមថ្មីៗនេះ បានចេញវីដេអូឃ្លីបប្រតិកម្មឆ្លើយតប ចំពោះការរិះគន់របស់តារាច្រៀងស្រីម្នាក់ ដែលបានសរសេរធ្វើការរិះគន់ លើសពអតីតតារាចម្រៀង លោក វណ្ណ មករា ដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់ក្រឡាប់រថយន្តពីរលើកផ្លួនៗគ្នា នៅលើផ្លូវជាតិលេខ៤ កាលពីពេលថ្មីៗកន្លងមកនេះ។
ការចេញមុខឆ្លើយតប ពីសំណាក់លោក ទិត្យ វិច្ឆិកា នេះ បានធ្វើឡើងក្រោយពេលតារាស្រីរបស់ខ្មែរម្នាក់ បានសរសេររិះគន់ នៅលើហ្វេសប៊ុក ជាសាធារណៈជុំវិញហេតុការណ៍ នៃគ្រោះថ្នាក់ក្រឡាប់រថយន្ត ស្លាប់តារាចម្រៀងលោក វណ្ណ មករា ថាបណ្តាលមកពីការបើកបរ ដោយការពិសាគ្រឿងស្រវឹង។
លោក ទិត្យ វិច្ឆិកា បាននិយាយថា «ខ្ញុំឆ្ងល់ណាគាត់ស្លាប់បាត់ទៅហើយ ការងារអ្វីត្រូវយករឿងនេះ មករិះគន់គាត់ (វណ្ណ មករា) ។ ចង់រិះគន់ត្រូវរិះគន់មនុស្ស ដែលនៅរស់ បើនិយាយពីសិល្បៈ តើគាត់ខុសអ្វី អស់លោកអាចរិះគន់បាន ដើម្បីស្ថាបនា។ ដោយឡែកអ្នកស្លាប់បានទៅហើយ តើរិះគន់ដើម្បីបានប្រយោជន៍អ្វីមកវិញ ? ហើយការរិះគននោះ បងប្អូនមានធ្លាប់មើលខ្លួនឯងទេ លុះត្រាតែខ្លួនឯងជាទេវតា ឬជាមនុស្សម្នាក់ល្អឥតខ្ចោះ ចាំមករិះគន់គេ…»។
លោក ទិត្យ វិច្ឆិកា បាននិយាយបន្ថែមថា «ថ្ងៃនេះខ្ញុំក៏ចង់និយាយ ពីសិល្បការិនីម្នាក់ ដែលសរសេររិះគន់លើសព លោក វណ្ណ មករា មានលក្ខណៈជ្រុលនិយម។ តើប្អូនមានគិតទេពីអ្នកចម្រៀងច្រៀងក្នុងក្លឹបរាត្រី ហើយប្អូនឯងក៏គ្មានអ្វីអស្ចារ្យ ប៉ុន្មានដែរ ហើយអាចនឹងច្រៀងក្នុងក្លឹបផងដែរ។ ម្យ៉ាងទៀតប្រហែលជាស្រវឹង ជាងគេទៅទៀតក្នុងមួយយប់ៗនោះ តារាខ្លះស្រវឹងដល់ថ្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ បុកគេពេលយប់ទៀតផងក៏មាន។ ដូច្នេះត្រូវគិតឲ្យបានវែងឆ្ងាយ មុនរិះគន់គេ ព្រោះឧប្បទវហេតុគ្មាននរណាម្នាក់ ចង់ឲ្យកើតឡើងទេ..»។
ដើម្បីបានដឹងកាន់តែលម្អិតជាងនេះទៀត សូមប្រិយមិត្តទស្សនាឃ្លីបវីដេអូជុំវិញការប្រតិកម្ម ពីសំណាក់តារាប្រុសលោក ទិត្យ វិច្ឆិកា ខាងក្រោម ទាំងអស់គ្នា៖




: ...
Posted by Vicheka Tit on Monday, 25 January 2016
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី