CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ប្តេជ្ញាដាក់សម្ពាធ បន្ថែមទៀតលើ កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា សហរដ្ឋអាមេរិក
នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២ បានប្តេជ្ញា ដាក់ សម្ពាធ បន្ថែមទៀតទៅលើ សាធារណរដ្ឋ
ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដើម្បីអះអាង ពីកតព្វដ៏មោះមុត របស់ខ្លួនបន្ថែមទៀត ហើយ
ក៏មាន ការជំរុញ ឲ្យបង្កើតកិច្ចចរចា ៦ភាគីឡើងវិញផងដែរ ជុំវិញការបញ្ចប់កម្មវិធី នុយក្លេអ៊ែរ
និង បញ្ហានានាផ្សេងទៀត នៅតំបន់ឧបទ្វីបកូរ៉េ ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី វិចតូរៀ នូឡេន បានលើកឡើង ខាងលើ
នេះដោយឆ្លើយតប ទៅនឹងសមាជិកសភា គណបក្ស សាធារណរដ្ឋ ដែលបានរិះគន់ ទៅនឹង
រដ្ឋបាលលោកប្រធានាធីបតី បារ៉ាក់ អូបាម៉ា ចំពោះភាពបរាជ័យ របស់រដ្ឋាភិបាលនេះក្នុង ការ
បញ្ឈប់ប្រទេស កូរ៉េខាងជើង ដែលចេះតែវិវឌ្ឍន៍កម្មវិធី នុយក្លេអ៊ែរ ទៅមុខឥតឈប់ឈរនោះ។

លោកស្រី នូឡេន ក៏បានបញ្ជាក់សាជាថ្មី ទៀតផងដែរ អំពីការបង្ហោះផ្កាយរណប ចំនួនពីរលើក
ពីសំណាក់ប្រទេស កូរ៉េខាងជើង ក៏ដូចជាកិច្ច ព្រមព្រៀង ទាំងឡាយដែល ប្រទេសនេះបានទុក
ជាមោឃៈ ហើយរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន នឹងព្យាយាមបន្ថែមទៀតដើម្បីធ្វើឲ្យមានកិច្ចពិភាក្សា
កើតឡើងយ៉ាងពិតប្រាកដ ក្នុងអណត្តិថ្មី របស់លោក អូបាម៉ា នេះ។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តទាំងឡាយរបស់ខ្លួន បានហៅ ការបាញ់ បង្ហោះ
ផ្កាយរណប របស់កូរ៉េខាងជើងនេះ ថាជាការ បាញ់សាកល្បង គ្រាប់មីស៊ីល ទៅវិញ នោះទេ ហើយ
បានចោទប្រកាន់ កូរ៉េខាងជើងថា បានរំលោភទៅនឹង ដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ ចំនួនពីរដែលបានចេញ កាលពីឆ្នាំ ២០០៦ និង ២០០៩ ដោយហាមមិនឲ្យ
ប្រទេសនេះ ធ្វើការសាកល្បង បាញ់បង្ហោះ អ្វីទាំងអស់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ