ប្រធាននគរបាលក្រុង Munich ឈ្មោះ Hubertus Andrae ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបាញ់រះ
កាលពីព្រលប់ថ្ងៃទី ២២កក្កដានោះ គឺជាយុវជនអាល្លឺម៉ង់ ដើមកំណើតអ៊ីរ៉ង់ អាយុ ១៨ឆ្នាំ រស់នៅ
ក្នុងក្រុង Munich រយៈពេលជាងពីរឆ្នាំ។ ប្រភពពី CNN ឱ្យដឹងថា មន្ត្រីនគរបាលរូបនេះ មិនទាន់
ប្រកាស អំពីអត្តសញ្ញាណពិតរបស់ជនសង្ស័យនៅឡើយ។
នគរបាលប្រដាប់អាវុធ អមដំណើរហ្វូងមនុស្សចេញពីកន្លែងកើតហេតុ បន្ទាប់ពីមានការបាញ់ប្រហារ
បច្ចុប្បន្ន គេក៏មិនទាន់ដឹងច្បាស់ថា ការបាញ់ប្រហារនេះ មានជាប់ទាក់ទឹននឹងអង្គការភេរវកម្មណា
មួយដែរ ឬយ៉ាងណា ព្រោះថា នគរបាលកំពុងធ្វើការស្រាវជ្រាវ។
ប៉ុន្តែ វីដេអូមួយដែលថតបានសកម្មភាព បានបង្ហាញថា ខ្មាន់កាំភ្លើងបានជេរប្រមាថអំពីជនជាតិ
តួកគី។ បុរសនេះ ហាក់ដូចមិនយល់ស្របទៅនឹងគំនិតរបស់ក្រុម jihad ។
សូមរំលឹកថា កាលពីវេលាម៉ោង ១៨ព្រលប់ (ម៉ោងក្នុងស្រុក) ខ្នាន់កាំភ្លើងបានបាញ់រះនៅក្នុងភោជ
និយដ្ឋាន McDonald’s នៅក្នុងក្រុង Munich ក្រោយមក ខ្មាន់កាំភ្លើងនេះក៏បានរត់ឆ្ពោះទៅកាន់
ផ្សារទំនើប Olympia។ ការបាញ់ប្រហារនេះ បណ្ដាលឱ្យមានមនុស្សស្លាប់ ១០នាក់ និងរងរបួស
២១នាក់។
នៅវេលាម៉ោងប្រហែល ២០និង៣០នាទី នគរបាល បានរកឃើញសាកសពបុរសម្នាក់ដែលបាន ធ្វើអត្តឃាតនៅកន្លែងមួយដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែលមួយគីឡូម៉ែត្រ។ យោង
តាមកាមេរ៉ា និងសំដីរបស់សាក្សីនៅកន្លែងកើតហេតុ នគរបាលបានសន្និដ្ឋានថា បុរសម្នាក់នេះគឺ ជាមនុស្សតែមួយគត់ដែលបានបាញ់ប្រហារទៅលើហ្វូងមនុស្ស។
ប្រែសម្រួល ៖ បុត្រា