ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានក្រើនរំលឹកថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ដែលធ្វើពាណិជ្ជកម្មខុសច្បាប់ជាមួយកូរ៉េខាងជើង ។ លោកបាននិយាយថា នៅក្នុងពេលឆាប់ៗនេះ សេតវិមាននឹងត្រូវសម្រេចថា តើត្រូវដាក់ "ទណ្ឌកម្មកម្រិតទី២ " លើប្រទេសទាំងនោះ ឬយ៉ាងណា។
រដ្ឋបាលរបស់ Trump បានព្យាយាមបង្កើនសម្ពាធ ដាក់ប្រទេសកូរ៉េខាងជើង លើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ ។ ការធ្វើតេស្តមីស៊ីលថ្មីរបស់ទីក្រុងព្យុងយ៉ាង ដែលត្រូវបានហាមឃាត់ ដោយអង្គការសហប្រជាជាតិ បានបង្កឱ្យមានភ្ញាក់ផ្អើលជាអន្តរជាតិ។
គេជឿថា កូរ៉េខាងជើង នៅតែបន្ដដំណើរទៅមុខឆ្ពោះទៅរកការអភិវឌ្ឍកាំជ្រួចមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពក្នុងការឈានដល់សហរដ្ឋអាមេរិក។ ការព្រមានរបស់លោក Tillerson បានកើតឡើង នៅក្នុងការជួបសវនាការ នៃគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារ។
លោកបានបន្ថែមថា៖ «យើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលយើងនឹងបន្ដដំណើរទៅកាន់កិច្ចខិតខំប្រឹងប្រែងបន្ទាប់ទៀត ដើម្បីសម្រេចថា "តើយើង នឹងចាប់ផ្តើមអនុវត្ដការដាក់ទណ្ឌកម្មកម្រិតទី២ ឬយ៉ាងណា ពីព្រោះបណ្ដាប្រទេស ដែលយើងផ្ដល់ដំណឹងឱ្យបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង មិនមានបំណង ឬមិនមានសមត្ថភាព ក្នុងការបញ្ឈប់នោះទេ?"
ក្រុងវ៉ាស៊ីនតោន មិនមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងជើងទេ ហើយកំពុង ពិចារណាដាក់ទណ្ឌកម្ម លើក្រុមហ៊ុនមកពីប្រទេសទីបី ដែលរកស៊ីជាមួយរបបសម្ងាត់របស់លោក គីម ជុងអ៊ុន ដោយរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណាលោក Tillerson មិនបានបញ្ចេញឈ្មោះប្រទេសណាមួយនោះទេ។ លោកបាននិយាយថា បញ្ហាកូរ៉េខាងជើង នឹងត្រូវបានពិភាក្សាជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាង នៅឯកិច្ចចរចាកម្រិតខ្ពស់ នៅសប្តាហ៍ក្រោយ។
ពេលសួរថាតើប្រទេសចិន បានបំពេញនូវការសន្យារបស់ខ្លួនដើម្បីដាក់សម្ពាធបន្ថែមទៀតលើប្រទេសកូរ៉េខាងជើងនោះ លោក Tillerson បាននិយាយថា៖ «ពួកគេបានចាត់វិធានការ ជាវិធានការច្បាស់ ដែលយើង អាចបញ្ជាក់បាន"។
នៅឯកិច្ចសវនាការគណៈកម្មការ លោក Tillerson ក៏បានថ្លែងផងដែរថា៖
•គោលនយោបាយបើកចំហសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាន់តែច្រើនឡើង បានផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុទៅឱ្យ "របបជិះជាន់" នៅក្នុងប្រទេសគុយបា។ លោកប្រធានាធិបតី Trump ត្រូវបានគេរំពឹងថា នឹងប្រកាសវិធានការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរ នៅព្រឹកថ្ងៃសុក្រ។
•ទំនាក់ទំនងអាមេរិក ជាមួយរុស្ស៊ីបាន «ធ្លាក់ដល់កម្រិតទាប "ដោយសារជម្លោះក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន និងម្យ៉ាងទៀត ដោយសារការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ី ចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ BBC