CamNews

តារា 

«មិន​សម្លាប់​ខ្លួន ដោយ​សារ​ប្រុស​ទេ» ពី ស៊ីរីកា តារា​ចម្រៀង​ថ្មី​របស់ ថោន សម្លេង​ស្រែក​បាន​ខ្ពស់​ល្អ

(ភ្នំពេញ)៖ ​តារាចម្រៀងជើងថ្មីក្នុងផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា ត្រូវបានទស្សនិកជនមើលឃើញថា ចាប់តាំងពីនាងឈានជើង ចូលក្នុងផលិតកម្មដ៏ល្បីមួយនេះមក មានមហាជនជាច្រើន​ចាប់អារម្មណ៍ខ្លាំង ជាពិសេសពេលនាងចេញ​បទ ចម្រៀងអាល់ប៊ុបដំបូង ជាមួយនឹងតារាចម្រៀង កែវ វាសនា ហើយបទដែលទទួលបាន ការគាំទ្រខ្លាំងជាងគេ គឺបទ«មិនសម្លាប់ខ្លួន​ ដោយសារប្រុសទេ» ដែលមានសម្រែកស្រែកបានខ្ពស់ល្អ ប្រហែលជាគ្មានតារាចម្រៀងស្រីណាមួយ ស្រែកបានខ្ពស់ដូចជារូបនាងឡើយ ។

បទ«មិនសម្លាប់ខ្លួនដោយសារប្រុសទេ» មានការនិពន្ធទំនុកច្រៀង​ដោយកវីល្បីឈ្មោះ យឹម តាស្រង់ និងសម្រួលបទភ្លេងដោយ ដា ភ្លេង ជាអាល់ប៊ុម CD វ៉ុលទី៨៥ របស់ផលិតកម្ម ថោន ។ ក្រៅពីបទ​«មិនសម្លាប់ខ្លួនដោយសារប្រុសទេ» កញ្ញា ស៊ីរីកា ក៏បានបកស្រាយនូវបទចម្រៀង ជាច្រើនទៀតរួមមាន​ បទ« Why not Me ? , លេខម្នាក់ហ្នឹងហើយ​ខល​ច្រើន​ជាងគេ ,អស់ចិត្តស្នេហ៍យកលេសរវល់» និងបទ«ត្រូវតែស្រឡាញ់បងដាច់ខាត» ជាដើម ។

កវីនិពន្ធមុខស្រស់ល្បីឈ្មោះរាប់ឆ្នាំ លោក យឹម តាស្រង់ មានបង្ហាញសុទិដ្ឋិនិយមចំពោះកញ្ញា ស៊ីរីកា ថា ថ្វីដ្បិតតែនាងជាតារាជំនាន់ថ្មី ប៉ុន្តែមានទឹកដមសម្លេងខ្ពស់ល្អ អាចស្រែកបានគ្រប់បទ ហើយមិនយូរមិនឆាប់កេរ្តិ៍ឈ្មោះរបស់នាង នឹងត្រូវបានមហាជនទទួលស្គាល់ ពោលប្រជាប្រិយភាពរបស់នាង នឹងមានសន្ទុះឡើង យ៉ាងឆាប់រហ័ស ជាពិសេសពេលចេញបទចម្រៀងជា VCD និងបទចម្រៀង ជាបន្តបន្ទាប់ទៀត ។

យ៉ាងណាមិញ បទ​«មិនសម្លាប់ខ្លួន ដោយសារប្រុសទេ» ត្រូវបានលោក យឹម តាស្រង់ បញ្ជាក់ថា ជាបទមានតុងស្រែកខ្ពស់ ហើយទោះជាស្រែកខ្លាំង ឬខ្ពស់ក្ដី ក៏ ស៊ីរីកា អាចច្រៀងបានយ៉ាងល្អ គួរឲ្យសរសើ ។

សូមបញ្ជាក់ថា តារាចម្រៀង ដែលចូលចិត្តបកស្រាយចម្រៀង ជាភាសាអង់គ្លេស កញ្ញា ស៊ូ ស៊ីរីកា បានចូលក្នុងផលិតកម្ម ថោន កាលពីអំឡុងខែ សីហា ឆ្នាំ២០១៥ ដោយក្នុងនោះ អាល់ប៊ុមដំបូងរប​ស់នាង ត្រូវចាប់ដៃគូជាមួយនឹង តារាចម្រៀង កែវ វាសនា ក្នុងនោះបទ «មិនសម្លាប់ខ្លួនដោយសារប្រុសទេ» ធ្វើឲ្យមហាជនចាប់អារម្មណ៍ លើនាងខ្លាំងជាងគេ ៕

 



ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Sous sirika Star news local news