CamNews

ភាពយន្ត 

ពាន់ ភួងបុប្ផា៖ សោក​ស្ដាយចំពោះ TV5 បញ្ចាំង​រឿង​ភាគថៃ​ឡើង​វិញ បែរ​មិនជួយ​ជ្រោមជ្រែង​ភាពយន្ត​ខ្មែរ

ភ្នំពេញ៖ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ភាពយន្តថៃ ដែលធ្លាប់តែពង្វក់ស្មារតី ប្រជាពល រដ្ឋខ្មែរ ត្រូវបាត់វត្តមានពីស្ថានីយទូរទស្សន៍ នៅប្រទេសកម្ពុជាទាំងស្រុង បន្ទាប់ពីតារាសម្តែងថៃ ដ៏មានប្រជាប្រិយភាពម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា ផ្កាយព្រឹក មានឈ្មោះពេញថា កុបស៊ុបវ៉ា គុនឃុនយីង  បានអះអាងថា ប្រាសាទអង្គរវត្ត ជាកម្មសិទ្ធិរបស់ថៃ។ ពេលនោះបានធ្វើឲ្យប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេស មានការខឹងសម្បារ រហូតកើតជាហឹង្សាដុត ស្ថានទូតថៃប្រចាំនៅកម្ពុជា និងសណ្ឋាគារមួយចំនួនដែលមាន ថៅកែជាជនជាតិថៃ ធ្វើឲ្យរដ្ឋាភិបាលខាតបងប្រាក់រហូត ដល់ជិត ១០០លានដុល្លារ និងជាដើមចម ធ្វើឲ្យទូរទស្សន៍ក្នុងស្រុកទាំងអស់ ឈប់ចាក់បញ្ចាំង រឿងភាគថៃ តទៅទៀត ។

ថ្មីៗនេះ បន្ទាប់ពីស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ បានចាប់ផ្តើមចាក់ផ្សាយ ខ្សែភាពយន្តថៃឡើងវិញ មិនទាន់បានប៉ុន្មានខ្យល់ផង ក៏ស្រាប់តែត្រូវទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន អ្នកដឹកនាំរឿង បង្ហាញឲ្យឃើញពីការមិនពេញចិត្ត ទៅលើទូរទស្សន៍មួយនេះ ដោយពួកគេយល់ថា នេះជាគំរូអាក្រក់សម្រាប់ទូរទស្សន៍ដទៃ ធ្វើឲ្យប្រពៃណីវប្បធម៌ និងធ្វើឲ្យទីផ្សារភាពយន្ត មានការ ធ្លាក់ចុះ ដោយសារតែការងាកមកចាក់បញ្ចាំង រឿងថៃ ឡើងវិញបែបនេះ ។ ម្យ៉ាងតាមរយៈការ បញ្ចាំងរឿងនេះ អាចធ្វើឲ្យយុវវ័យ មានការភ្លើតភ្លើនឈ្លក់វង្វេង ជាមួយរឿងភាគថៃដូចពេលមុនៗ ដែលជាប្រទេសមួយធ្លាប់មើលងាយ វប្បធម៌ខ្មែរ។

អ្នកនិពន្ធ និងជាអ្នកដឹកនាំមានឈ្មោះល្បី អ្នកស្រី ពាន់ ភួងបុប្ផា បានសម្តែងការសោកស្តាយប្រាប់ Looking TODAY នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤នេះថា ក្នុងនាមអ្នកស្រីជាអ្នកដឹកនាំរឿងម្នាក់ គឺពិត ជាមានការមិនពេញចិត្ត និងស្តាយជាខ្លាំង។ អ្នកស្រីផ្ទាល់ ក៏មិនយល់ដែលថា ហេតុអីបានជាទូរ ទស្សន៍មួយនេះ បែរជាទៅយករឿងថៃ មកចាក់ផ្សាយឡើងវិញបែបនេះ ព្រោះថាអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដែលអ្នកស្រីខំប្រឹងជ្រោង សិល្បៈខ្មែរឲ្យកាន់តែមានភាព រីកចម្រើនពីមួយ ថ្ងៃទៅមួយ។

អ្នកស្រីបានប្រាប់ ដោយសម្ដីម៉ឺងម៉ាត់ឲ្យដឹងទៀតថា “ពេលនេះសិល្បៈខ្មែរ កំពុងតែរីកដុះដោល តែគេបែរជាយកកុនថៃ មកចាក់បញ្ចាំង ប្រជែងទីផ្សារសិល្បៈ ក្នុងស្រុកទៅវិញ។ នៅក្នុងរឿងនេះ វាក៏ធ្វើឲ្យយុវវ័យជំនាន់ក្រោយ មានការយល់ច្រឡំ ឬក៏ងាកទៅចាប់អាម្មរណ៍ (វក់) លើរឿងថៃ ដូចកាលពីជាង ១០ឆ្នាំមុន ជាន់ដានប្រវត្តិសាស្ត្រដដែលៗទៅវិញ” ។

បើទោះបីជាមានការបញ្ចេញទស្សនៈ មិនពេញចិត្តជាច្រើន ទៅលើការចាក់ផ្សាយបែបនេះក៏ដោយ ក៏គេនៅតែឃើញស្ថានីយទូរទស្សន៍មួយនេះ នៅតែបន្តចាក់ផ្សាយដដែល ដោយគ្មានការខ្លាចរអា ឬចេញមុខបកស្រាយជុំវិញចម្ងល់ និងការរិះគន់ទាំងអស់នេះឡើយ ។ លោក ចា រិទ្ធី ដែលជាអ្នក រៀបចំកម្មវិធីសិល្បៈដ៏ល្បី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ក៏បានបដិសេធមិនឆ្លើយទាក់ទង នឹងរឿងនេះឡើយ ដោយលោកបាននិយាយថា “ការងារហ្នឹងខ្ញុំមិនដឹងទេ ព្រោះមិនមែនជាការងារ របស់ខ្ញុំ ខ្ញុំគ្រាន់តែជាអ្នករៀបចំកម្មវិធី ខនសឺតប្រគំតន្ត្រី ហើយខ្ញុំក៏អត់ដឹងថា ខាងណាគេជាអ្នក គ្រប់គ្រង លើរឿងនេះហើយ ក៏មិនស្គាល់លេខទូរស័ព្ទដែរ”។

ដោយឡែក លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ Looking TODAY ឲ្យដឹងថា លោកក៏បានដឹងដែរ ចំពោះការរិះ គន់របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។ តែខាងក្រសួង មិនមានវិធានការណាមួយ ទៅលើរឿងនេះទេ ព្រោះថាការនាំចូលរឿងថៃ មកចាក់បញ្ចាំងនេះ គឺ ជាទីផ្សារសេរី បើនិយាយតាមច្បាប់ យើងមិនអាចហាមឃាត់គេបាននោះទេ។

លោកបានបន្តទៀតថា “នេះជាសិទ្ធិរបស់គេក្នុងការចាក់ផ្សាយ ។ ម្យ៉ាងទៀតទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក៏មិនបានដាក់ពាក្យស្នើសុំមកខាងក្រសួង ពីរឿងចាក់ផ្សាយរឿងថៃដែរ ដូច្នេះបើសិនជាមានរឿងអ្វី គឺជាការទទួលខុសត្រូវរបស់គេ ហើយខ្ញុំក៏មិនដឹងពីគោលបំណងច្បាស់ របស់អ្នកដឹកនាំទូរទស្សន៍ មួយនេះដែរ”។

លោក ស៊ិន ច័ន្ទសាយ៉ា បានប្រាប់ទៀតថា លោកនឹងចាត់ចែងចំពោះរឿងនេះបន្តទៀត។ ពេល នេះលោកក៏ចាត់ចែង រៀបចំការងារនេះឡើងហើយ និងមានការកំណត់ទៅលើកម្រិត នៃការនាំ ចូល ឲ្យបានច្បាស់លាស់ព្រោះថា យើងក៏ត្រូវគិតពីរឿងនាំចូល និងទីផ្សារការងារសិល្បៈក្នុង ស្រុកដែរ ។

ទោះជាយ៉ាងណាទស្សនិកជន នឹងរង់ចាំមើលថា តើស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ អាចបន្តចាក់ បញ្ចាំងរឿងភាគថៃ បានដល់ពេលណា ហើយខាងក្រសួង នឹងមានវិធានការបែបណាខ្លះ ទៅលើ ទូរទស្សន៍ដ៏គគ្លើនមួយនេះ ដើម្បីកុំឲ្យវប្បធម៌ច្រំដែល វិលមកពង្វក់ស្មារតីកូនខ្មែរបន្តទៀត ខណៈ ដែលក្រសួងពាក់ព័ន្ធទាំងអស់ ហាក់គ្មានចំណាត់ការណាមួយ ឲ្យមានប្រសិទ្ធភាព ពោលគឺបីដូច ជាឆ្លើយយករួចតែខ្លួនប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Porn PhuongBopha Entertainment Khmer Super Star TV5 Cambodia Khmer Movie