ភ្នំពេញ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា មានវត្តមានសិល្បករ ជើងចាស់ជាច្រើនរូប បានធ្លាក់ខ្លួនឈឺ ដុនដាប ជាបន្តបន្ទាប់ហើយភាគច្រើននៃ អ្នកសិល្បៈទាំងអស់នោះ សុទ្ធសឹងតែមានជីវភាពក្រខ្សត់លំបាកវេទនា ដូចៗគ្នាពុំមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាលខ្លួនឯងឡើយ ។ ព្រោះតែភាពក្រខ្សត់ គ្មានលុយមើលជំងឺដំកាត់នេះ បានធ្វើ ឲ្យពិធីការិនី ប្រចាំកម្មវិធី «តុបំភ្លឺ» កញ្ញា ពេជ្រ សេរីរ័ត្ន ទប់អារម្មណ៍មិនបាន ស្ទើរតែស្រក់ទឹកភ្នែក អាណិតសិល្បករ ជើងចាស់ ដែលធ្លាក់ខ្លួនឈឺលំបាក វេទនាទាំងនេះ ។
ពិធីការិនីសំឡេងផ្អែម កញ្ញា ពេជ្រ សេរីរ័ត្ន បានរំលេចសារខ្លីមួយ រៀបរាប់ពីទឹកចិត្តអាណិត សិល្បករជើងចាស់ថា « ហេតុអ្វីគ្រប់លើក ពេលដែលខ្ញុំ បានឃើញសិល្បករចាស់ៗ ធ្លាក់ខ្លួនឈឺ ហើយស្ថិតនៅក្នុងសភាពជីវភាពក្រខ្សត់ តែង តែមានអារម្មណ៍ ចង់ស្រក់ទឹកភ្នែក តើមាននរណាខ្លះ ដែលបានដឹងជីវិត ពីក្រោយខ្នងសិល្បៈ ដ៏កំសត់បែបនេះ រកមួយ ថ្ងៃ រស់មួយថ្ងៃ នេះហើយជីវិតសិល្បៈ អ្នកឲ្យតម្លៃមានតិច អ្នកចាំតែជាន់មានច្រើន យើងគួរតែមានការចែករំលែក ព្រោះ ថាថ្ងៃនេះ គឺជាគាត់ ថ្ងៃក្រោយអាចជាយើង»។
សម្រាប់រឿង ដែលថា សិល្បករ-សិល្បការិនីជើងចាស់ ធ្លាក់ខ្លួនឈឺ ហើយមិនមាន ថវិកាព្យាបាលជំងឺ ត្រូវអំពាវនាវ ស្វែងរក ជំនួយ ពីសប្បុរសជន គឺជាស្ដែង ថ្មីៗនេះ មានសិល្បករមួយចំនួន ដូចជា លោក សួស សងវាចា, នាយ វីតាមីនសេ និងថ្មីៗនេះ សូម្បីតែតារាកំប្លែងជើងចាស់ នាយ ចេក ក៏កំពុងតែធ្លាក់ខ្លួនឈឺដូចគ្នា ហើយក៏ត្រូវការជំនួយ ដើម្បីជួយសម្រាលបន្ទុកផងដែរ ។ ភាគច្រើន គេសង្កេតឃើញថា អ្នកសិល្បៈចាស់ៗ មានជីវភាពលំបាកវេទនា រស់មួយ ថ្ងៃ ដើម្បីមួយថ្ងៃ ពេលធ្លាក់ខ្លួនឈឺ គ្មានលុយព្យាបាលជំងឺ មើលទៅជីវិតរបស់អ្នកសិល្បៈចាស់ៗ ពិតខ្លោចផ្សារ និងលំបាកខ្លាំងណាស់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល