(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរយៈពេល២ថ្ងៃនេះ បានបើកប្រតិបត្តិការ និងឃាត់ខ្លួនមនុស្ស ៥នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីចាប់មនុស្សបង្ខាំងទុកជំរិតទារប្រាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងភ្លាមៗ ក្នុងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីអាវុធហត្ថខណ្ឌមានជ័យ ទទួលបានពាក្យបណ្តឹង ពីស្ត្រីម្នាក់ឈ្មោះ ច្រឹក មុំ ដែលបានប្តឹងថា ប្តីរបស់ខ្លួន ឈ្មោះ ចាំង យ៉ុង ជាជនជាតិចិន បានបាត់ខ្លួនរយៈពេល ៣ថ្ងៃហើយ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងមួយកន្លែង ឋិតនៅចំណុចផ្ទះលេខ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយរំដោះបានជនរងគ្រោះជាជនជាតិចិន ៣នាក់ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាជនជាតិចិនផងដែរ ។
បន្ទាប់ពីធ្វើការសាកសួរបាន១ថ្ងៃ ពោលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបន្តទៅឃាត់ខ្លួន ជនសង្ស័យ៣នាក់ផ្សេងទៀត នៅចំណុច ផ្ទះលេខ១១២EH, ផ្លូវលេខ១៧៣, សង្កាត់ទួលព្រៃទី១ ខណ្ឌចំការមន។
គួរបញ្ជាក់ដែរថា ជនរងគ្រោះដែលត្រូវបានគេបង្ខាំងទុកជំរិតទារប្រាក់មាន៖
- ទី១៖ ឈ្មោះ ហ្គួ ឡេងហ្វុង អាយុ៥៣ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួន តាំងពីខែសីហា ឆ្នាំ២០១៥ ដោយបង្ខាំងទុកនៅ ផ្ទះលេខ១១២EH ផ្លូវលេខ១៧៣ សង្កាត់ទួលព្រៃទី១ ខណ្ឌចំការមន រយៈពេល៧៥ថ្ងៃ ទើបប្តូរទីតាំងទៅបង្ខាំងទុកនៅផ្ទះលេខ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ត្រូវកម្លាំងអាវុធហត្ថរំដោះបាន។
- ទី២៖ ឈ្មោះ ចាំង យ៉ុង អាយុ៣៥ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ បង្ខាំងទុក នៅផ្ទះលេខ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រំដោះបាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ។
- ទី៣៖ ឈ្មោះ វៃ សាន សាវ អាយុ៤៥ឆ្នាំ ទើបតែត្រូវបានជនល្មើសចាប់ខ្លួន ក្នុងថ្ងៃដែលអាវុធហត្ថចូលទៅរំដោះ។ រីឯជនល្មើសទាំង៥នាក់ជាជនជាតិចិន ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានមាន ឈ្មោះ តៃ ស៊ាវ ហ៊ុយ, ស៊ី អ៊ូថុង, វ៉ាង ជី, ស៊ី ឈឹង និង លី ស៊ីហួរ ។
តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ពួកគេធ្វើការតាមបញ្ជាផ្ទាល់របស់ឈ្មោះ ឡុង ជាជនជាតិចិន និងមានការចាត់ចែងពីមេធំឈ្មោះ ហូវ និងឈ្មោះ ហ្វេង ដែលជាជនជាតិចិនដែរ ដែលបច្ចុប្បន្ន មេក្លោងទាំង៣នាក់នេះ កំពុងគេចខ្លួន ។ ជនល្មើសបានប្រាប់បន្ថែមថា ក្រៅពីជនរងគ្រោះដែល សមត្ថកិច្ចអាវុធហត្ថរំដោះបាននេះ មេរបស់គេឈ្មោះឡុង ធ្លាប់បានចាប់មនុស្ស ៣នាក់ផ្សេងទៀតមកបង្ខាំងទុកផងដែរ គឺជនជាតិម៉ាឡេស៊ីម្នាក់ បង្ខាំងទុកបានជិត ២ខែ, ជនជាតិចិនម្នាក់បង្ខាំងទុកបាន ១ខែ និងជនជាតិខ្មែរម្នាក់ បង្ខាំងទុកបាន ៣ថ្ងៃ ហើយយកចេញទៅវិញបន្តបន្ទាប់គ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ តែមិនដឹងយកទៅណាទេ គ្រាប់តែធ្លាប់លឺមេរបស់គេ បានគំរាមជនរងគ្រោះទាំងនោះថា បើមិនមានលុយឲ្យគេទេ គេនឹងយកទៅដាក់នៅកំពង់សោម ដែលមានកន្លែងសម្រាប់ធ្វើទារុណកម្មក្រោមទឹក ។
លើសពីនេះទៀតក្នុងអំឡុងពេលបង្ខាំងទុក ជនរងគ្រោះត្រូវបានគេធ្វើទារុណកម្ម និងបង្អត់អាហារផងដែរ រហូតធ្វើឲ្យជនជាតិម៉ាឡេស៊ីម្នាក់ ទ្រាំមិនបានព្យាយាមសម្លាប់ខ្លួន ដោយខាំដាច់ម្រាមដៃខ្លួនឯងបង្ហូរឈាមពេញបន្ទប់ទៀតផង។
បច្ចុប្បន្នជនល្មើសទាំង៥នាក់ កំពុងត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការនីតិវិធី ហើយបក្ខពួកដែលនៅសល់ សមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី