CamNews

កំសាន្ត 

អឿន វាសនា រំពឹងទាញ បានចំណែកទីផ្សារល្បី ឈ្មោះក្នុងអាជីពសិល្បៈ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករក្នុងកម្មវីធីកំសាន្តរបស់បណ្តាញស្ថានីយ៍ ប៉ុស្តិ៍ទូរទស្សន៍ N TV លោក អឿន វាសនា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូក ជាមួយវិស័យសិល្បៈជិតឆ្នាំ២មកនេះបច្ចុប្បន្នត្រូវបានគេមើលឃើញថា តារាប្រុសរូបនេះកំពុងតែបោះជំហានទៅមុខ ច្រើនគួរសមតាមរយៈនៃការចេញមុខតួសម្តែងឈុតកាយវិការខារ៉ាអូខេឱ្យបណ្តាផលិតកម្មតូច ធំមួយចំនួន ព្រមទាំងថតស្ប៉តពាណិជ្ជកម្មជាដើម ។ ទន្ទឹមគ្នានេះដែរ វាសនា ក៏ទើបក្តាប់ឱកាសធ្វើពិធីករក្នុងប៉ុស្តិ៍ទូរទស្សន៍ទៀតផង ។

ក្នុងជំនួបដោយផ្ទាល់ជាមួយគេហទំព័រ Looking TODAY កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤លោក អឿន វាសនា បានប្រាប់ឱ្យដឹងថា លោកចាប់ផ្តើមចូលខ្លួនប្រឡូកក្នុងសិល្បៈនាអំឡុងពាក់កណ្តាលឆ្នាំ២០១២ ដែលពេលនោះត្រូវបានផលិតកម្មក្នុងស្រុកមួយបាន ទាក់ទងហៅលោកទៅសម្តែងក្នុងឈុតកាយវិការខារ៉ាអូខេ ហើយបន្ទាប់មកទៀតក៏មានបណ្តាក្រុមហ៊ុនមួយចំនួន បានទាក់ទងបណ្តើរៗដើម្បីហៅឱ្យថតស្ប៉តពាណិជ្ជកម្ម ។ លោក អឿន វាសនា បាននិយាយបន្តទៀតថា «ខ្ញុំសប្បាយចិត្តដែលកាលនោះ មានឱកាសចេញមុខថតសម្តែងឈុតកាយវិការខារ៉ាអូខេ និងថតស្ប៉តពាណិជ្ជកម្មពិសេសគឺ មានគេស្គាល់ខ្ញុំបណ្តើរៗតាមរយៈ នៃការលេចមុខមាត់ក្នុងវិស័យសិល្បៈ» ។ តារាសម្តែង និងពិធីករមាឌធំខ្ពស់សង្ហាលោក អឿន វាសនា បានបញ្ជាក់ថា រហូតមកដល់ពេលលោក កំពុងមានការមមាញឹកច្រើនក្នុងអាជីពសិល្បៈទាំងការសម្តែង និងធ្វើជាពិធីករនៅប៉ុស្តិ៍ទូរទស្សន៍ថ្មី NTV ។

ដូច្នេះលោកបានដាក់ក្តីសង្ឃឹម និងមានជំនឿថា នៅថ្ងៃខាងមុខដ៏ខ្លីនេះនឹងអាចវាយបំបែកទាញបានទីផ្សារសិល្បៈល្បីឈ្មោះ កាន់តែខ្លាំងដែលអាចទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ លោក អឿន វាសនា ជាតារាសម្តែងប្រុសដែលមានដើមកំណើត ចេញមកពីខេត្តព្រៃវែង ហើយបច្ចុប្បន្នលោកមានអាយុទើប២៣ឆ្នាំ ។ លោកគឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូនប្រុស ស្រី២នាក់ដែលស្ថិតក្នុងគ្រួសារកសិករ ។ វាសនា បានក្រោកឈរតស៊ូជំនៈឧបសគ្គ និងភាពលំបាករហូតបានបន្តការសិក្សាដល់ថ្នាក់ បរិញ្ញាប័ត្រជំនាញគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh