ភ្នំពេញ៖ គ្រូបង្ហាត់កីឡាប្រដាល់ជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានបានឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ ចខណ្ឌដូនពេញ ក្រោយបានធ្វើការស្រាវជ្រាវឃើញ ជាប់ពាក់ព័ន្ធនិង ករណីឃាតកម្មសម្លាប់មនុស្សម្នាក់ នៅប្រទេស អូស្ត្រាលី ហើយបានរត់គេចខ្លួនមកពួនសំងំលាក់ខ្លួន នៅប្រទេសកម្ពុជា។ នេះបើ យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅក្នុងសណ្ឋាគារ ឃ្វីនហ្វូត នៅម៉ោង៤៖៤០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១១៨ កែងលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ BAGNATO ANTONIO ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរសព្វថ្ងៃជាគ្រូបង្ហាត់កីឡាប្រដាល់ និងស្នាក់នៅសណ្ឋាគារ ឃ្វីនហ្វូត បន្ទប់លេខ៦០៥ ដែលមានទីតាំងលេខ៨២ នៅផ្លូវលេខ១៣៦កែងផ្លូវលេខ ០៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យដែលជា គ្រូបង្ហាត់កីឡាប្រដាល់ ជនជាតិអូស្ត្រាលីរូបនេះ បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន (សម្លាប់មនុស្សប្រុសម្នាក់) នៅប្រទេសអូស្ត្រីលី រួចបានចាក់ចេញពីប្រទេសអូស្ត្រីលី កាលពីឆ្នាំ២០១៤មកម្លេះ ដោយមកសំងំលាក់ខ្លួនរស់នៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា ដោយមិននឹកស្មានថារត់រួចខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដឹងច្បាស់ថា ជនសង្ស័យបានជួលបន្ទប់សណ្ឋាគារ ឃ្វីនហ្វូត ស្នាក់នៅ ទើបចុះមកឃាត់ខ្លួនជនសង្ស័យនេះបានតែម្តង។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវីធី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល