ព័ត៌មានជាតិ៖ នៅលើទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ កាលពីប៉ុន្មានម៉ោងមុននេះ សម្ដេចបានស្រាយបំភ្លឺនូវការងឿងឆ្ងល់ខ្លះៗអំពីកាបូបដៃតូចមួយ ដែលតែងតែនៅក្បែរសម្ដេចគ្រប់ពេលវេលា ធ្វើឲ្យជនរួមជាតិជាច្រើនមានការងឿងឆ្ងល់។ ជាការពិតណាស់ យោងតាមប្រសាសន៍របស់សម្ដេច បានបង្ហើបឲ្យដឹងថា នៅក្នុងការបូបដៃដែលតែងតែនៅក្បែរសម្ដេចជានិច្ចកាលនោះ គឺមានទូរស័ព្ទឆ្លាតវៃដល់ទៅ ៥គ្រឿងដែលមានតួនាទីសម្រាប់តាមដានមើល ស្តាប់ និងទទួលព័ត៌មានដែលសហការីបានផ្ញើជូននៅរៀងរាល់នាទី និងមិនត្រឹមតែប៉ុណ្ណោះទៀតសោត សម្ដេចក៏បាន ជម្រុញឲ្យ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទូទាំងប្រទេសសិក្សារៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់សំភារៈបច្ចេកវិទ្យាជាពិសេស Smart Phone អោយទាន់ការវិវឌ្ឍន៍ជឿនលឿនដែលនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ការងារប្រចាំថ្ងៃ និង ផ្តល់នូវផលប្រយោជន៍កាន់តែច្រើនដល់សង្គមជាតិទាំងមូល។
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន លើទំព័រហ្វេសប៊ុក» ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ចនូវកាបូបដៃតូចមួយទោះទៅដល់ទីណាក៏ដោយ។ ក្នុងកាបូបនេះគឺមានផ្ទុកទូរស័ព្វចំនួន ៥ ដែលសម្រាប់តាមដានមើល ស្តាប់ និងទទួលព័ត៌មានដែលសហការីបានផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍សំខាន់បំផុតដល់ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ។
ខ្ញុំសូមថ្នាក់ដឹកនាំ និង មន្រ្តីរាជការទូទាំងប្រទេសសិក្សារៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់សំភារះបច្ចេកវិទ្យាជាពិសេស Smart Phone អោយទាន់ការវិវឌ្ឍន៍ជឿនលឿនដែលនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ការងារប្រចាំថ្ងៃ និង ផ្តល់នូវផលប្រយោជន៍កាន់តែច្រើនដល់សង្គមជាតិយើងទាំងមូល។
ទោះបីខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានអារម្មណ៍នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បានឃើញ និងបានដឹងអំពីសុខទុក្ខរបស់បងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងទាំងអស់។ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់ផងដែរ ។ អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហាទាន់ពេលទៅនឹងការសុំយោបល់របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់រាជរដ្ឋាភិបាលដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហា បន្ទាន់ទាក់ទងនិងកិច្ចការក្នុងក្រៅប្រទេសមួយចំនួន។
សូមមើលរូបភាពដែលភ្ជាប់មកជាមួយនេះ គឺសូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនិងនៅកន្លែង
ផ្សេងទៀត ក៏ខ្ញុំនៅតែមានលទ្ធភាពភ្ជាប់ខ្លួនមកដោះស្រាយការងារបានដែរ» ៕
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក » Samdech Hun Sen»