(ភ្នំពេញ)៖ ថ្មីៗនៅក្នុងបណ្ដាញសង្គម បានផ្ទុះសំឡេងរិះគន់ ទៅលើអ្នកនាង ចន ច័ន្ទលក្ខិណា ជាថ្មី ដោយសារតែនាងបានធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ជាមួយនឹង តារាសម្ដែង មាន សូនីតា និងបរវកញ្ញាហ្គេ្រន កញ្ញា ស្រីនាថ ខណៈកម្មវិធីនេះ មានផលិតករ ជាជនជាតិថៃ ហើយត្រូវបានគេរិះគន់ថា បានចម្លងស្ទីល មកពីប្រទេសថៃទាំងស្រុង។
សំឡេងរិះគន់ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះឡើងចេញពី ម្ចាស់គណនីហ្វេសប៊ុក របស់ឈ្មោះ «Eang» ដែលបាននិយាយថា «អត់ចង់ផុស(បង្ហោះ)ទេ តែចំឡងគេពេកហើយ ១០០ភាគរយ សំខាន់មិនមែន The Face Cambodia ខ្ញុំមានមោទនភាព លើអ្នកផលិតកម្មវិធីនេះ ណាស់!»។
ពាក្យសម្ដីនេះ ជាពាក្យបញ្ចើចបញ្ចើ ទៅលើផលិតករ ដែលធ្វើកម្មវិធីនេះឡើង ក្នុងរូបភាពចំឡង ពីកម្មវិធី «The Face» ផលិតចេញពីប្រទេសអាមេរិក មាននាង ណាអូមី ខែមបល ជាអ្នកផលិតកម្មវិធីនេះ ដោយផ្ទាល់ នឹងលក់សិទ្ធចែកចាយ មកបណ្ដាប្រទេសផ្សេងៗ ក្នុងនោះគេឃើញប្រទេសថៃ ធ្វើបានល្អខ្លាំង ហើយលើសម្ចាស់ដើមទៀត។
លក្ខខណ្ឌក្នុងការទិញសិទ្ធកម្មវិធីនេះ មានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ព្រមទាំងមានកុងត្រាជាច្រើន មានការពិបាកក្នុងការធ្វើ ក្នុងព្រះរាជាណាចក្រកម្ពុជា ទើបមិនទាន់មានទូរទស្សន៍ណា ទិញសិទ្ធ ដើម្បីផលិត ក្រៅពីប្រទេសថៃ ក៏មានប្រទេសវៀតណាម ដែលសុំសិទ្ធមកផលិតកម្មវិធីនេះដែរ។ កម្មវិធី «Khmer Super Model» បានផលិតជាច្រើន ជំនាន់រួចមកហើយ តែចុងក្រោយនេះ បែរជាមានភាពខុសប្លែកខ្លាំង ព្រោះទំរង់ត្រូវចំឡងទាំងស្រុងពី «The Face Thailand» ហើយកាន់តែ គួរឲ្យអស់សំណើច ជាងនេះ ទៅទៀត សូម្បីតែការនិយាយស្ដី ការបង្ហាត់បង្ហាញ ក៏ដូចគ្នាទាំងស្រុង។
ជាក់ស្ដែង ក្នុងវគ្គមួយ ដែលតម្រូវឲ្យអ្នកនាង ចន ច័ន្ទ លក្ខិណា បង្ហាត់សិស្សពីមនោវិជ្ជា ពីការស្រមៃ ត្រូវបានចំឡងចេញពីវគ្គដូចគ្នា ទៅនឹងអ្នកនាង លូកេត មេធានីកីងផាយម សម្ដែងកូនសិស្ស ពីមនោវិជ្ជាដូចគ្នា។
មហាជនជាច្រើនពាន់នាក់ បានវាយប្រហាយ៉ាងខ្លាំង ទៅលើផលិតករ រួមទាំង អ្នកនាង ចន ច័ន្ទលក្ខិណា រហូតប្រិយមិត្តខ្លះបាននិយាយថា «ពេលងើបពីសង្គ្រាមថា ស្រុកយើងវាក្រ យើងចំឡងគេ ឥលូវស្រុករីកចំរើនហើយ នៅតែចំឡងគេទៀត ហេតុអ្វីមិនមានគំនិតអ្វី ដែលជារបស់ខ្លួនឯង»។ ប្រិយមិត្តខ្លះក៏បាននិយាយថា «គាត់ខំណាស់ ខំបកប្រែ ខំទន្ទេញ ល្មមបានប៉ុណ្ណឹង អស់អីនិយាយហ្មង!»។
បេក្ខនារីម្នាក់ បានចូលរួមក្នុងកម្មវិធី បាននិយាយថា «កម្មវិធីហ្នឹង ថៃអ្នករៀបចំ ហើយថៃជាអ្នកចំឡងពីថៃគ្នាឯង កុំចេះតែថា ខ្មែរជាអ្នកខុស ពួកខ្ញុំជាបេក្ខនារី ធ្វើតាមតែវិញ្ញាសារ តែប៉ុណ្ណោះ!»។
ថ្វីត្បិតតែសំឡេងរិះគន់ផ្ទុះឡើង ពេញហ្វេសប៊ុក តែគេមិនទាន់ឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា មានប្រតិកម្មយ៉ាងណាទេ ប៉ុន្តែជាធម្មតាអ្នកនាងមិនដែលនៅស្ងៀមឡើយ នៅពេលត្រូវបានមហាជនរិះគន់ ខុសទំនងមកលើនាង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង