CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញអាចម៍ផ្កាយយក្ស ទម្ងន់ជាង ៣០តោន នៅអាហ្សង់ទីន

អាចម៍ផ្កាយមួយដុំយ៉ាងធំ ទម្ងន់ ៣០.៨០០គីឡូក្រាម ទើបតែត្រូវបានគាស់កកាយ និងស្ទូចចេញ
ពីដី កាលពីចុងសប្ដាហ៍កន្លងទៅ។ អ្នកជំនាញការប្រកាសថា នេះគឺជាដុំអាចម៍ផ្កាយធំបំផុតមួយ
ដែលមនុស្សបានរកឃើញនៅលើផែនដី។

ការរកឃើញ និងការជីកកកាយខាងលើនេះ ត្រូវបានធ្វើឡើងនៅតំបន់ព្រំប្រទល់របស់ Chaco ដែល
មានចម្ងាយពី Buenos Aires ប្រហែល ១.០៧៨គីឡូម៉ែត្រទៅទិសខាងពាយព្យ។ វាត្រូវបានគេ
ជឿថា ជាផ្នែកមួយនៃភ្លៀងអាចម៍ផ្កាយដែលកើតឡើងកាលពីប្រហែល ៤.០០០ឆ្នាំមុន។

ជាមួយនឹងទម្ងន់ជាង ៣០តោននេះ បានបណ្ដាលឱ្យមានការជជែកប្រកែកគ្នាអំពីថាតើនេះពិតជា​
អាចម៍​ផ្កាយធំបំផុតទីពីរនៅលើផែនដី ឬយ៉ាងណា។ ប៉ុន្តែនៅចំពោះមុខ គឺនៅមានការពិសោធជា
ច្រើនដែលត្រូវធ្វើ ដើម្បីឱ្យដឹងអំពីប្រការនេះ។

អាចម៍ផ្កាយធំបំផុតទីមួយនៅលើផែនដីគឺអាចម៍ផ្កាយ Hoba ដែលមានទម្ងន់ ៦៦តោន។ វាត្រូវបាន
រកឃើញនៅ Namibia កាលពីជិតមួយសតវត្សរ៍មុន។

អាចម៍ផ្កាយ Hoba ត្រូវបានគេជឿថា បានធ្លាក់មកបុកផែនដី កាលពីប្រហែល ៨០.០០០ឆ្នាំមុន
ហើយអាយុរបស់អាចម៍ផ្កាយនេះ ត្រូវបានគេគន់គូរឃើញថា មានអាយុប្រហែល ១៩០លាន ដល់
៤១០លានឆ្នាំ។

ចំណែកអាចម៍ផ្កាយធំបំផុតទីពីរនៅលើពិភពលោក គឺមានឈ្មោះថា El Chaco ទម្ងន់ ៣៧តោន
ត្រូវបានរកឃើញនៅតំបន់ដូចគ្នានឹងអាចម៍ផ្កាយដែលទើបរកឃើញនៅអាហ្សង់ទីន។

បច្ចុប្បន្ន ក្រុមអ្នកជំនាញត្រូវការពិនិត្យឱ្យបានច្បាស់អំពីទម្ងន់របស់អាចម៍ផ្កាយដែលទើបនឹងរក
ឃើញ ដែលមានឈ្មោះថា Gancedo។

Mario Vesconi ប្រធានសមាគមតារាសាស្ដ្ររបស់ Chaco ថ្លែងប្រាប់សារព័ត៌មាន Xinhua ថា
“បើទោះយើងបានរកឃើញថា អាចម៍ផ្កាយនេះមានទម្ងន់បែបនេះ ប៉ុន្តែ ពុំមានអ្នកណាស្មានដល់
ថា វាមានទម្ងន់ដល់ ៣០តោន។ ទំហំ និងទម្ងន់របស់អាចម៍ផ្កាយធ្វើឱ្យយើងខ្ញុំមានការភ្ញាក់ផ្អើល”។

អាចម៍ផ្កាយយក្សនេះ ត្រូវបានរកឃើញ និងជីកកកាយនៅ Campo del Cielo ជាតំបន់ព្រំប្រទល់
រវាង Chaco និង Santiago del Estero របស់ប្រទេសអាហ្សង់ទីន៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: អាចម៍ផ្កាយ អាហ្សង់ទីន