ខេត្ដ NAKHON SAWAN ប្រទេសថៃ - អ្នកបើកបរម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអ្នកដំណើរ ១៧ នាក់រងរបួស នៅពេលដែលរថយន្តក្រុងឆ្លងកាត់តាមបណ្តាញផ្លូវដែក ឆ្លងកាត់ទីក្រុងបាងកក បានបើកធ្លាក់ផ្លូវ និងរេចង្កូតចូលទៅក្នុងប្រឡាយ នៅស្រុក Banphot Phisai នាព្រឹកថ្ងៃអង្គារនេះ។
មន្រ្តីប្រចាំការ នៅស្ថានីយ៍ប៉ូលីស Banphot Phisai បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅចន្លោះ គីឡូម៉ែត្រលេខ 36-37 នៅលើផ្លូវហាយវេលេខ 117 គឺផ្លូវ Nakhon Sawan-Phitsanulok នៅវេលាម៉ោង ២ និង ៤៥ នាទីព្រឹក។ អ្នកដំណើរទាំងអស់ បានរើខ្លួនចេញពីឡានក្រុងក្រឡាប់នោះ មុនពេលទឹកជន់លិច។
អ្នកដំណើរសរុបចំនួន ១៧ នាក់ បានរងរបួស ដោយក្នុងនោះ ១២ នាក់រងរបួសធ្ងន់ ដោយសារតែបាក់ជើង និងដៃ។ បុគ្គលិកផ្នែកសង្គ្រោះ បានបញ្ជូនពួកគេភ្លាមៗ ទៅកាន់មន្ទីរពេទ្យក្បែរ ៗ នោះ។
អ្នកបើករថយន្ដ ដែលមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនោះ បានស្លាប់នៅក្នុងហេតុការណ៍រថយន្ដធ្លាក់ប្រឡាយនេះ ហើយសាកសពរបស់គាត់ នៅជាប់នៅក្នុងបំណែកបាក់បែករបស់រថយន្ដ នៅក្នុងទឹកល្អក់ជម្រៅមួយម៉ែត្ររហូតដល់ព្រឹកថ្ងៃអង្គារ។
ប៉ូលិសបាននិយាយថា រថយន្តក្រុង បានដឹកអ្នកដំណើរចំនួន ២៨ នាក់ និងធ្វើដំណើរពីទីក្រុង ណាន ទៅទីក្រុងបាងកក។ វា បានរេធ្លាក់ផ្លូវ និងធ្លាក់ចូល ទៅក្នុងប្រឡាយ។
អ្នកស្រី Yot Wannachon បាននិយាយ នៅពេលក្រោយថា អ្នកដំណើរផ្សេងទៀត កំពុងដេកលង់លក់ តែត្រូវភ្ញាក់ដឹងខ្លួន នៅពេលរថយន្ត ចាប់ផ្តើមរង្គើ មុនពេលវាធ្លាក់ចូល ទៅក្នុងប្រឡាយ។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា អ្នកដំណើរមួយចំនួន ចាប់ផ្ដើមភ័យស្លន់ស្លោ ប៉ុន្តែ គាត់បានមើលឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានយកញញួរវាយបំបែកបង្អួចរថយន្ដភ្លាមៗ។
ពួកគេទាំងអស់ បានរើខ្លួនចេញពីរថយន្ដ មុនពេលដែលទឹកបានហូរចូល។ ប៉ូលីសសង្ស័យថា អ្នកបើកបរ បានដេកលក់នៅពេលកំពុងបើកបរ ។ ការស៊ើបអង្កេត កំពុងត្រូវបានបន្ដ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost