CamNews

ព័ត៌មានអន្តរជាតិ 

អ្នកវិទ្យាសាស្រ្តរកឃើញពពួកសត្វ និងរុក្ខជាតិថ្មីចំនួន ១៦៣ប្រភេទនៅក្នុងតំបន់ទន្លេមេគង្គ

(បាងកក)៖ អង្គការមូលនិធិការពារសត្វព្រៃ​ពិភពលោក (WWF) បានឲ្យដឹងថា ​សត្វពស់ក្បាលពណ៌​ឥន្ធនូ​មួយក្បាល និងសត្វបង្កួយមួយ​ក្បាល​​មាន​​រាង​ដូច​នឹង​សត្វ​នាគ​ គឺស្ថិតនៅក្នុងចំណោម​ពពួកសត្វ​និងរុក្ខជាតិថ្មី​ទាំង​១៦៣ប្រភេទ​ដែលក្រុមអ្នកវិទ្យាសាស្រ្ត​​ទើប​តែ​បាន​​រក​ឃើញ​នា​​ពេល​​ថ្មីៗ​នេះ ​​នៅ​​​ឯ​​តំបន់​​ទន្លេ​​មេគង្គ​ ហើយក្រុមអ្នកអភិរក្ស WWF បានបន្ថែមថា ការអភិវឌ្ឍដ៏ឆាប់​រហ័ស​នៅក្នុង​តំបន់​​ទន្លេមេ​គង្គ​ដែល​មាន​ចាប់ពី​ទំនប់​​​វារី​​​អគ្គិ​​សនី​​​រហូត​​ដល់​​អណ្តូង​រ៉ែនោះ​ កំពុងតែបង្កការ​គំរាមកំហែង​ជាខ្លាំងដល់ជីវិតរស់​នៅរបស់ពពួកសត្វ និងរុក្ខជាតិទាំងនោះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​​មាន​ Channel News Asia នៅមុននេះបន្តិចនារសៀល​ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

របកគំហើញថ្មីដែលត្រូវបានបោះពុម្ពផ្សាយក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទនេះ រួមមានទាំងសត្វតុកកែ​ដែលមានស្បែក​ពណ៌ខៀវខ្ចី​​នៅ​ក្នុង​​ប្រទេស​ឡាវ និងពូជផ្លែចេក​ដ៏កម្រមួយប្រភេទ​រកឃើញនៅ​ភាគខាងជើងប្រទេសថៃ ដែលកំពុងតែប្រឈមមុខខ្លាំងនឹងការជិតផុតពូជ ដោយ​សារតែការកើនឡើង​នៃការបាត់បង់​ព្រៃឈើ។

លោក ជីម្មី បូរ៉ាហ៍ (Jimmy Borah) ប្រធានគ្រប់គ្រងកម្មវិធីសត្វព្រៃនៃអង្គការ WWF នៅតំបន់ទន្លេមេគង្គ​បានឲ្យដឹងថា​ ប្រភេទសត្វ​ និង​រុក្ខជាតិ​ថ្មីដែលទើបតែត្រូវបានរកឃើញ​នៅក្នុងតំបន់ទន្លេមេ​គង្គ គឺជាការក្រើន​រំលឹក​មួយថា​ វានៅតែមានក្តីសង្ឃឹមជានិច្ចទោះបីជាអត្រា​នៃការផុតពូជ​កំពុងតែកើនឡើង​នៅក្នុងកំរិត​ដ៏គ្រោះថ្នាក់មួយ​យ៉ាងណាក្តី ដោយលោក បូរ៉ាហ៍ បាននិយាយយ៉ាងដូច្នេះថា «តំបន់ទន្លេមេគង្គនៅតែបន្ត​ក្រើន​រំលឹកពួក​យើង​រហូតថា ពិភពលោកនេះនៅមានកន្លែង​ដ៏អស្ចារ្យដទៃៗ​ផ្សេងទៀត​ជាច្រើនមិនទាន់​ត្រូវបានរកឃើញ ដែលប្រការនេះ​បាន​នាំ​ឆ្ពោះ​ទៅ​​រករបក​​គំហើញថ្មីៗ កើតមានឡើងជារៀងរាល់ឆ្នាំ ហើយ​វាពិតមានសំខាន់​ជាទីបំផុត​ដែលយើង​ត្រូវរួមគ្នាការពារ​ ពពួក​សត្វ​ និងរុក្ខជាតិទាំង​នោះ​នៅ​មុន​ពេល​​ពួក​វា​​បាត់​បង់​ទៅ»

គួរបញ្ជាក់ថារបាយការណ៍ឆ្នាំ២០១៦ មួយផ្សេងទៀតរបស់អង្គការ WWF បានរកឃើញថា​ រហូតដល់​ឆ្នាំ២០២០ ចំនួនសត្វត្រី, សត្វបក្សី, សត្វឆ្អឹងកង, ថនិកសត្វ (សត្វចិញ្ចឹមកូនដោយទឹកដោះ), និងសត្វល្មូន នឹងអាចថយចុះដល់ទៅពីរភាគបី​​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ​៥០​ឆ្នាំ​ប៉ុណ្ណោះ។ ម៉្យាងវិញទៀតតំបន់​ទន្លេ​មេគង្គគឺជាជម្រករបស់ពពួកសត្វ និងរុក្ខជាតិមួយចំនួន ​ដែល​ប្រ​ឈម​នឹង​ការ​ជិត​ផុត​ពូជ​ខ្លាំងក្លា​​ជាង​គេនៅ​លើ​ពិ​ភព​លោក ហើយ​តំបន់នេះ​ក៏ជាកន្លែងជួញដូរសត្វព្រៃ​ខុសច្បាប់ដ៏មមាញឹក​បំផុតផងដែរ៕

ប្រភព​៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: US China Hong Kong Pentagon Int news Hot news