ប្រទេសប៉ាគីស្ថាន៖ ប៉ូលីស នៅក្នុងប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនបុរសម្នាក់ ដែលរងការចោទប្រកាន់ថា បានចងក្មេងប្រុសម្នាក់ភ្ជាប់នឹងសត្វលាមួយក្បាល ដែលក្រោយមកសត្វលានោះ បានអូសក្មេងប្រុសនោះរហូតដល់ស្លាប់។ ឧបទ្ទវហេតុនេះ បានកើតឡើង នៅភូមិ Lora ចម្ងាយ ៨០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Abbottabad ។
របាយការណ៍ បានឱ្យដឹងថា ជនជាប់ចោទម្ចាស់ដី លោក Mohammad Miskin ដែលបានបដិសេធការចោទប្រកាន់នោះ បានកើតការខឹងសម្បា ក្រោយពីហ្វូងសត្វ ដែលក្មេងប្រុសនោះឃ្វាល ដើរជាន់លើដីកសិកម្មរបស់គាត់ ។
សាក្សីបាននិយាយថា បុរសរូបនេះ បានចងក្មេងប្រុស ភ្ជាប់នឹងសត្វលា ហើយវាយវាបំបោល វាឱ្យរត់យ៉ាងលឿន។ ក្មេងប្រុសឈ្មោះ Mudassir អាយុ ៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសាររបួសរបស់គេ មានសភាពធ្ងន់ធ្ងរពេក ។
អ្នកភូមិ ដែល BBC បានទាក់ទងទៅនោះ បាននិយាយថា ម្ចាស់ដីរូបនេះ បានវាយដុំក្មេងប្រុសនេះ បន្ទាប់ពីសត្វមួយហ្វូងតូចរបស់គេ ព្រមទាំងសត្វលាផងនោះ បានចូលលុកលុយក្នុងវាលកសិកម្មរបស់គាត់។
អ្នកភូមិម្នាក់ បាននិយាយថា៖ "បុរសរូបនេះ បានចងដៃជើងក្មេងប្រុសនោះ បន្ទាប់មកចងគេភ្ជាប់នឹងសត្វលា រួចបុរសនោះ បានយាយសត្វលាឱ្យបោលយ៉ាងលឿន"។ អ្នកស្រុកបាននិយាយថា សត្វលាបានទាញក្មេងប្រុសនោះអស់រយៈពេលជិតមួយម៉ោង។
ឪពុករបស់ក្មេងប្រុស គឺលោក Sher Afzal បានប្រាប់លោក Mohammad Zubair Khan បម្រើការឱ្យ BBC ថា៖ "កូនរបស់ខ្ញុំ ត្រូវបានសម្លាប់ដោយគ្មានមេត្តា"។ ជំនួសឱ្យការធ្វើអន្តរាគមន៍លើការធ្វើទារុណកម្មនេះ និងជួយសង្គ្រោះជីវិតរបស់ក្មេង អ្នកភូមិបែរជាដើររកខ្ញុំទៅវិញ។
បុរសជាឪពុកបន្ថែមថា៖ “នៅពេលខ្ញុំទៅដល់កន្លែងកើតហេតុ កូនប្រុសរបស់ខ្ញុំ បានស្លាប់បាត់បង់ជីវិតទៅហើយ ហើយគ្មានផ្នែកណាមួយនៃរូបកាយរបស់គេ មិនរងរបួសស្នាមឡើយ”។
លោក Mohammad Miskin បានបដិសេធការចោទប្រកាន់ ប្រឆាំងនឹងរូបលោក។ លោកបានប្រាប់អ្នកកាសែតថា៖ «ខ្ញុំមិនបានចងក្មេងប្រុស ភ្ជាប់នឹងសត្វលានោះទេ។ "ហ្វូងសត្វទាំងនោះ បានចូលទៅក្នុងដីចម្ការរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែស្រែកបង្អើលវាឱ្យចេញពីចម្ការប៉ុណ្ណោះ" ។
ទោះបីជាយ៉ាងណា តុលាការនៅទីក្រុង Abbottabad បានបញ្ជូនបុរសរូបនេះ ទៅឃុំឃាំងអស់រយៈពេល ២ ថ្ងៃមកហើយ ដើម្បីសួរចម្លើយបន្ថែម បន្ទាប់ពីការចាប់ខ្លួនរគាត់ កាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC