(រ៉ូម)៖ ជនសង្ស័យជាអ្នកបើកបររថយន្ដកាមីញ៉ុង បំបុកសម្លាប់មនុស្ស១២នាក់ និងរបួស៤៨នាក់ នៅទីផ្សារណូអ៊ែលក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ កន្លងទៅ ត្រូវបានប៉ូលិសអ៊ីតាលីបាញ់សម្លាប់ហើយ នៅថ្ងៃសុក្រនេះ។ នេះបើតាមការអះអាងរបស់ប៉ូលិសអ៊ីតាលី ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅ យប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦។
បុរសឈ្មោះ អានីស អាំរី (Anis Amri) ជាជនជាតិទុយនីស៊ីមានអាយុ ២៤ឆ្នាំត្រូវបានប៉ូលិសអាល្លឺម៉ង់ចោទប្រកាន់ថា ជាភេរវករដែលបានវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៊ែរឡាំង ខណៈក្រុម ISIS ក៏បានចេញមុខអះអាងទទួលខុសត្រូវផងដែរ ដោយបញ្ជាក់ថា អានីស គឺជាសមាជិកក្រុមអ្នកប្រយុទ្ធរបស់ខ្លួន។ ដោយឡែកបើតាមប៉ូលិសអ៊ីតាលី ជនសង្ស័យរូបនេះត្រូវបានបាញ់សម្លាប់នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ក្នុងទីក្រុង Milan នៅម៉ោងប្រមាណជា ៣៖០០នាទីទៀបភ្លឺ (ម៉ោងនៅក្នុងប្រទេសអ៊ីតាលី) បន្ទាប់ពីរូបគេបានបាញ់តបតជាមួយប៉ូលិស។
គួរបញ្ជាក់ថា ប៉ូលិសអាល្លឺម៉ង់ បានចេញសេចក្ដីប្រកាសតាមចាប់ខ្លួន អានីស អាំរី កាលពីថ្ងៃពុធ កន្លងទៅ តាមរយៈការផ្ដល់ប្រាក់រង្វាន់ ១០៤,០០០ ដុល្លារ ចំពោះការផ្ដល់ព័ត៌មានទាំងឡាយណា ដែលឈានដល់ការចាប់ខ្លួនអានីស៕
ប្រភព ៖ ប៊ីប៊ីស៊ី/Reuters