ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង និងជាតារាចម្រៀង មានសញ្ជាតិអូស្ត្រាលីអ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះជាមួយស្វាមីលោក យ៉ែម សំអូន រហូតដល់ត្រូវបានស្វាមីជ្រុលជ្រោះ ប្រើអំពើហិង្សាបន្តិចបន្ទួច លើនាងរួចមក គេមិនបានឃើញវត្តមានតារារូបនេះ ចេញមុខបកស្រាយពីជម្លោះឲ្យស៊ីជម្រៅអ្វីឡើយ ។ នាងបែរជាប្រញាប់ប្រញាល់អូសវ៉ាលីស ចេញទៅអូស្ត្រាលីយ៉ាងឆាប់ រហ័សបំផុត ។ ទើបតែថ្មីៗនេះនាងបានសម្រេចចិត្ត ចេញមុខទម្លាយអាថ៌កំបាំងឈឺចាប់ គ្រប់បែបយ៉ាង ដែលនាងជួបប្រទះ ក្នុងអំឡុងពេលនាង និងស្វាមីរស់នៅសាងគ្រួសារជាមួយគ្នា ប្រមាណជាង១០ឆ្នាំកន្លងមកនេះ ដោយបើកចំហរឲ្យមហាជនបានដឹង ពីក្តីឈឺចាប់របស់នាង ។
តាមរយៈសារដ៏វែងអន្លាយមួយ ដែលតារាសម្តែង ទើបពើបប្រទះរឿងរ៉ាវស្នេហារង្គោះរង្គើ អ្នកនាង យ៉ាន លីនដា បានសរសេរបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាង បានរៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា «ក្នុងនាមនាងខ្ញុំ ជាកូនខ្មែរ ជាស្ត្រីខ្មែរ ជាសិល្បការិនីខ្មែរមួយរូប នាងខ្ញុំស្គាល់ច្បាស់ ពីតម្លៃនៃជាតិសាសន៍របស់ខ្លួន ស្គាល់ពីតម្លៃរបស់ស្ត្រី ស្គាល់ពីតម្លៃខ្លួនឯង និងស្គាល់ពីតួនាទីរបស់ខ្ញុំ ក្នុងនាមជាប្រពន្ធ ជាម្តាយ ។ ជាការពិតណាស់ចង្កៀងក្នុងផ្ទះអ្នកណា គឺច្បាស់ជាភ្លឺក្នុងផ្ទះអ្នកនោះ ខ្ញុំជាស្រីម្នាក់ ក៏ព្រោះតែភាពទន់ខ្សោយ ទើបកន្លងមកនាងខ្ញុំទ្រាំ ទន្ទេញតែពាក្យមួយម៉ាត់គត់ ជាប់នឹងចិត្ត ខួរក្បាលរបស់ខ្ញុំគឺទ្រាំ ។ នៅពេលមានបញ្ហានេះកើតឡើង? តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងពីចិត្តរបស់ខ្ញុំ មនុស្សគ្រប់រូប បេះដូងនរណា ក៏ធ្វើពីសាច់ និងឈាម មានការស្រឡាញ់ ខឹង ស្អប់ ដូចៗគ្នា តែការទ្រាំអត់ធ្មត់ទៅវិញទេ ដែលមានព្រំដែន ចុះបើទ្រាំលើសពីទ្រាំ មាននរណាម្នាក់ ដែលរស់ដោយការទ្រាំរហូត ដល់ជីវិតចុងក្រោយ ហើយមានមនុស្សណាម្នាក់ ដែលទ្រទម្ងន់ទុក្ខបានពេញមួយជីវិត?» ។
យ៉ាន លីនដា បានសរសេរបន្ថែមទាំងអារម្មណ៍ ក្តុកក្តួលទៀតថា «អ្នកគ្រប់គ្នា ធ្លាប់តែឃើញការញញឹមរបស់ស្ត្រីម្នាក់នេះ ចុះពេលទឹកភ្នែកខ្ញុំហូរ តើមាននរណាឃើញទេ? ហើយពេលដែលខ្ញុំឈឺចាប់ តើខ្ញុំត្រូវស្រែកប្រាប់គេឯងឲ្យយល់ឬ? តើអ្នកណាដែលជួយ រំលែកទុក្ខពីខ្ញុំបាន ក្រៅតែអំពីខ្ញុំខ្លួនឯង ដែលត្រូវទ្រាំខាំ មាត់សង្កត់ចិត្ត អត់ធ្មត់ ដើម្បីចង់បានសុភមង្គល និងដើម្បីអនាគតកូនស្រីរបស់ខ្ញុំ ។ ពេលមានបញ្ហា ស្ត្រីងាយរងគ្រោះណាស់ ជំនឿចិត្តមកលើរូបនាងខ្ញុំ ហាក់ដូចជាផុយស្រួយ សួរថា តើដើម្បីឲ្យគេមានជំនឿ មកលើនាងខ្ញុំ ដើម្បីភាពស្អាតស្អំរបស់ខ្ញុំ តើខ្ញុំត្រូវហែកទ្រូងឲ្យក្អែកចឹក ឬយ៉ាងណា? តើខ្ញុំធ្វើដើម្បីអ្វី? ខ្ញុំដឹងថា នៅពេលដែលមានបញ្ហានេះ កើតឡើង គេច្បាស់ជាលាបពណ៌ ដោយនិយាយចោទថា ខ្ញុំមានអ្នកទី៣ ខ្ញុំមិនល្អដោយប្រការនេះ ប្រការនោះ តើលើលោកនេះមានអាថ៌កំបាំងទេ? ហើយប្រសិនបើនាងខ្ញុំ ជាមនុស្សម្នាក់ ដែលភ្លើតភ្លើន ចង់ខ្ពស់ហួសមាឌ ដូចដែលគេលាបពណ៌មែននោះ តើនាងខ្ញុំសុខចិត្តលំបាកចោល ឪពុកម្តាយ ចោលក្រុមគ្រួសារ ចោលកូនមកតាមប្តីទេ? មួយជីវិតរបស់ខ្ញុំ ខ្ញុំតាមប្តីរហូត នាងខ្ញុំមិនដែលបានគេងនៅផ្ទះជាមួយកូន ឲ្យប្តីរកលុយចិញ្ចឹមទេ គឺខ្លួនឯងប្រឹងប្រែង ទាំងឈឺទាំងជា ជាមួយប្តី ទោះកម្លាំងកាយស្រែកថាទេ តែកម្លាំងចិត្ត នៅតែឈានដើរទៅ តើខំដើម្បីអ្វី? ខ្ញុំតែងតែបន់ស្រន់សូមកុំឲ្យមានរឿងបែបនេះ កើតឡើងក្នុងជីវិតរបស់ខ្ញុំ តែវាក៏មកដល់ តែវាមិនមែនជារឿងថ្មីលើកទី១ទេ បើវាជារឿងធ្លាប់កើតឡើង ។ តើកន្លងមកខ្ញុំទ្រាំប៉ុណ្ណា? ហើយចាំបាច់អីដែលខ្ញុំត្រូវនិយាយ ឲ្យគេអាណិត? មនុស្សយើងម្នាក់ៗ ត្រូវការណាស់ សុភមង្គលសម្រាប់ជីវិតលុយកាក់ កើតតាមក្រោយទេឲ្យតែខំ ។ តើខ្ញុំអន់ជាងមនុស្សស្រីទូទៅប៉ុណ្ណាទៅ? ហេតុអ្វីត្រឹមតែភក្តីភាព ភាពស្មោះត្រង់រវាងគ្នានឹងគ្នា និងសុភមង្គលមួយ ផ្តល់ឲ្យខ្ញុំ និងកូនមិនបាន?» ។
អ្នកនាង យ៉ាន លីនដា បានបន្ថែមទៀតថា «ដើរមកដល់ថ្ងៃនេះ មុតបន្លា ឈឺហើយជា ជាហើយឈឺ មុតសុះសាច់ សួរថានាងចង់ឲ្យ កូនកំព្រាឪពុក ចង់មានឈ្មោះ ជាស្ត្រីមេម៉ាយទេ? នរណាក៏ស្រឡាញ់កិត្តិយសរបស់ខ្លួន និងគ្រួសារដែរ! រហូតមកដល់ពេលនេះ ក៏នាងនៅតែខាំមាត់បៀមទុក្ខ លាក់រឿងទាំងអស់ នៅក្នុងចិត្តនេះខ្ញុំជាស្រីផង...តើបុរសបែបណាទៅដែលយកប្រពន្ធខ្លួនឯង ទៅលាបពណ៌ បំលែង បំភ្លៃឲ្យប្រពន្ធខ្លួនឯងអាក្រក់ ហើយល្អតែម្នាក់ឯង? អ្នកមានបេះដូងជាប្រុសទេ? មានបេះដូងជាឪពុកទេ? ជាងដប់ឆ្នាំមកនេះ បេះដូងរបស់ខ្ញុំឈឺហួសឈឺតែលើកនេះ គឺឈឺខ្លាំងណាស់ ក៏ប្រហែលមិនងាយជាវិញដែរ ។ បើខ្ញុំជាមនុស្សស្រីប៉ិនប្រច័ណ្ឌ ចិត្តមិនធ្ងន់ មិនគោរពប្តី មិនឲ្យតម្លៃប្តី ម្ល៉េះខ្ញុំមិនអាចទ្រាំ បានវែងឆ្ងាយរហូតមកដល់ពេលនេះទេ! ការសម្រេចចិត្តរបស់ខ្ញុំពេលនេះ ព្រោះនាងចង់ចាកចេញពីរូបភាព ក្លែងក្លាយ ចេញពីគំនាប ចេញពីសម្ពាធ ចេញពីរង្វង់កំណត់ជីវិត ចេញពីស្នាមញញឹមសិប្បនិមិត្ត ខ្ញុំឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តយូរល្មមគ្រប់គ្រាន់ហើយ ក៏មិនមែនលើកទី១ដែរ ក្តីស្រឡាញ់ដែលលើកដៃមកវាយ ធ្វើបាបខ្ញុំបែបនេះ តើនៅមានប៉ុន្មានដងទៀត? អ្វីដែលខ្ញុំគិតពេលនេះ គឺនាងចង់ធ្វើតួនាទីជាម្តាយ ដ៏ល្អ របស់កូនមិនប្រាថ្នាចង់គិត អ្វីផ្សេងឡើយ...» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល