CamNews

តន្រ្តី 

នាយករដ្ឋមន្ត្រីកម្ពុជា តាមបោះឆ្នោតគាំទ្រ បេក្ខជន «Cambodian Idol» ជាប់ជានិច្ច ទោះរវល់នៅ ក្រៅប្រទេស

ភ្នំពេញ៖ បើទោះបីជាប់រវល់ ជាមួយការបំពេញ ទស្សនកិច្ចនៅក្រៅ ប្រទេសយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅតែព្យាយាមតាមដាន ទស្សនាការប្រកួតប្រជែង ចម្រៀងលំដាប់ពិភពលោក «Cambodian Idol» ជាប់ជានិច្ចតាមប្រព័ន្ធ Internet។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រឹមតែទស្សនានោះទេ សម្តេចថែមទាំង បានបោះឆ្នោតគាំទ្រពីទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក និងទីក្រុងម៉ាកាវ ប្រទេសចិនផងដែរ។

មុនចាកចេញទៅបំពេញទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានា នៅទីក្រុងម៉ាកាវ និងប៉េកាំង ប្រទេសចិន កាលពី សប្តាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រ Facebook សរសើរកម្មវិធីប្រលងចម្រៀង «Cambodian Idol» រួចម្តងមកហើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរជាថ្មីម្តងទៀត ទៅលើកម្មវិធីប្រលង ចម្រៀងលំដាប់ពិភពលោក ដែលបានរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ហង្សមាស។

សម្តេចតេជោបានគូសបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលបានប្រកួត ប្រជែងក្នុងកម្មវិធី ១២នាក់ចុងក្នុងកម្មវិធី «Live Show» សុទ្ធតែជាអ្នកមានសមត្ថភាព ព្រោះអាចបង្ហើសំនៀង បានគ្រប់ទម្រង់មិនថា បទមនោសញ្ចេតនា សូម្បីចង្វាក់ ប្រពៃណីខ្មែររាំវង់ ឡាំលាវ សារវ៉ាន់ បទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាពិសេសបទមនោសញ្ចេតនាសម័យដើម ក៏ពួកគេអាច ធ្វើបានផងដែរ។

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀង «Cambodian Idol» បន្ទាប់ពីធ្វើការជម្រុះជាបន្តបន្ទាប់ នូវបេក្ខជនរាប់ម៉ឺននាក់ នៅទូទាំងប្រទេសនោះ មកដល់រាត្រីថ្ងៃអាទិត្យ ទី១៨ ខែតុលា នៅសល់តែបេក្ខជន និង បេក្ខនារី សុទ្ធតែអ្នក មាន ដឹកដម សំនៀងតែ ៤នាក់ប៉ុណ្ណោះ នឹងត្រូវធ្វើការប្រកួតប្រជែងគ្នាទៅសប្តាហ៍ក្រោយៗទៀត។

បេក្ខជន បេក្ខនារីទាំង ៤នាក់នេះរួមមាន៖ លោក ម៉ៅ ហាជី មកពីអ្នកខេត្តបាត់ដំបង លោក នី រតនា មកពីខេត្ត កំពង់ធំ លោក សៅ ឧត្តម មកពីខេត្តស្វាយរៀង និង កញ្ញា សុវត្ថឌី ធារីកា ដែលជាបេក្ខនារីមានវ័យទើប ១៧ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែសំនៀងរបស់កញ្ញា បានអង្រួនអារម្មណ៍ទស្សនិកជនជារៀងរាល់សប្តាហ៍។ តែជាការសោកស្តាយបេក្ខជន ដែលជាកវីវ័យក្មេងមកពីទឹកដីខេត្តបាត់ដំបង ចេះទាំងតែងនិពន្ធ លេងហ្គីតា និងមានសំនៀងពិរោះផងដែរនោះ បាន ធ្លាក់ចេញពីកម្មវិធីហើយកាលពីយប់មិញនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh