ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ អ្នកនិយមកីឡាបាល់ទាត់នៅពេលនេះ បានរបូតចេញព័ត៌មានបន្ដិចម្ដងៗហើយថា Real Madrid មានបំណងអនុញ្ញាត ចូលខ្លួនជជែកទីផ្សារកីឡាករ ជាមួយក្លឹបដទៃទៀត ដែលមុខសញ្ញាធំបំផុត នោះគឺ Man United និង PSG ចំណែក Chelsea ដូចជានៅឆ្ងាយបន្ដិច។
យោងតាមគេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថាក្លឹប Real Madrid យល់ព្រមចូលខ្លួនជជែកទីផ្សារកីឡាករ Ronaldo ហើយ ប៉ុន្ដែត្រូវមានលក្ខខណ្ឌ សម្រាប់សេចក្ដីសម្រេចមួយនេះ។ Real Madrid ត្រូវបានគេរាយការណ៍មកថា ក្លឹបនឹងយល់ព្រមអនុញ្ញាតឲ្យ Ronaldo ចាកចេញពីក្លឹប ប្រសិនជាក្លឹបណា ហ៊ានឲ្យតម្លៃខ្លួនដល់ទៅតម្លៃស្មើនឹងការចំណាយរបស់ក្លឹប កាលពីឆ្នាំ ២០០៩ គឺដល់ទៅ ៨០ លានផោន។ Ronaldo បានផ្ទេរចូលមកកាន់ Real Madrid កាលពីឆ្នាំ ២០០៩ បើគិតមកទល់ពេលនេះ គឺ ៦ឆ្នាំមកហើយ ប៉ុន្ដែការលេងរបស់កីឡាករ មិនបានធ្លាក់ចុះនោះទេ ពោលពេញរយៈពេល ៦ឆ្នាំនៅក្នុង Real Madrid កីឡាករធ្វើបានល្អ ស្ទើរតែគ្រប់ការប្រកួត ។
កន្លងមក Ronaldo ក៏ធ្លាប់បាននិយាយដោយផ្ទាល់ផងដែរថា កីឡាករ មានអ្នកគាំទ្រជាច្រើនក្នុងទឹកដី អង់គ្លេស ហើយ ក៏ស្រលាញ់ការលេងក្នុងទឹកដីអង់គ្លេសផងដែរ ប៉ុន្ដពេលបច្ចុប្បន្នកីឡាករក៏មានអារម្មណ៍ មិនចង់ចាកចេញ ពីទឹកដីអេស្ប៉ាញ ហើយក៏មិនទាន់ដឹងច្បាស់ដែរថា នៅថ្ងៃអនាគត នឹងប្រែប្រួលទៅជាយ៉ាងណានោះទេ។
តាមការសង្កេតកន្លងមក មានក្លឹបចំនួនពីរដែលចូលរួមក្នុងទីផ្សារកីឡាករ គឺ Man United នឹង PSG ខណៈដែលអ្នកទាំងពីរកំពុងតែប្រឈមមុខដាក់គ្នា ប៉ុន្ដែមិនទាន់បានសម្រេចលទ្ធផលនៅឡើយ ។ ហើយក្រោយមកទៀត ក៏លេចឮថា មាន Chelsea ក៏ចូលរួមចំណែកផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror