ភ្នំពេញ៖ នេះជាមោទនភាពថ្មីមួយទៀតដើមឆ្នាំ ២០១៥នេះ ដែលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាបាន ឡើងទៅប្រកួតវគ្គជម្រុះក្នុងជុំទី២បន្តទៀតនៃ World Cup 2018 នៅរុស្ស៊ី បើទោះបីជាប្រកួតបានលទ្ធផលផ្លូវការ ១-១ ទល់នឹងក្រុមជម្រើសជាតិម្ចាស់ ផ្ទះម៉ាកាវក្នុងជើងទី២នេះក៏ដោយ ។
ក្នុងជំនួបដ៏ស្វិតស្វាញនាអម្ប៉ាញ់មិញនេះ ក៏កម្ពុជាអាច បំប៉ោងសំណាញ់ទីក្រុមម៉ាកាវបានមុនដដែល ពោលគឺនៅនាទីទី២៨ពីការទាត់បាល់ហ្រ្វីឃីក (Free-Kick) បានសម្រេចដោយកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន មុនពេលដែលបានរបូត១គ្រាប់វិញដោយបាល់ប៉េណាល់ទីនៅនាទីទី៥១ ដោយកីឡាករម៉ាកាវ Ka Hang Leong ដោយសារតែកីឡាករខ្សែការពារកម្ពុជា បានធ្វើឲ្យកីឡាករម៉ាកាវដួលក្នុងប្រអប់គ្រោះថ្នាក់ និងអ្នកចាំទី អ៊ុំ សិរីរ័ត្ន បានត្រឹមតែចាប់ខ្យល់ប៉ុណ្ណោះ ។
កម្ពុជា បានកែប្រែប្រវត្តិសាស្រ្តវិញបានហើយ ក្រោយចាញ់ ម៉ាកាវ ដោយលទ្ធផលបច្ចេក ៣-២ កាលពីឆ្នាំ២០១១ នៃវគ្គជម្រុះពានប្រចាំទ្វីបអាស៊ី AFC Challenge Cup និងបន្តស្មើ ១-១ នៃការជួបគ្នាលើកទី២ក្នុងទឺកដី ម៉ាកាវ ក្រៅពី ឈ្នះ៥ប្រកួតផ្សេងទៀតក្នុងទឹកដីកម្ពុជា ដោយជើងទី១បានបំបាក់រហូតដល់ទៅ ៣-០ នៅពហុកីឡដ្ឋាន ស្តាតចាស់ ជាមួយនឹងការសរុបគ្រាប់ បាល់ទាំងពីរជើងកម្ពុជា ៤ និង ម៉ាកាវ ១ ។
សូមរំលឹកដែរថា កាលពីវគ្គជម្រុះ World Cup 2014 នៅប្រទេសប្រេស៊ីល កម្ពុជាបានហាលអាវក្រោមថ្វីជើង របស់ក្រុម ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាឡាវកាលពីវគ្គជម្រុះក្នុងជុំទី១ឆ្នាំ២០១១ ។ កម្ពុជា ត្រូវរង់ចាំនៃការចាប់ ពូលលេងក្នុង វគ្គជម្រុះជុំទី២បន្ត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី មុនពេលចាប់ផ្តើមប្រកួតជម្រុះជាផ្លូវការនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល