CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន និងកូរ៉េខាងត្បូងថា ការរញ្ជួយផែនដីព្រឹកនេះ គឺដោយសារការសាកអាវុធនុយក្លេអែររបស់កូរ៉េខាងជើង

ប្រទេសជប៉ុនបានអះអាងថា គ្រោះរញ្ជួយដីកម្លាំង 5,3 Richter ដែលកើតឡើងកាលពីព្រឹកនេះ
នៅកូរ៉េខាងជើង គឺកើតឡើងដោយសារក្រុងព្យុងយ៉ាងធ្វើការសាកល្បងអាវុធនុយក្លេអែរថ្មី នេះ
បើតាមទំព័រ Telegraph របស់អង់គ្លេស ដកស្រង់ប្រភពពីរាជរដ្ឋាភិបាលជប៉ុន។

លោក គីម ជុងអ៊ុន និងមន្ដ្រីរបស់ខ្លួន នៅក្នុង​ការ​សាកល្បងអាវុធនុយក្លេអែរ
ចុងក្រោយនាខែឧសភា ឆ្នាំ ២០១៦

ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីព្រឹកបន្ទាប់ពីមានព័ត៌មានស្ដីអំពីគ្រោះរញ្ជួយដីសិប្បនិម្មិត
5,3 Richter នៅកូរ៉េខាងជើង ប្រធានការិយាល័យនៃទីស្ដីការគណរដ្ឋមន្ដ្រីជប៉ុន Yoshihide Suga
ឱ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសនេះអះអាងថា ការរញ្ជួយដីនេះគឺកើតឡើងដោយសារកូរ៉េខាង
ជើង សាកល្បងអាវុធនុយក្លេអែរ។

បច្ចុប្បន្ន ភាគីខាងជប៉ុនបានផ្ញើកំណត់ទូតមួយទៅកាន់កូរ៉េខាងជើង ដើម្បីតវ៉ាអំពីបញ្ហានេះ។

ចំណែកទំព័រ Yonhap បានឱ្យដឹងថា កូរ៉ខាងត្បូងជឿថា កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេ
អែរកាលពីព្រឹកមិញនេះ។
ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងមិនទាន់ទទួលស្គាល់ព័ត៌មាននេះ ប៉ុន្តែ មន្ដ្រីម្នាក់ថ្លែងថា
“យើងខ្ញុំកំពុងតែវិភាគ ដើម្បីឱ្យដឹងថា តើនេះពិតជាការសាកល្បងដោយជោគជ័យ ឬអត់”។ រីឯ
ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun Hye ក៏បានអះអាងថា កូរ៉េខាងជើង ទើបតែបានសាក
ល្បងនុយក្លេអែរលើកទី៥ ហើយយល់ថា សកម្មភាពនេះគឺផ្ទុយទៅនឹងសេចក្ដីសម្រេចរបស់ក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មន្ដ្រីម្នាក់របស់អាមេរិក និយាយប្រាប់ទំព័រ CNN ថា នេះអាចជាការសាកល្បងអាវុធនុយក្លេអែរ
ប៉ុន្តែ ដើម្បីបញ្ជាក់អំពីបញ្ហានេះ គឺត្រូវយោងទៅលើទិន្នន័យនៃការរញ្ជួយដី និងទិន្នន័យដែលពាក់
ព័ន្ធ។

កងទ័ពអាកាសរបស់អាមេរិក តាមគម្រោងនឹងបញ្ជូនយន្ដហោះ WC-135 Constant Phoenix ទៅ
កាន់តំបន់កើតហេតុ ដើម្បីប្រមូលសារធាតុនានាក្នុងអាកាសបំណងធ្វើការពិសោធ បញ្ជាក់ថា តើ
វាគឺពិតជាការសាកល្បងនុយក្លេអែរ មែន ឬមិនមែន។

ចំណែកភាគីខាងកូរ៉េខាងជើង សារព័ត៌មាននៃប្រទេសនេះ មកដល់ពេលនេះ នៅតែបន្តស្ងាត់ស្ងៀម
នៅចំពោះព័ត៌មានស្ដីអំពីគ្រោះរញ្ជូយដី និងការសាកល្បងអាវុធនុយក្លេអែររបស់ក្រុងព្យុងយ៉ាង។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Telegraph


Tags: កូរ៉េខាងជើង អាវុធនុយក្លេអែរ រញ្ជួយ​ដី