អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិពីររូប បានជំរុញឱ្យអភិបាលរដ្ឋ Virginia លោក Terry McAuliffe គួរបញ្ឈប់ការអនុវត្ដទោសប្រហារជីវិត ដែលបានគ្រងទុក លើបុរស មានពុទ្ធិវិបល្លាសម្នាក់(វិបត្ដិផ្លូវចិត្ដ) ។ លោក William Morva ដែលជាជនជាតិហុងគ្រីកាត់អាមេរិក ត្រូវបានតុលាការសម្រេចដាក់ពិរុទ្ធភាព និងផ្តន្ទាទោសប្រហារជីវិតពីបទមនុស្សឃាតលើសន្តិសុខមន្ទីរពេទ្យម្នាក់ និងអនុប្រធានចៅក្រមសង្កាត់(Sheriff's deputy ) ម្នាក់ កាលពីឆ្នាំ ២០០៨។ អ្នកឯកទេសផ្នែកចិត្តសាស្រ្តម្នាក់ ដែលត្រូវបានតែងតាំងដោយតុលាការ បានធ្វើរោគវិនិច្ឆ័យរកឃើញថា ទណ្ឌិត Morva មានជំងឺឆ្កួតជ្រូក និងជឿជាក់ថា ជនម្នាក់នេះ ទំនងជាបានប្រព្រឹត្ដអំពើមនុស្សឃាត ដោយសារតែរូបគេជួបប្រទះវិបត្ដិបាត់បង់ស្មារតី។ យោងតាមអ្នកជំនាញ ពិរុទ្ធជនឈ្មោះ Morva នេះ មិនទទួលបាន "ដំណោះស្រាយសមហេតុសមផល"នោះទេ ក្នុងអំឡុងសវនាការរបស់គាត់។
ស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ដំណោះស្រាយសមហេតុសមផលសំដៅដល់ "ការកែប្រែ និងការកែតម្រូវ ដែលចាំបាច់ និងសមស្រប ដែលមិនតម្រូវឱ្យដាក់បន្ទុកមិនសមាមាត្រ ឬហួសហេតុ ដែលត្រូវយកមកអនុវត្ដក្នុងរឿងក្ដីជាក់លាក់មួយដើម្បីធានាថា ជនពិការគ្រប់រូប ទទួលបាននូវសិទ្ធិរបស់ខ្លួន ឬការអនុវត្ដទោស ដោយផ្អែកលើគោលការណ៍សមភាពដូចពលរដ្ឋដទៃ ចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានទាំងអស់។ " លើសពីនេះទៀត ចៅក្រម មិនត្រូវបានគេជូនដំណឹងអំពីស្ថានភាពជំងឺរបស់ Morva នោះឡើយ ។ អ្នកជំនាញទាំងពីររូបនេះ បានស្នើសុំអាជ្ញាធរឱ្យលុបចោលការកាត់ទោសប្រហារជីវិតប្រឆាំងនឹងលោក Morva និងស្នើឱ្យតុលាការធ្វើការពិចារណាជាថ្មីចំពោះគាត់ ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ដែលពាក់ព័ន្ធនឹងនីតិវិធីត្រឹមត្រូវតាមច្បាប់ និងការជំនុំជម្រះដោយយុត្តិធម៌។
ថ្មីៗនេះទោសប្រហារជីវិត បានក្លាយជាបញ្ហាក្ដៅគគុកមួយ នៅទូទាំងប្រទេស។ កាលពីដើមសប្តាហ៍នេះ អភិបាលរដ្ឋផ្លរីដា លោក Rick Scott បានកំណត់កាលបរិច្ឆេទកាត់ទោសប្រហារជីវិតលោក Mark Asay ដែលជាការកាត់ទោសលើកទីមួយរបស់រដ្ឋនេះ ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។ ការកាត់ទោសប្រហារជីវិតអ្នកទោស នៅរដ្ឋផ្លរីដា ត្រូវបានផ្អាក បន្ទាប់ពីនីតិវិធីនៃការកាត់ទោសរបស់ពួកគេ ត្រូវបានតុលាការកំពូលសហរដ្ឋអាមេរិក ចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញ។
នៅក្នុងខែមិថុនា តុលាការឧទ្ធរណ៍សហព័ន្ធ បានច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាប ហើយបានរកឃើញថា នីតិវិធីកាត់ទោសប្រហារជីវិតរបស់រដ្ឋអូហៃយ៉ូ មានអានុភាពតាមផ្លូវរដ្ឋធម្មនុញ្ញជាង។ នៅសប្តាហ៍ដដែលនោះ ចៅក្រមសហព័ន្ធ បានចេញសេចក្ដីបង្គាប់ឱ្យប្ដូរទៅអនុវត្ដនីតិវិធីកាត់ទោសប្រហារជីវិតរបស់រដ្ឋ Arizona វិញដោយសារតែពាក្យបណ្តឹងរបស់អ្នកទោស។ កាលពីដើមខែមិថុនា តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចសេចក្ដីថា ជំនួយផ្នែកចិត្តសាស្រ្តត្រូវតែបានផ្តល់ឱ្យសម្រាប់ចុងចោទ ដែលត្រូវតុលាការកាត់ទោសប្រហារជីវិត។
នៅខែឧសភា សភាតំណាងរាស្រ្ដរដ្ឋ Delaware បានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតិឱ្យអនុវត្ដទោសប្រហារជីវិតឡើងវិញ។ សេចក្ដីព្រាងច្បាប់ថ្មីរបស់រដ្ឋផ្លរីដា បានប្រកាសថា ការកាត់ទោសប្រហារជីវិត អាចត្រូវបានកំណត់ដោយចៅក្រមដោយផ្អែកលើអនុសាសន៍ជាឯកច្ឆ័ន្ទពីគណៈវិនិច្ឆ័យ ដែលត្រូវបានចុះហត្ថលេខាឱ្យចូលជាធរមាន នៅខែមីនា។ នៅក្នុងខែមករា តុលាការកំពូលអាមេរិក បានបដិសេធមិនធ្វើការពិចារណាលើការប្រឈមចំពោះប្រព័ន្ធកាត់ទោសប្រហារជីវិតរបស់រដ្ឋអាឡាបាម៉ា៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist