CamNews

ព័ត៌មានអន្តរជាតិ 

លោកស្រី ស៊ូជី ថ្កោលទោសការរំលោភសិទ្ធិមនុស្ស នៅក្នុងរដ្ឋរ៉ាឃីន ខណៈអង្គការអន្ដរជាតិរិះគន់លោកស្រី

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi កាលពីថ្ងៃអង្គារ បានថ្កោលទោសការរំលោភសិទ្ធិមនុស្ស នៅក្នុងរដ្ឋរ៉ាឃិនរបស់ប្រទេស ដោយមិនបានថ្លែងអំពីការចោទប្រកាន់ពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សពាក់ព័ន្ធនឹងយុទ្ធនាការបោសសម្អាតជនជាតិភាគតិច ប្រឆាំងនឹងប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ានោះឡើយ។ លោកស្រី អ៊ុង សានស៊ូជី បានប្ដេជ្ញាថា៖ "វិធានការទាំងឡាយ នឹងត្រូវអនុវត្ដប្រឆាំងនឹងជនគ្រប់រូប ដោយមិនគិតពីនិន្នាការសាសនា ពូជសាសន៍ និងជំហរនយោបាយឡើយ ពោលគឺបុគ្គល ដែលប្រព្រឹត្ដអំពើប្រឆាំងនឹងច្បាប់ភូមិបាល និងរំលោភបំពានសិទ្ធិមនុស្ស"។

លោកស្រី អ៊ុង សានស៊ូជី រងការរិះគន់យ៉ាងចាស់ដៃ ដោយក្រុមសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិចំពោះភាពប្រងើយកន្ដើយរបស់លោកស្រី ដោយបណ្ដោយឱ្យស្ថានភាពរបស់ក្រុមបះបោររ៉ូហ៊ីងយ៉ា ប្រព្រឹត្ដទៅតាមចិត្ដ។ នេះជាសុន្ទរកថាលើទី ១ របស់លោកស្រី ថ្លែងដល់ប្រទេសជាតិ ចាប់តាំងពីការវាយប្រហារ កាលពីខែសីហារបស់ក្រុមបះបោររ៉ូហ៊ីងយ៉ា ដែលបានធ្វើឱ្យមានការឆ្លើយតបផ្នែកយោធាដ៏ធំ ដែលបង្ខំឱ្យជនស៊ីវិលរ៉ូហ៊ីងយ៉ាជាង ៤០០.០០០ នាក់ ត្រូវភៀសខ្លួន ទៅប្រទេសបង់ក្លាដេស។ លោកស្រី អ៊ុង សានស៊ូជី ក៏កំពុងប្រឈមនឹងការរិះគន់ផងដែរ ចំពោះការបដិសេធរបស់រដ្ឋាភិបាលលោកស្រី ក្នុងការអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ចូលក្នុងប្រទេសនេះ ដើម្បីស៊ើបអង្កេតស្ថានភាពនេះ។

អង្គការលើកលែងទោសអន្តរជាតិ បានរិះគន់ចំពោះ សុន្ទរកថារបស់លោកស្រី អ៊ុង សានស៊ូជី ថា៖ “លោស្រី និងរដ្ឋាភិបាលរបស់លោកស្រី នៅតែធ្វើគធ្វើថ្លុង ធ្វើមើលមិនឃើញ(burying their heads in the sand) ចំពោះភាពភ័យរន្ធត់ ដែលកំពុងរីករាលដាល នៅក្នុងរដ្ឋរ៉ាឃីន។ ជួនកាលសុន្ទរកថារបស់លោកស្រី មានកម្រិតតិចជាងភាពគ្មានសច្ចភាពរបស់ខ្លួន និងការស្ដីបន្ទោសរបស់ជនរងគ្រោះណាស់..... ។ ខណៈពេលដែលវាហាក់ដូចជាមានភាពវិជ្ជមាន ក្នុងការស្តាប់លោកស្រី អ៊ុង សានស៊ូជី ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្ស នៅក្នុងរដ្ឋរ៉ាឃីន ក៏លោកស្រីនៅតែប្រងើយកន្ដើយចំពោះតួនាទីរបស់កងកម្លាំងសន្តិសុខ នៅក្នុងយុទ្ធនាការបោសសម្អាតជនជាតិភាគតិច តាមរយៈការសម្លាប់ និងការជម្លៀសប្រជាជន ដោយបង្ខំរបស់ពួករ៉ូហ៊ីងយ៉ា”។

“ការអះអាងរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលថា រដ្ឋាភិបាលរបស់លោកស្រី "មិនភ័យខ្លាចការឃ្លាំមើលពីអន្ដរជាតិនោះ" គឺជារឿងមិនពិតនោះទេ។ ប្រទេសមីយ៉ាន់ម៉ា បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនសហការជាមួយបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដែលបានបង្កើតឡើង កាលពីដើមឆ្នាំនេះ នោះទេ។ ប្រសិនបើមីយ៉ាន់ម៉ាគ្មានអ្វីលាក់បាំងទេនោះ រដ្ឋាភិបាល គួរតែអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិចូលទៅក្នុងប្រទេសនេះ រួមទាំងរដ្ឋរ៉ាឃីនផងដែរ។ រដ្ឋាភិបាលក៏ត្រូវផ្តល់សិទ្ធិបន្ទាន់ដល់អអង្គការមនុស្សធម៌ឱ្យបានពេញលេញ និងអនុញ្ញាតឱ្យចូលទៅដល់ដោយគ្មានការរារាំងគ្រប់តំបន់ទាំងអស់ និងប្រជាជន ដែលត្រូវការជំនួយ នៅក្នុងតំបន់។ យុទ្ធនាការឃោសនាហិង្សានិងការរំលោភសិទ្ធិមនុស្សរបស់យោធា នៅរដ្ឋរ៉ាឃីន ត្រូវតែបញ្ចប់ជាបន្ទាន់។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការថ្លែងរបស់លោកស្រី ស៊ូជី និងគោលបំណងរបស់មីយ៉ាន់ម៉ា ក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការផ្តល់យោបល់ សម្រាប់រដ្ឋរ៉ាឃីន ដែលត្រូវបានដឹកនាំដោយលោក កូហ្វី អាណាន់ ក្នុងរយៈពេលដ៏ខ្លីបំផុត។ ប៉ុន្តែលោក Guterres ក៏បានសង្កត់ធ្ងន់ផងដែរពីតម្រូវការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news