CamNews

ព័ត៌មានអន្តរជាតិ 

ឧត្តមស្នងការសិទ្ធិមនុស្ស UN រិះគន់ចំណាត់ការសម្អាតជនជាតិដើមភាគតិចរបស់មីយ៉ាន់ម៉ា

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad Al Hussein បានហៅស្ថានភាពនៅភូមាថា ជា "ចំណារចារវត្ដរ៍នៃការសម្អាតជនជាតិដើមភាគតិច"។ លោកបាននិយាយដូច្នេះ នៅឯពិធីបើកកិច្ចប្រជុំលើកទី ៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់ខ្លួន លោក Zeid បានលើកឡើងអំពីកង្វះខាតនូវគោលនយោបាយសិទ្ធិមនុស្ស ការសម្ដែងមតិមិនសព្វជ្រុងជ្រោយរបស់សហភាពអឺរ៉ុបលើបញ្ហាសិទ្ធិមនុស្សសកលលោក ជាពិសេស គឺបញ្ហាសិទ្ធិមនុស្ស ដែលបានរាយការណ៍ នៅក្នុងបណ្តាប្រទេសមួយចំនួន។

យោងតាមលោក Zeid នៅមីយ៉ាន់ម៉ា មានប្រតិបត្តិការឃោរឃៅមួយផ្សេងទៀត ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋរ៉ាក់ឃីន ដោយមិនខ្វល់ចំពោះច្បាប់អន្តរជាតិឡើយ។ កងកម្លាំងតែមួយ និងកងជីវពលមូលដ្ឋាន កំពុងដុតកម្ទេចភូមិរ៉ូហ៊ីងយ៉ាយ៉ាងសាហាវយង់ឃ្នង។ ក្នុងរយៈពេលមិនដល់បីសប្តាហ៍ផង ពលរដ្ឋប្រមាណជាង ២៧០.០០០ នាក់បានភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដេស។

ទោះជាយ៉ាងណា អាជ្ញាធរកំពុងដាក់បង្កប់គ្រាប់មីន នៅតាមព្រំដែន។ ប្រទេសឥណ្ឌា កំពុងអនុវត្តវិធានការដើម្បីនិរទេសជនជាតិរ៉ូហ៊ីងយ៉ាចេញពីប្រទេសរបស់ខ្លួន។ ប្រជាជនរ៉ូហ៊ីងយ៉ាប្រហែល ៤០.០០០ នាក់បានភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌា ដោយប្រជាជនតែ  ១៦.០០០ នាក់ប៉ុណ្ណោះ ដែលបានទទួលឯកសារជនភៀសខ្លួន។ ប្រទេសឥណ្ឌា ក៏បានជំទាស់ផងដែរទៅនឹងការចូលរួមជាមួយការិយាល័យសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ ហើយផ្ទុយទៅវិញ បានគាំទ្រដល់ការប្រព្រឹត្ដិអាក្រក់យង់ឃ្នងរបស់អាជ្ញាធរមីយ៉ាន់ម៉ា ចំពោះជនជាតិភាគតិចទៅវិញ។


លោក Zeid ក៏បានកត់សម្គាល់ផងដែរថា កាលពីខែមុន នៅវ៉េណេស៊ុយអេឡា មានរបាយការណ៏មួយអំពីកងកម្លាំងសន្ដិសុខ ដោយបានប្រើកម្លាំងហួសប្រមាណប្រឆាំងនឹងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល។ នៅក្នុងប្រទេសតួកគី កិច្ចខិតខំប្រឹងប្រែងផ្នែកសិទ្ធិមនុស្ស កំពុងតែមានសភាពយ៉ាប់យ៉ឺន ដោយសារសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន ត្រូវបានរឹតត្បិត។
លោក Zeid ក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីសេចក្ដីសម្រេចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់គោលនយោបាយអន្ដោប្រវេសន៍របស់អាមេរិក (DACA) ដោយលោក បានបញ្ជាក់ថា គោលនយោបាយនេះ មានផលវិជ្ជមានចំពោះជនចំណាកស្រុកវ័យក្មេង ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news