CamNews

តារា 

ពេជ្រ ថាវរ៉ា បដិសេធ រឿងមានផ្ទៃពោះ ជិតគ្រប់ខែ

ភ្នំពេញ៖ តារាសម្តែងស្រី មានឈ្មោះល្បីគួរសម ដែលតែងជួបនូវរឿងរ៉ាវបរាជ័យស្នេហាផ្ទួនគ្នា កញ្ញា ពេជ្រ ថាវរ៉ា កាលពីថ្មីៗកន្លងមកនេះ បានបង្កការភ្ញាក់ផ្អើលខ្លាំងដល់មហាជនខណៈដែលរូបថតមានផ្ទៃពោះជិតគ្រប់ខែរបស់នាងត្រូវបានយកទៅបង្ហោះចែកចាយបន្តជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករហូតធ្វើឲ្យទស្សនិកជនកើតជាក្តីចម្ងល់ ស្ទើរគ្រប់គ្នា។

តាមរយៈការបែកធ្លាយរូបថត បង្ហាញពីទិដ្ឋភាពនៃការមាន ផ្ទៃពោះជិតគ្រប់ខែឆ្លងទន្លេ របស់តារាអភ័ព្វស្នេហ៍ កញ្ញា ពេជ្រ ថាវរ៉ា ពេលនេះ គឺស្របគ្នា នឹងដំណឹងលេចឮថា បច្ចុប្បន្ននាងកំពុងសម្ងំ លាក់ខ្លួន មានកូនស្ងាត់ៗ។ប៉ុន្តែក៏មានសំណួរចោទសួរថា តើអាចទៅរួចទេ បើនាងមិនទាន់រៀបការឬបង្ហាញមុខស្វាមីផ្លូវការណាមួយផង ហេតុអ្វីនៅសុខៗមានកូន បែបនេះទៅវិញ ? នេះជារឿងកាន់តែចម្លែកថែមទៀត ព្រោះកន្លងទៅមានតារាសម្តែង នាង ឆយី និង សេង សូណា ដែលប្រកាសមានកូនអត់ប្តី តែឥឡូវស្រាប់តែធ្លាក់មកលើ ពេជ្រ ថាវរ៉ា មួយទៀតនោះ។

ពិតណាស់នេះ ជារឿងដ៏គួរឲ្យចម្លែកខ្លាំង ខណៈដែលនៅសុខៗ ស្រាប់តែមានតារាសម្តែងស្រី របស់ខ្មែរ៣ដួង ផ្ទុះដំណឹង មានកូនដោយគ្មានប្តីបែបនេះ។ ជាក់ស្តែងដូចជា កញ្ញាពេជ្រ ថាវរ៉ា នាពេលនេះអ៊ីចឹងដោយសាកន្លងទៅនាងមិន ដែលធ្លាប់ឆ្លងកាត់ អាពាហ៍ពិពាហ៍ក្រាបក្បាល ដល់កន្ទេលបង្ហាញឲ្យមហាជនដឹងសាធារណៈផង តែបែរជា មានផ្ទៃពោះយ៉ាង រហ័សបែបនេះ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥នេះកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយបញ្ជាក់ថា «ពិតណាស់រូបថតនេះ គឺជាខ្ញុំមែន។ ប៉ុន្តែសម្រាប់ការមានផ្ទៃពោះ ជិតគ្រប់ខែនោះ វាគ្រាន់តែរឿង យល់ច្រឡំប៉ុណ្ណោះ គឺពុំមែនជាការពិត ដូចដែលមាហាជន បានឃើញឡើយ..»។

កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយថា ចំពោះរូបថតបង្ហាញឲ្យឃើញថា «ខ្ញុំកំពុងពពោះជិតគ្រប់ខែនេះ គឺអត់មែនជាការពិតទេ ព្រោះរូបនេះ ជាការថតសម្តែង កាលពីប៉ុន្មានឆ្នាំកន្លង មកដែលខ្ញុំទើបយក វាទៅបង្ហោះលេងនៅលើហ្វេសប៊ុក។ ខ្ញុំមានកូនជាមួយនរណា បើគ្មានប្រុសណា គេស្រលាញ់ស្មោះឬចង់រៀបការ ជាមួយផងនោះ។ ចំណែកដំណឹងថា ខ្ញុំកំពុងលាក់ខ្លួន សម្ងំមានផ្ទៃពោះជិតគ្រប់ខែនោះ ក៏មិនមែនការពិតដែរ..»។

តារាសម្តែងកញ្ញា ពេជ្រ ថាវរ៉ា បានបន្ថែមថា «ជាថ្មីម្តងទៀត ខ្ញុំសូមកុំឲ្យមានការយល់ច្រឡំ ចំពោះរូបថតមានផ្ទៃពោះ និង ពាក្យចចាមរ៉ាម ដែលថាខ្ញុំមានកូនអត់ប្តីនេះអី ព្រោះអ្វីដែលកំពុងកើតឡើងនេះ វាគ្រាន់តែជាឈុតឆាក សម្តែងតែប៉ុណ្ណោះ ពោលគឺគ្មានរឿងបែបនេះ កើតឡើងមកលើខ្ញុំឡើយ..»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh